អ្នកឃ្លាំមើលចាត់ទុកការបង្កើតឱ្យមានច្បាប់ដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែររបស់រដ្ឋាភិបាលគណបក្សកាន់អំណាច គឺជាអំពើប្រល័យពូជសាសន៍ក្នុងសម័យទំនើប ព្រោះថាបើពលរដ្ឋខ្មែរណាម្នាក់អស់សញ្ជាតិខ្មែរពីកំណើតហើយនោះ គឺមិនស្មើនឹងមនុស្សស្លាប់ផង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ កក្កដា នេះថា ការបង្កើតច្បាប់ដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរខ្លួនឯង គឺជាការរំលាយជាតិសាសន៍ខ្មែរ។
លោកបន្តថា នៅក្នុងលោកនេះគ្មានប្រទេសណាអនុវត្តច្បាប់ទៅលើពលរដ្ឋមិនស្មើនឹងសត្វតិរច្ឆានបែបនេះទេ។
លោកបន្តទៀតថា សត្វតិរច្ឆានក៏ចេះថែរក្សាអម្បូររបស់វាដែរ ប៉ុន្តែនៅពេលដែលមនុស្សទទួលបានការអប់រំខ្ពង់ខ្ពស់ហើយ បែរជាមានចិត្តខ្មៅអន្យតិរ្ថិយលុបបំបាត់អម្បូរជាតិសាសន៍ខ្លួនឯងបែបនេះ គឺមិនស្មើនឹងសត្វតិរច្ឆានផង។
លោក ម៉ែន ណាត ព្រមានថា ជនជាតិវៀតណាម ដែលឈ្លានពានទឹកដីខ្មែរ ក្រោមរូបភាពផ្សេងៗ រួមទាំងបានចូលទៅរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ បែរជាត្រូវបានរដ្ឋាភិបាលត្រកូលហ៊ុនផ្តល់សញ្ជាតិខ្មែរ និងសង់ផ្ទះឲ្យនៅយ៉ាងសុខសាន្ត ខណៈពលរដ្ឋខ្មែរដែលមានសញ្ជាតិខ្មែរពីកំណើត បែរជាត្រូវបានលុបបំបាត់ចោលទៅវិញ។
អ្នកឃ្លាំមើលសង្គមរូបនេះអះអាងថា សូម្បីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏មិនបានកែច្បាប់ដកសញ្ជាតិខ្មែរពីលោក ហ៊ុន សែន ដែរ បើតាមការអះអាងរបស់គាត់ដែលថាបានក្បត់កងទ័ពខ្មែរក្រហមទៅហៅវៀតណាម ឱ្យទៅជួយផ្តួលរំលំរបប ប៉ុល ពត នោះ ដូច្នេះបើយោងតាមហេតុផលនេះ របបលោក ហ៊ុន សែន ជារបបខ្មៅងងឹតជាងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទៅទៀត។
លោក ម៉ែន ណាត បញ្ជាក់ថា ច្បាប់នេះប្រឆាំងទៅនឹងលក្ខខណ្ឌធម្មជាតិផង ប្រឆាំងនឹងច្បាប់អន្តរជាតិផង ប្រឆាំងស្មារតីដើមរបស់រដ្ឋធម្មនុញ្ញផង ហើយក៏ប្រឆាំងនឹងកត្តាសត្យានុម័តរបស់សង្គមផង ព្រោះថានៅពេលដែលកម្ពុជាមានច្បាប់ដកសញ្ជាតិ គឺស្មើនឹងពលរដ្ឋខ្មែរមានសញ្ជាតិមិនពេញលេញពីកំណើត សូម្បីអ្នកតាក់តែងច្បាប់នេះក៏ក្លាយទៅជាជនជាតិដែលមានសញ្ជាតិមិនពេញលេញពីកំណើតដូចគ្នាដែរ។
នៅថ្ងៃទី២ ខែកក្កដា នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ក្នុងនោះ ក្រុមប្រឹក្សាធម្មនុញ្ញបានទូលថ្វាយព្រះមហាក្សត្រថា ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនេះ គឺអាចធ្វើទៅបាន។
ការប្រកាសធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរពីពលរដ្ឋខ្លួនឯងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ស្នើឱ្យក្រសួងយុត្តិធម៌ សិក្សាពីលទ្ធភាពក្នុងការកែប្រែច្បាប់ដើម្បីដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរណាដែលគប់គិតជាមួយថៃ ក្នុងពេលដែលកម្ពុជាកំពុងមានទំនាស់ព្រំដែននាពេលនេះ។
មាត្រា១៥ នៃសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស (UDHR) ចែងថា «មនុស្សគ្រប់រូបមានសិទ្ធិទទួលបានសញ្ជាតិ ហើយគ្មាននរណាម្នាក់ត្រូវដកហូតសញ្ជាតិតាមអំពើចិត្ត ឬបដិសេធសិទ្ធិផ្លាស់ប្ដូរសញ្ជាតិបានឡើយ» ខណៈមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ចែងថា ពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិជាដាច់ខាត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

