25.8 C
Phnom Penh

អ្នក​នាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា​ជំរុញ​ឱ្យ​ថៃ​ប្តឹង​លោក ហ៊ុន សែន ទៅ​តុលាការ​អន្តរជាតិ កុំ​គ្រាន់តែ​ប្ដឹង​នៅ​ក្នុង​ស្រុក​ថៃ​រឿង​បែកធ្លាយ​សំឡេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា លោក ជា ធីរិទ្ធ ជំរុញ​ឲ្យ​ភាគី​ថៃ គួរ​ប្តឹង​លោក ហ៊ុន សែន ទៅ​កាន់​តុលាការ​អន្តរជាតិ ករណី​ដែល​ថៃ មិន​សុខចិត្ត​នឹង​ការ​បញ្ចេញ​សំឡេង​សន្ទនា​រវាង​ប្រធាន​គណបក្ស​កាន់​អំណាច ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បន្ទាប់ពី​ជំនួយការ​នាយករដ្ឋមន្ត្រី​ថៃ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​នាយកដ្ឋាន​សន្តិសុខ​ជាតិ​ថៃ។

អ្នក​នាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា លោក ជា ធីរិទ្ធ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ភាគី​ថៃ គួរ​ប្តឹង​លោក ហ៊ុន សែន ទៅ​តុលាការ​អន្តរជាតិ កុំ​គ្រាន់តែ​បញ្ចេញ​សំឡេង​ឲ្យ​តែ​មាន​ការ​ចាប់អារម្មណ៍។ លោក​ថា ភាគី​ថៃ នឹង​មិន​ហ៊ាន​ប្តឹង​លោក ហ៊ុន សែន ទៅ​តុលាការ​អន្តរជាតិ​នោះ​ទេ ពីព្រោះ​ភាគី​ថៃ តែងតែ​ខ្លាច​ច្បាប់​អន្តរជាតិ។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន បាងកក​ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា លោក Somkid Chueakong ជំនួយការ​នាយករដ្ឋមន្ត្រី​ថៃ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​នាយកដ្ឋាន​សន្តិសុខ​ជាតិ​ថៃ ដោយ​ចោទប្រកាន់​លោក ហ៊ុន សែន ពី​បទ​គំរាមកំហែង​សន្តិសុខ​ជាតិ​ថៃ។

សារព័ត៌មាន​ខាង​លើ​បាន​សរសេរ​ថា បណ្តឹង​នេះ​ធ្វើឡើង​ក្រោយពី​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​បញ្ចេញ​សំឡេង​សន្ទនា​តាម​ទូរសព្ទ​ជា​លក្ខណៈ​ឯកជន​រវាង​មេដឹកនាំ​កម្ពុជា និង​ថៃ កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា ហើយ​ដែល​ថៃ អះអាង​ថា ការ​បែកធ្លាយ​សំឡេង​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ខឹងសម្បា និង​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ។

ទាក់ទិន​ទៅ​នឹង​ករណី​នេះ គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើពុករលួយ​ថៃ ក៏​ចាប់ផ្តើម​ស៊ើបអង្កេត​ទៅ​លើ​ក្រមសីលធម៌​របស់​នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត់ ទាក់ទង​នឹង​ការ​ហៅ​ទូរសព្ទ​ទៅ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា និង​ដែល​ត្រូវ​បាន​បែកធ្លាយ​កិច្ច​សន្ទនា​នៅ​ថ្ងៃទី​១៨ ខែ​មិថុនា។

កាលពី​ថ្ងៃទី​២២ មិថុនា ក្រសួង​ការបរទេស​កម្ពុជា ក៏​បាន​ផ្ញើ​កំណត់​ការទូត​ទៅ​ភាគី​ថៃ ដើម្បី​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង ដោយ​អះអាង​ថា ការ​ថត​សំឡេង​ទុក គឺជា​ការ​អនុវត្ត​ទៅ​តាម​ស្តង់ដា និង​ការ​ទទួលស្គាល់​ជា​អន្តរជាតិ ដែល​រដ្ឋ​នានា​ត្រូវ​ចងក្រង​ឯកសារ​ស្ដីពី​កិច្ចពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​ជាតិ ជាពិសេស​នៅ​ពេល​ប្រាស្រ័យ​ទាក់ទង​ពាក់ព័ន្ធ​នឹង​កិច្ច​ការទូត សន្តិសុខ​ជាតិ ឬ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស