31.4 C
Phnom Penh

ផលវិបាក​នៃ​ការ​មិន​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ដែល​នឹង​បន្ត​វែង​អន្លាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ លើកឡើង​ថា ផលវិបាក​នៃ​ការ​មិន​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​តំណាង​ប្រទេស​ទាំង ១៨ និង​អង្គការ​សហប្រជាជាតិ គឺជា​ដំណោះស្រាយ​រួម​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ដែល​នឹង​បន្ត​វែង​អន្លាយ​ទៅ​ថ្ងៃ​អនាគត។

ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១ ខែ​កក្កដា ថា បើ​ពិនិត្យ​ខ្លឹមសារ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គេ​នឹង​ឃើញ​ថា អ្នកនិពន្ធ​ឯកសារ​នេះ​គឺ​ដើម្បី​ឱ្យ​កម្ពុជា និង​តំបន់​ជុំវិញ​មាន​សន្តិភាព​ឋិតថេរ ព្រោះ​ឯកសារ​នេះ​បាន​បង្ហាញ​ពី​ផែនការ​សន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាព ដែល​ភាគី​កម្ពុជា និង​ភាគី​ហត្ថលេខី​ទាំងអស់ ត្រូវ​គោរព​តាម ដើម្បី​ធានា​ឱ្យ​មាន​សន្តិភាព​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​តំបន់​ទាំងមូល​ផង​ដែរ។

ក្រុមប្រឹក្សា ២៣ តុលា អះអាង​ថា ការ​ដែល​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ និង​នៅតែ​មាន​វិបត្តិ​ញាំញី​រហូត​មក​នោះ គ្មាន​អ្វី​ក្រៅពី​ការ​លូក​ដៃ​ពី​បរទេស​ជិតខាង​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ឡើយ។

ប្រភព​ដដែល​អះអាង​ថា ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម បាន​បន្ត​តាំងពី​ឆ្នាំ​១៩៧៩ ទោះ​ក្រោយ​មក កម្ពុជា​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ក៏ដោយ ក៏​ពួកគេ​នៅតែ​រក្សា​មូលដ្ឋាន​ទ័ព និង​កងទ័ព​នៅ​លើ​ទឹកដី​ខ្មែរ​ដដែល គ្រាន់តែ​ធ្វើឡើង​ក្នុង​រូបភាព​ផ្សេង​ប៉ុណ្ណោះ។

ចំណែក​មហាអំណាច​កុម្មុយនីស្ត​ចិន ដែល​ធ្លាប់​មាន​សម្ព័ន្ធភាព​ជាមួយ​កម្ពុជា តាំង​ពី​ដើម​មក ក៏​បាន​ប្រជែង​យក​ឥទ្ធិពល​ផ្ដាច់មុខ​នៅ​ប្រទេស​កម្ពុជា​ដែរ ដោយ​ពួកគេ​បាន​សម្រេច​យក​ប្រទេស​នេះ​ធ្វើ​ជា​ទីតាំង «ភូមិសាស្ត្រ​យុទ្ធសាស្ត្រ» ដើម្បី​ឈាន​ទៅ​សម្រេច​មហិច្ឆតា​គ្រប់គ្រង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃ​មុខ។

ជាក់ស្តែង នៅ​ពេល​ប្រទេស​កម្ពុជា​មាន​ទំនាស់​ព្រំដែន​ជាមួយ​ថៃ ចិន​បាន​ឆ្លៀត​ឱកាស​បង្ហាញ​សម្ភារៈ​យោធា​ថ្មីៗ ដូចជា មីស៊ីល​គ្រប់​ធុន យន្តហោះ​ប្រដេញ និង​នាវាចម្បាំង​តូច​ធំ ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ភាគី​ថៃ បង្ខំ​ចិត្ត​រាថយ​មិន​ហ៊ាន​ប្រកាស​សង្គ្រាម​ជាមួយ​កម្ពុជា​នោះ​ទេ។

ក្រុមប្រឹក្សា ២៣ តុលា ចោទ​ជា​សំណួរ​ថា នៅ​ពេល​ដែល​ត្រកូល​ហ៊ុន អំពាវនាវ​ឱ្យ​មាន​ការ​ឯកភាព​ជាតិ ក្នុង​ន័យ​ឱ្យ​បក្ស​ប្រឆាំង ក៏ដូចជា​ពលរដ្ឋ​ដែល​មាន​និន្នាការ​ផ្ទុយ ទៅ​គាំទ្រ ឬ​ក៏​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ក្នុង​ពេលនេះ តើ​វា​ជា​ការ​រួបរួម​ក្រោម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឬ​ក្រោម​គំនិត​នយោបាយ​របស់​ចៅហ្វាយ​បរទេស​ដែរ​ឬ​ទេ?

គិត​មក​ទល់​ពេលនេះ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​រយៈពេល ៣៤​ឆ្នាំ​ហើយ ប៉ុន្តែ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​បោះបង់​ចោល​ទាំងស្រុង ទោះ​មាន​ការ​អំពាវនាវ​ពី​ពលរដ្ឋ និង​អ្នក​នយោបាយ​ប្រឆាំង ឱ្យ​រដ្ឋាភិបាល​អនុវត្ត​នូវ​ខ្លឹមសារ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​នេះ​ក៏ដោយ។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន តែង​អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ អស់​ហើយ ដូច្នេះ​កិច្ចព្រមព្រៀង​នេះ​លែង​មាន​សុពលភាព​បន្ត​ទៀត​ហើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស