អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លើកឡើងថា សារសំឡេងឆ្លើយឆ្លងរវាងនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន គឺជាការស្នើសុំជំនួយពីមេដឹកនាំកម្ពុជា ក្នុងការសម្រួលបញ្ហាព្រំដែន ព្រោះខ្លាចក្រុមយោធាថៃ ធ្វើរដ្ឋប្រហារទម្លាក់ខ្លួនពីអំណាច។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ មិថុនា នេះថា ក្នុងសារសំឡេងនេះក៏បង្ហាញឱ្យឃើញពីចេតនាល្អរបស់លោក ហ៊ុន សែន ដែលមិនចង់ឱ្យនាយករដ្ឋមន្ត្រីថៃ មានការលំបាកដែលបង្កឡើងដោយក្រុមយោធាថៃ ជុំវិញបញ្ហាព្រំដែននេះដែរ ព្រោះអ្វីដែលគាត់ចង់បាន គឺការស្រុះស្រួលគ្នារវាងប្រទេសទាំងពីរ។
លោក ម៉ែន ណាត អះអាងថា លោកមិនស្នើឱ្យលោក ហ៊ុន សែន លូកដៃដោះស្រាយ ឬជួយសម្រួលបញ្ហាផ្ទៃក្នុងរបស់ប្រទេសថៃ នោះទេ ប៉ុន្តែលោកស្នើឱ្យគាត់ជួយសម្រួលស្ថានភាពផ្លូវចិត្ត និងការរស់នៅរបស់ពលរដ្ឋខ្មែរវិញ ទាំងពលរដ្ឋដែលកំពុងធ្វើការ និងប្រកបអាជីវកម្មក្នុងប្រទេសថៃ និងស្ថានភាពពលរដ្ឋខ្មែរទូទាំងប្រទេសនាពេលនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ មិនគួរបង្កជាបញ្ហាដល់ពលរដ្ឋនៃប្រទេសទាំងពីរដូចដែលក្រុមយោធាថៃ បំផ្ទុះឡើងនោះទេ ព្រោះជម្លោះនេះគឺត្រូវដោះស្រាយតាមយន្តការច្បាប់នៅតុលាការ ស្របពេលដែលកម្ពុជាបានលើកយករឿងនេះទៅដោះស្រាយនៅតុលាការអន្តរជាតិទៅហើយនោះ។
សារសំឡេងដែលមានប្រវែងជាង ៩នាទី ត្រូវបានគេទម្លាយលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១៨ មិថុនា ជុំវិញការឆ្លើយឆ្លងរវាងលោក ហ៊ុន សែន ជាមួយអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ អំពីបញ្ហាព្រំដែននៃប្រទេសទាំងពីរ។
ក្នុងសារសំឡេងនោះ នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានស្នើឱ្យលោក ហ៊ុន សែន កុំស្តាប់សម្ដីមេបញ្ជាការកងទ័ពប្រចាំនៅភូមិភាគទី២ របស់ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ក្រោមហេតុផលថា មេបញ្ជាការថៃ រូបនេះ ក៏ជាសត្រូវរបស់រដ្ឋាភិបាលថៃ ដែរ។
អ្នកស្រី ផែថងថាន ក៏បានអង្វរសុំឱ្យលោក ហ៊ុន សែន ជួយសម្រួលបញ្ហាព្រំដែនដល់រដ្ឋាភិបាលថៃ ផងដែរ ដោយគ្រាន់តែធ្វើការចរចាដើម្បីបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឡើងវិញ ព្រោះបញ្ហាព្រំដែនកាន់តែឡើងកម្ដៅនាពេលនេះ បានធ្វើឲ្យពលរដ្ឋថៃ បណ្តេញអ្នកស្រីឱ្យទៅធ្វើជានាយករដ្ឋមន្ត្រីនៅកម្ពុជាថែមទៀត។
យ៉ាងណាក៏ដោយ ក្នុងសារសំឡេងនោះ លោក ហ៊ុន សែន បានសន្យាជាមួយនាយករដ្ឋមន្ត្រីថៃ ថា លោកនឹងកាត់ក្បាលខ្លួនឯងគ្រវាត់ចោល បើក្នុងរយៈពេល ៥ម៉ោង រដ្ឋាភិបាលកម្ពុជាមិនបើកច្រកព្រំដែនឡើងវិញ ក្រោយភាគីថៃ ត្រូវបើកច្រកព្រំដែនដែលពួកគេបានបិទកាលពីពេលកន្លងទៅ។
ជុំវិញបញ្ហានេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ មិថុនា ថា លោកពិតជាបានសន្ទនាតាមទូរសព្ទជាមួយអ្នកស្រី ផែថងថាន មែនកាលពីថ្ងៃទី១៥ មិថុនា ដែលមានរយៈពេល ១៧នាទី និង ៦វិនាទី ហើយជាទម្លាប់ ដើម្បីកុំឱ្យមានការបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសំឡេងដើម្បីជាតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។
លោក ហ៊ុន សែន អះអាងថា ប្រហែលអាចមាននរណាម្នាក់ទម្លាយសារសំឡេងនេះមកខាងក្រៅ ក្រោយនាយករដ្ឋមន្ត្រីថៃ ចោទមេដឹកនាំកម្ពុជាថាធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ព្រោះសារសំឡេងនេះលោកក៏បានផ្ញើឱ្យមន្ត្រីជាន់ខ្ពស់ប្រមាណជា ៨០នាក់ដែរ ដើម្បីទុកជាភស្តុតាង។
ជុំវិញបញ្ហានេះ សារព័ត៌មាន ខៅស៊ុត (Khaosod) បានចុះផ្សាយនៅថ្ងៃទី១៨ មិថុនា នេះថា នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានថ្កោលទោសលោក ហ៊ុន សែន ដែលបានបញ្ចេញសារសំឡេងសន្ទនានេះ ខណៈការសន្ទនានេះគឺជាការនិយាយគ្នាជាលក្ខណៈឯកជនប៉ុណ្ណោះ។
អ្នកស្រី ផែថងថាន ចោទថាការទម្លាយសារសំឡេងនេះ គឺជាចេតនាប៉ុនប៉ងញុះញង់ឱ្យមានការបែកបាក់រវាងរដ្ឋាភិបាលថៃ និងក្រុមយោធាថៃ ហើយថាលោក ហ៊ុន សែន ក៏កំពុងស្វែងរកប្រជាប្រិយភាពឲ្យរដ្ឋាភិបាលដែលកំពុងដឹកនាំដោយលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់គាត់ដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

