អ្នកឃ្លាំមើលសង្គម លើកឡើងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ឆ្លៀតឱកាសប្រើមូលនិធិទូរទស្សន៍ ស៊ីធីអិន (CTN) របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីបន្លប់ព្រឹត្តិការណ៍ដែលគាត់ប្រកាសដកកងទ័ពចេញពីទីតាំងផ្ទុះអាវុធនៅតំបន់មុំបី។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ មិថុនា នេះថា ការប្រកាសធ្វើមូលនិធិជួយកងទ័ពដែលកំពុងឈរជើងនៅតំបន់ព្រំដែន គឺជារឿងត្រឹមត្រូវសម្រាប់ទ្រទ្រង់ជីវភាពយុទ្ធជនខ្មែរជួរមុខ ប្រសិនបើមូលនិធិធ្វើឡើងក្នុងចំណោមក្រុមឧកញ៉ា និងមហាសេដ្ឋី ជាពិសេសសែស្រឡាយ សាច់ញាតិ និងបក្សពួកត្រកូលហ៊ុន។
លោកបន្តថា ផ្ទុយទៅវិញ បើមូលនិធិនេះប្រើរូបភាពគាបសង្កត់ណាមួយដោយប្រយោលដែលតម្រូវឱ្យមន្ត្រីរាជការ ឬពលរដ្ឋ ត្រូវតែចូលរួមដូចមូលនិធិគន្ធបុប្ផា ដែលកំណត់ឱ្យគ្រូបង្រៀនបង់ថវិកាក្នុងម្នាក់ ១ម៉ឺនរៀលនៅទូទាំងប្រទេស ដែលប្រកាសដោយភរិយាលោក ហ៊ុន ម៉ាណែត នោះ គឺមានន័យស្មើនឹងរដ្ឋាភិបាលកំពុងធ្វើបាបពលរដ្ឋខ្លួនឯងតែប៉ុណ្ណោះ។
លោក ម៉ែន ណាត លើកឡើងថា តាមពិត ការទ្រទ្រង់ជីវភាពកងទ័ពនៅសមរភូមិ និងកងទ័ពប្រចាំការតាមទីតាំងនីមួយៗនៅទូទាំងប្រទេស គឺជាមុខនាទីរដ្ឋាភិបាល ជាពិសេសក្រសួងការពារជាតិ។ ផ្ទុយទៅវិញ ការបង្កើតមូលនិធិរៃអង្គាសលុយដដែលៗ គឺបង្ហាញពីកម្សោយនៃការដឹកនាំនៃរដ្ឋាភិបាលទាំងស្រុង។
អ្នកឃ្លាំមើលសង្គមរូបនេះអះអាងថា ការបង្កើតមូលនិធិនេះមិនមែនមានន័យថា ខ្មែរចេញសាមគ្គីគ្នាទេ ប៉ុន្តែបង្ហាញពីស្ថាប័នការពារជាតិខ្មែរគ្មានសមត្ថភាពធានាបំពេញសេចក្តីត្រូវការរបស់កងកម្លាំងការពារជាតិឱ្យបានពេញលេញតាមស្ថានភាពជាក់ស្តែងតែប៉ុណ្ណោះ។
កាលពីថ្ងៃទី១១ ខែមិថុនា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា មូលនិធិ ស៊ីធីអិន ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ បានចាប់ផ្តើមផ្សាយផ្ទាល់តាមទូរទស្សន៍ CTN ហើយ ដែលផ្ដួចផ្ដើមឡើងដោយអ្នកឧកញ៉ា គិត ម៉េង។
លោក ហ៊ុន សែន លើកឡើងថា ការផ្ដួចផ្ដើមមូលនិធិនេះ គឺជាខឿនការពារជាតិដោយប្រជាជនដ៏រឹងមាំនៃប្រទេសកម្ពុជា ព្រោះការតស៊ូប្រឆាំងការឈ្លានពានពីថៃ តាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់ ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។ រូបលោក និងភរិយា ក៏បានចូលរួមមូលនិធិនេះចំនួន ៣០០លានរៀលក្នុងដំណាក់កាលដំបូងនេះដែរ។
ជុំវិញបញ្ហានេះ គេសង្កេតឃើញថា ពេលប្រទេសជាតិមានបញ្ហាចាំបាច់បន្ទាន់ចំពោះមុខ រដ្ឋាភិបាលតែងប្រកាសបង្កើតមូលនិធិរៃអង្គាសថវិកាពីប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ជាក់ស្តែង ពេលដែលរដ្ឋាភិបាលដាក់ផែនការធ្វើផ្លូវក្រវាត់ព្រំដែនក្នុងខេត្តនៅភូមិភាគឦសាន លោក ហ៊ុន ម៉ាណែត បានផ្ដួចផ្ដើមមូលនិធិរៃអង្គាសលុយពីប្រជាពលរដ្ឋកាលពីចុងឆ្នាំ២០២៤ កន្លងទៅដែរ។
ក្រៅពីនេះទៀត ជំទាវ ពេជ ចន្ទមុន្នី ភរិយាលោក ហ៊ុន ម៉ាណែត ក៏បានផ្ដួចផ្ដើមមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផាមួយផ្សេងទៀតដែរកាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ នេះ ដែលគេហៅថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប៉ុន្តែមូលនិធិនេះទំនងជាមិនមានការគាំទ្រទេ ព្រោះមូលនិធិរៃអង្គាសត្រូវបានបង្កើតឡើងញឹកញាប់ពេក។
សាធារណជនធ្លាប់តែឃើញថា ការរៃអង្គាសបច្ច័យជាអំណោយស្ម័គ្រចិត្ត គេធ្វើឡើងសម្រាប់តែប្រើប្រាស់ក្នុងកាលៈទេសៈពលរដ្ឋរងគ្រោះពីមហន្តរាយធម្មជាតិ ដូចជាខ្យល់ព្យុះសង្ឃរា រញ្ជួយព្រះធរណី ទឹកជំនន់ រាំងស្ងួត អគ្គិភ័យ អាសន្នរោគ ឬជំងឺឆ្លងរាតត្បាតផ្សេងៗ ដែលជនរងគ្រោះខូចខាតបាត់បង់ជីវិត និងទ្រព្យសម្បត្តិ។ បើពុំនោះទេ គេច្រើនតែធ្វើបុណ្យផ្កាសាមគ្គី។ គេមិនដែលឃើញប្រទេសណាមានមេដឹកនាំឡើងអំពាវនាវសុំឲ្យពលរដ្ឋបរិច្ចាគទានទៅជួយកងទ័ពតាមរយៈមូលនិធិអ្នកនយោបាយបង្កើតនោះឡើយ បើពលរដ្ឋចង់ផ្តល់អំណោយមនុស្សធម៌ស្ម័គ្រចិត្ត គេធ្វើដោយខ្លួនឯងក្នុងន័យធ្វើទាន សន្សំបុណ្យកុសល។
តើទង្វើអ៊ីចឹង បង្ហាញសាធារណជនឲ្យឃើញដូចម្តេច ពីព្រោះទាហានតាមភូមិភាគឆ្ងាយៗខ្លះ ពោលដោយមិនចេញសំឡេង មិនចេញឈ្មោះថា «ពេលខ្លះមិនបានបើកប្រាក់ខែពីរខែ បីខែក៏មាន»៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

