35.2 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ទម្លាយ​អាថ៌កំបាំង​រវាង​លោក ហ៊ុន សែន និង​ត្រកូល​ស៊ីណាវ៉ាត់ ជា​កំហុស​ក្រមសីលធម៌​ការទូត​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បក្ស​ប្រឆាំង ចាត់ទុក​ថា​ការ​ទម្លាយ​អាថ៌កំបាំង​ទំនាក់ទំនង​រវាង​លោក ហ៊ុន សែន ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ ជាពិសេស​ត្រកូល​ស៊ីណាវ៉ាត់ ជា​កំហុស​ក្រមសីលធម៌​នយោបាយ​ការទូត​ធ្ងន់ធ្ងរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មេដឹកនាំ​ថៃ ជំនាន់​ក្រោយ រួម​ទាំង​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​ខ្លាចរអា​ក្នុង​ការ​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មិថុនា នេះ​ថា ទំនាស់​ជាមួយ​ថៃ អំពី​បញ្ហា​ព្រំដែន​ជា​រឿង​ងាយ​បំផុត គ្រាន់តែ​កម្ពុជា​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ គឺ​គ្រប់គ្រាន់​ហើយ មិន​ចាំបាច់​យក​រឿង​បុគ្គល​មក​ពាក់ព័ន្ធ​ក្នុង​ស្ថានការណ៍​នេះ​ឱ្យ​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ថៃ នោះ​ទេ។

លោក អ៊ុំ សំអាន លើកឡើង​ថា ការ​បង្ហាញ​ជំហរ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ​ខ្មែរ​ទៅ​កាន់​ប្រទេស​ថៃ នៅ​ពេលនេះ គឺជា​ការ​ឆ្លៀត​ឱកាស​កេង​ចំណេញ​ក្នុង​ពេល​ដែល​កម្ពុជា​មាន​ទំនាស់​ព្រំដែន​ជាមួយ​ថៃ ដើម្បី​ស្វែងរក​ប្រជាប្រិយភាព​ឱ្យ​លោក ហ៊ុន ម៉ាណែត ជាជាង​មាន​ចេតនា​ការពារ​ទឹកដី​ខ្មែរ​ពិតប្រាកដ។

លោក​បន្ថែម​ថា បើ​លោក ហ៊ុន សែន មាន​ចេតនា​ការពារ​ទឹកដី​ខ្មែរ​មែន គាត់​ក៏​ត្រូវ​ហ៊ាន​បំផុស​គំនិត​ជាតិ​និយម​ឱ្យ​ពលរដ្ឋ​ខ្មែរ​ងើប​ឡើង​តវ៉ា​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ទឹកដី​ពី​ប្រទេស​វៀតណាម ដែរ ប៉ុន្តែ​ផ្ទុយ​ពី​ការ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ថៃ គាត់​បែរជា​បំផុស​គំនិត​ឱ្យ​ពលរដ្ឋ​ខ្មែរ​អរគុណ​វៀតណាម ទៅវិញ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ស្នើ​ឱ្យ​លោក ហ៊ុន សែន កំណត់​សកម្មភាព​របស់​គាត់​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​ផល​ប្រយោជន៍ និង​មុខមាត់​របស់​ប្រទេស ជាជាង​ការ​ស្វែងរក​មុខមាត់​សម្រាប់​តែ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​គាត់ និង​ប្រយោជន៍​សម្រាប់​តែ​បក្ស​កាន់​អំណាច​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​ពេលនេះ។

លោក ហ៊ុន សែន ក្នុង​ពេល​ថ្មីៗ​នេះ គឺ​បាន​ទម្លាយ​អាថ៌កំបាំង​ទំនាក់ទំនង​ជាមួយ​ត្រកូល​ស៊ីណាវ៉ាត់ ខ្ទេចខ្ទី ក្រោយពី​មាន​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នា​ពេលនេះ។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ឆ្លើយតប​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ថៃ ជាពិសេស​ត្រកូល​ស៊ីណាវ៉ាត់ ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃទី​២៧ មិថុនា ថា រាប់​ជំនាន់​មក​ហើយ ថៃ​មិន​ដែល​ពឹង​កម្ពុជា​ទេ ប៉ុន្តែ​ជំនាន់​ដឹកនាំ​របស់​លោក ថៃ​បាន​មក​ពឹងពាក់​កម្ពុជា​ឱ្យ​ជួយ​ក្នុង​កិច្ចការ​នយោបាយ​របស់​ថៃ។

លោក ហ៊ុន សែន ទម្លាយ​ថា លោក​ធ្លាប់​បាន​ជួយ​ត្រកូល​ស៊ីណាវ៉ាត់ រួម​មាន​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ និង​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ផង​ដែរ ក្នុង​នោះ លោក ថាក់ស៊ីន ធ្លាប់​ត្រូវ​បាន​ទៅ​ជ្រកកោន​នៅ​ផ្ទះ​របស់​លោក ខណៈ​អ្នកស្រី យីងឡាក់ ក៏​ធ្លាប់​ត្រូវ​លោក​ជួយ​រំដោះ​ចេញពី​ទឹកដី​ថៃ ឆ្លងកាត់​តាម​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ទី​៣ ថែម​ទៀត។ បន្ថែម​ពី​នេះ លោក​ក៏​បាន​ផ្តល់​លិខិត​ឆ្លងដែន​សញ្ជាតិ​ខ្មែរ​ឱ្យ​អ្នកស្រី យីងឡាក់ ដើម្បី​ចាកចេញ​ទៅ​ប្រទេស​ទី​៣ ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មិថុនា នេះ​ថា ការ​ទម្លាយ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស និង​ប្រទេស មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មាន​ការ​រារែក​ចិត្ត​ក្នុង​ការ​កសាង​ទំនាក់ទំនង​ការទូត​សម្រាប់​មេដឹកនាំ​ថៃ ក្រោយៗ​ទៀត​នោះ​ទេ ថែមទាំង​ធ្វើ​ឱ្យ​មាន​ការ​រារែក​ចិត្ត​សម្រាប់​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​ជាមួយ​កម្ពុជា​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា គ្មាន​នរណា​នឹង​ស្មាន​ដល់​ទេ​ថា នៅ​ពីក្រោយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ មាន​រឿង​អាថ៌កំបាំង​រវាង​លោក ហ៊ុន សែន និង​ត្រកូល​ស៊ីណាវ៉ាត់ ច្រើន​ដល់​ម្ល៉ឹង ហើយ​ការ​ទម្លាយ​នូវ​អាថ៌កំបាំង​នេះ ក៏​នឹង​បង្ក​បញ្ហា​កាន់តែ​លំបាក​សម្រាប់​ប្រទេស​ទាំង​ពីរ​ដើម្បី​បញ្ចប់​ទំនាស់​នេះ​ទៅ​ថ្ងៃ​ក្រោយ​ផង​ដែរ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក ហ៊ីង សុខសាន្ត អះអាង​ថា ការ​ទម្លាយ​រឿង​ផ្ទាល់ខ្លួន​រវាង​លោក ហ៊ុន សែន និង​ត្រកូល​ស៊ីណាវ៉ាត់ វា​គ្មាន​ប្រយោជន៍​អ្វី​សោះ​សម្រាប់​ជាតិ។ ផ្ទុយទៅវិញ វា​ធ្វើ​ឲ្យ​ជាតិ​ខ្មែរ​អាប់ឱន​កិត្តិយស​ប៉ុណ្ណោះ។

លោក ហ៊ីង សុខសាន្ត បញ្ជាក់​ថា ទង្វើ​បែប​នេះ​គេ​នឹង​មើល​មក​កម្ពុជា​ក្នុង​រូបភាព​អវិជ្ជមាន​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​គឺ​សមាគមន៍​អាស៊ាន​តែម្តង ព្រោះ​វា​ជា​ទង្វើ​បំពាន​គោលការណ៍​អាស៊ាន គឺ​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​សមាជិក​ដទៃ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស