27.4 C
Phnom Penh

អ៊ុយក្រែន​ចាប់ផ្តើម​វិនិយោគ​លើ​ឧស្សាហកម្ម​ការពារ​ជាតិ​របស់​ខ្លួន​ក្នុង​ទំហំ ៤៣​ពាន់​ពាន់​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ៊ុយក្រែន ទទួល​បាន​ថវិកា​ប្រមាណ ៤៣​ពាន់​លាន​ដុល្លារ​សម្រាប់​ឧស្សាហកម្ម​ការពារ​ជាតិ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២៥ នេះ ដែល​បាន​មកពី​ការ​ផ្តល់​មូលនិធិ​ក្នុង​ស្រុក និង​ជំនួយ​ពី​សម្ព័ន្ធមិត្ត។

លោក វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បាន​និយាយ​ថា ថវិកា​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើន​ការ​ផលិត និង​ការ​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក កាំភ្លើងធំ និង​អាវុធ​ផ្សេងៗ​ទៀត។

ទីក្រុង​គៀវ (Kyiv) ក៏​បាន​បើក​ដំណើរការ​កម្មវិធី Build with Ukraine ដោយ​បាន​ប្រកាស​កិច្ចព្រមព្រៀង​ថ្មី​ដែល​ត្រូវ​ចុះហត្ថលេខា​នៅ​រដូវ​ក្តៅ​នេះ​ជាមួយ​ក្រុមហ៊ុន​ផលិត​អាវុធ​ពី​ប្រទេស​អាល្លឺម៉ង់ និង​ក្រុមហ៊ុន​ខ្លះ​មកពី​សហរដ្ឋ​អាមេរិក រួម​ទាំង​ការ​សហការ​ផលិតកម្ម​អាវុធ​នៅ​តាម​បណ្តា​ប្រទេស​អឺរ៉ុប ផង​ដែរ។

លោក ហ្សេឡេនស្គី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​គៀវ កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ថា អ៊ុយក្រែន នឹង​ផលិត​អាវុធ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែល​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន ក៏​ជួយ​ក្នុង​គោលដៅ​ពង្រឹង​វិស័យ​ការពារ​ជាតិ​របស់​អ៊ុយក្រែន ហើយ​សម្ព័ន្ធមិត្ត​បាន​ចូលរួម​ជួយ​ផលិត និង​អភិវឌ្ឍ​យន្តហោះ​គ្មាន​មនុស្ស​បើក គ្រាប់​មីស៊ីល និង​កាំភ្លើងធំ ដែល​ជា​គោលដៅ​រួម​គ្នា​ប្រឆាំង​នឹង​ការ​វាយប្រហារ​របស់​រុស្ស៊ី មក​លើ​អ៊ុយក្រែន។

អ៊ុយក្រែន កំពុង​ស្វែងរក​ការ​អភិវឌ្ឍ​សមត្ថភាព​យោធា​ក្នុង​ស្រុក​របស់​ខ្លួន ខណៈ​ដែល​ខ្លួន​ព្យាយាម​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី រហូត​មក​ដល់​ឆ្នាំ​ទី​បួន​នៃ​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ តែ​ជាមួយ​គ្នា​នេះ អ៊ុយក្រែន ក៏​ចាប់ផ្ដើម​បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​យោធា​ពី​សម្ព័ន្ធមិត្ត ជាពិសេស​ពី​សហរដ្ឋ​អាមេរិក។

យ៉ាងណាក៏ដោយ លោក ហ្សេឡេនស្គី និយាយ​ថា វា​ជា​អាទិភាព​របស់​អ៊ុយក្រែន ក្នុង​ការ​ទាមទារ​ឱ្យ​សហរដ្ឋ​អាមេរិក​នៅ​បន្ត​រក្សា​ការ​គាំទ្រ​ចំពោះ​អ៊ុយក្រែន ខណៈ​ដែល​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន បាន​បង្ហាញ​ថា ពួកគេ​នឹង​ឈរ​នៅ​ជាមួយ​អ៊ុយក្រែន ក្នុង​ការ​ចំណាយ​ទាំងអស់​លើ​វិស័យ​ការពារ​ជាតិ។

ប៉ុន្តែ​លោក ហ្សេឡេនស្គី នៅតែ​បន្ត​លើកឡើង​ថា ស្ថានភាព​លំបាក​បំផុត​គឺ​គ្មាន​ការ​ចូលរួម​ពី​សហរដ្ឋ​អាមេរិក​នោះ​ទេ។ លោក ហ្សេឡេនស្គី ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណាតូ (NATO) នៅ​ឯ​ទីក្រុង​ឡាអេ កាលពី​ថ្ងៃទី​២៤-២៥ ខែ​មិថុនា លោក​ក៏​បាន​ជួប​នឹង​លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​ណាតូ​ជាច្រើន។

ក្នុង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ត្រាំ បាន​យល់ព្រម​លក់​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ទៅ​ឱ្យ​អ៊ុយក្រែន ដែល​នឹង​ធ្វើ​ឱ្យ​អ៊ុយក្រែន មាន​ភាព​លំនឹង​ឡើងវិញ ប្រសិនបើ​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ដឹក​ទៅ​ឱ្យ​អ៊ុយក្រែន បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ។

អ៊ុយក្រែន បាន​ស្នើ​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ពី​សហរដ្ឋ​អាមេរិក ចំនួន ១០​គ្រឿង ក្នុង​ទំហំ ១៥០០​លាន​ដុល្លារ។

បច្ចុប្បន្ន​នេះ អ៊ុយក្រែន មាន​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ដែល​ជា​ជំនួយ​របស់​រដ្ឋការ​លោក បៃដិន និង​ជំនួយ​របស់​អាល្លឺម៉ង់ ហុឡង់ដ៍ អ៊ីតាលី និង​រ៉ូម៉ានី មាន​ជិត ១០​គ្រឿង ប៉ុន្តែ​លោក ហ្សេឡេនស្គី អះអាង​ថា អ៊ុយក្រែន​ត្រូវការ​រហូត​ដល់​ទៅ ២០​គ្រឿង ទើប​អាច​គ្រប់គ្រាន់​ក្នុង​ការ​ដំឡើង​តាម​តំបន់​ជាច្រើន​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន។

អ៊ុយក្រែន បាន​បញ្ជាក់​ថា អ៊ុយក្រែន​បាន​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស UAVs ក្នុង​ការ​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ Shahed របស់​រុស្ស៊ី។

កងកម្លាំង​រុស្ស៊ី បន្ត​ទម្លាក់​គ្រាប់បែក​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន សឹងតែ​រាល់​ថ្ងៃ។ កាលពី​ថ្មីៗ​នេះ ទីក្រុង​មូស្គូ បាន​បាញ់​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក​ច្រើន​រយ​គ្រឿង និង​មីស៊ីល​ជាង ១០០​គ្រាប់ នៅ​ក្នុង​ស​រយៈពេល ២​សប្ដាហ៍​មក​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អគ្គសេនាធិការ​របស់​អ៊ុយក្រែន។

តំបន់ Poltava នៃ​ទឹកដី​អ៊ុយក្រែន ជា​ទីតាំង​នៃ​រោងចក្រ​ចម្រាញ់​ប្រេង​ដ៏​សំខាន់​មួយ ត្រូវ​បាន​កងកម្លាំង​រុស្ស៊ី កំណត់​គោលដៅ​វាយប្រហារ​ជា​ថ្មី​ម្តង​ទៀត។

រុស្ស៊ី ក៏​បន្ត​ដឹកជញ្ជូន​គ្រាប់បែក គ្រាប់រំសេវ និង​សព្វាវុធ​ផ្សេង​ទៀត​ទៅ​កាន់​សមរភូមិ​ជួរមុខ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ព្រមទាំង​នៅ​ភាគ​ឦសាន​នៃ​តំបន់ Sumy តំបន់ Kharkiv តំបន់ Dnipropetrovsk និង​តំបន់​ផ្សេង​ទៀត។

លោក ហ្សេឡេនស្គី បាន​អំពាវនាវ​ម្តង​ទៀត​ឱ្យ​បន្ថែម​ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ី ដូចជា​ការ​កំណត់​តម្លៃ​ប្រេង​របស់​រុស្ស៊ី ឱ្យ​ទាប​បំផុត ក៏ដូចជា​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន និង​ឧស្សាហកម្ម​ការពារ​ជាតិ​ដែល​សហការ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​រុស្ស៊ី។

លោក​បាន​និយាយ​ថា ក្រុមហ៊ុន​ការពារ​ជាតិ​ចំនួន​៣៩ របស់​រុស្ស៊ី បាន​ចូលរួម​ក្នុង​ការ​ផលិត​មីស៊ីល​ផ្លោង Oreshnik របស់​រុស្ស៊ី ដែល​ក្នុង​នោះ ២១​ក្រុមហ៊ុន​មិន​ត្រូវ​បាន​ទទួល​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។

តែ​នៅ​ខណៈ​នេះ សហភាព​អឺរ៉ុប និង​អង់គ្លេស បាន​បន្ថែម​ទណ្ឌកម្ម​លើ​តម្លៃ​ប្រេង​របស់​រុស្ស៊ី ឱ្យ​កាន់​តែ​ទាប គឺ​មិន​ដល់ ៥០​ដុល្លារ​ទេ​ក្នុង​ប្រេង​ឆៅ​មួយ​បារ៉ែល ២០០​លីត្រ ស្រប​ពេល​អឺរ៉ុប ដាក់​ទណ្ឌកម្ម​លើ​នាវា​ដឹក​ប្រេង​ជាង ២០០​គ្រឿង​ក្នុង​បញ្ជីខ្មៅ ដែល​ត្រូវ​តាម​ប្រមាញ់​រឹបអូស បើ​នាវា​ទាំងនោះ​សំដៅ​ទៅ​ដឹក​ប្រេង ឬ​ដឹក​ប្រេង​ចេញពី​ប្រទេស​រុស្ស៊ី៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស