32.1 C
Phnom Penh

ចារកម្ម​អ៊ុយក្រែន អះអាង​ថា​ប្រទេស​ឡាវ នាំ​ទ័ព​ចូល​ជួយ​រុស្ស៊ី ដូច​នឹង​ប្រទេស​កូរ៉េខាងជើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​នៃ​ចារកម្ម​យោធា​អ៊ុយក្រែន រាយការណ៍​ថា ប្រទេស​ឡាវ កំពុង​រៀបចំ​បញ្ជូន​ជួយ​កងទ័ព​រុស្ស៊ី ក្នុង​សង្គ្រាម​របស់​រុស្ស៊ី ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ក្រោម​ហេតុផល​ថា​ជា​ប្រតិបត្តិការ​ជួយ​បោស​សម្អាត​មីន​ឱ្យ​កងទ័ព​រុស្ស៊ី នៅ​តំបន់ Kursk នៃ​ដែនដី​ភាគ​ខាងលិច​នៃ​ប្រទេស​រុស្ស៊ី ដែល​ទ័ព​រុស្ស៊ី និង​ទ័ព​កូរ៉េខាងជើង ទើប​វាយ​យក​បាន​វិញ​ពី​ទ័ព​អ៊ុយក្រែន កាលពី​ចុង​ខែ​មេសា។

នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The Kyiv Independent កាលពី​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២៥។

បើ​តាម​ក្រុម​ចារកម្ម​នៃ​ប្រទេស​អ៊ុយក្រែន រុស្ស៊ី​កំពុង​រៀបចំ​ដាក់​ពង្រាយ​ក្រុម​វិស្វករ​យោធា​ឡាវ អាច​មាន ៥០​នាក់​ដើម្បី​ជួយ​ដល់​ប្រតិបត្តិការ​បោស​សម្អាត​មីន​នៅ​ក្នុង​តំបន់ Kursk ដែនដី​រុស្ស៊ី ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន ហើយ​ជាមួយ​គ្នា​នេះ ប្រទេស​ឡាវ ក៏​អាច​នឹង​បញ្ជូន​ទាហាន​ពេទ្យ​ទៅ​ជួយ​ព្យាបាល​ទាហាន​រុស្ស៊ី ដែល​រង​របួស​នៅ​ក្នុង​សមរភូមិ​ដែរ។

ក្រុម​ចារកម្ម​យោធា​អ៊ុយក្រែន បាន​ហៅ​បេសកកម្ម​កង​វិស្វកម្ម​យោធា និង​ទាហាន​ពេទ្យ​ឡាវ គឺជា​រូបភាព​ដែល​រុស្ស៊ី ក្លែង​បន្លំ​ជា​សកម្មភាព​មនុស្សធម៌ ធ្វើ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ថា​ជា​កម្លាំង​មនុស្សធម៌​បរទេស​ទៅ​ជួយ​រុស្ស៊ី តែ​ជា​ការពិត វត្តមាន​កងទ័ព​ឡាវ វា​មិន​ខុស​នឹង​វត្តមាន​ទ័ព​កូរ៉េខាងជើង ដែល​ទៅ​ជួយ​កងទ័ព​រុស្ស៊ី នោះ​ទេ។

ក្រុម​ចារកម្ម​យោធា​អ៊ុយក្រែន ពន្យល់​ទៀត​ថា ការ​ប្រើប្រាស់​កងកម្លាំង​ទ័ព​បរទេស​ក្លែង​ខ្លួន​ជា​បុគ្គលិក​ជំនួយ ជា​ការ​បញ្ជាក់​ថា វិមាន​ក្រឹមឡាំង កំពុង​កៀងគរ​ស្វែងរក​កម្លាំង​មកពី​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ដើម្បី​ជួយ​កងទ័ព​រុស្ស៊ី ទោះបីជា​វត្តមាន​ទ័ព​ឡាវ មាន​តិចតួច​ក៏ដោយ។

រដ្ឋាភិបាល​អ៊ុយក្រែន ចាត់ទុក​ថា​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចាប់ផ្ដើម​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែ​វត្តមាន​កងទ័ព​ប្រទេស​ឡាវ គឺជា​ជំហាន​ដ៏​គ្រោះថ្នាក់ ហើយ​អាច​លើក​ទឹកចិត្ត​ប្រទេស​ផ្សេង​ទៀត​ដែល​ចង់បាន​ផល​ប្រយោជន៍​ពី​រុស្ស៊ី ក៏​អាច​ចូល​ពាក់ព័ន្ធ​ជួយ​រុស្ស៊ី ដែរ។

យ៉ាងណា ទាំង​ក្រសួង​ការបរទេស​រុស្ស៊ី និង​ឡាវ មិន​ទាន់​ឃើញ​ប្រតិកម្ម​ចំពោះ​ការ​បញ្ចេញ​ព័ត៌មាន​របស់​ភ្នាក់ងារ​ចារកម្ម​យោធា​នៃ​ប្រទេស​អ៊ុយក្រែន ដែល​ថា​កងទ័ព​វិស្វកម្ម​នៃ​ប្រទេស​ឡាវ កំពុង​មាន​វត្តមាន​ជួយ​កងទ័ព​រុស្ស៊ី នៅឡើយ​ទេ។

ចំពោះ​វត្តមាន​ទ័ព​បរទេស​ដែល​ទៅ​ជួយ​កងទ័ព​រុស្ស៊ី មាន​តែ​ប្រទេស​កូរ៉េខាងជើង មួយ​ប៉ុណ្ណោះ​ដែល​ហ៊ាន​ចេញ​មុខ​ប្រកាស​ជា​ផ្លូវការ​ពី​វត្តមាន​ទ័ព​របស់​ខ្លួន​ពិត​ជា​បាន​បញ្ជូន​ទៅ​ជួយ​រុស្ស៊ី វាយ​លើ​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​ក្រុង​ព្យុងយ៉ាង ព្យាយាម​បិទ​បាំង​រយៈពេល ៥​ខែ។

បើ​តាម​របាយការណ៍​ចារកម្ម​នៃ​ប្រទេស​កូរ៉េខាងត្បូង កូរ៉េខាងជើង​គ្រោង​នឹង​ដាក់​ពង្រាយ​ទ័ព​របស់​ខ្លួន​រហូត​ដល់ ៣​ម៉ឺន​នាក់​បន្ថែម​ទៀត ដើម្បី​គាំទ្រ​ដល់​រុស្ស៊ី ដែល​នៅ​ពេលនេះ ទ័ព​កូរ៉េខាងជើង ប្រហែល ១​ម៉ឺន ២​ពាន់​នាក់​មាន​រួច​មក​ហើយ​នៅ​ខាងក្រោយ​សមរភូមិ ប៉ុន្តែ​ក្នុង​ចំនួន​នេះ ប្រហែលជា ៤​ពាន់​នាក់​បាន​បាត់បង់​នៅ​ក្នុង​សមរភូមិ Kursk។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​សង្គ្រាម កងកម្លាំង​អ៊ុយក្រែន បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ចន្ទ ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៥ ដោយ​អះអាង​ថា ចាប់តាំងពី​រុស្ស៊ី បើក​ប្រតិបត្តិការ​សឹក​វាយលុក​អ៊ុយក្រែន ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ មក កងទ័ព​រុស្ស៊ី បាត់បង់ ១​លាន ២​ម៉ឺន ៧​ពាន់ ៥៤០​នាក់។ បើ​តាម​របាយការណ៍​របស់​សេនាធិការ​កងទ័ព​អ៊ុយក្រែន រុស្ស៊ី​បាត់បង់​រថក្រោះ ១​ម៉ឺន ៩៩២​គ្រឿង រថពាសដែក ២​ម៉ឺន ២​ពាន់ ៩៦៣​គ្រឿង ប្រព័ន្ធ​បាញ់​កាំភ្លើងធំ ២​ម៉ឺន ៩​ពាន់ ៩៩៣​គ្រឿង ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ពហុ​មុខងារ ១​ពាន់ ៤៣២​គ្រឿង ខែល​ការពារ​ដែនអាកាស ១​ពាន់ ១៩២​គ្រឿង យន្តហោះ ៤២១​គ្រឿង ឧទ្ធម្ភាគចក្រ ៣៤០​គ្រឿង ដ្រូន ៤​ម៉ឺន ៤​ពាន់ ៥៨​គ្រឿង នាវា ២៨​គ្រឿង នាវាមុជទឹក​មួយ​គ្រឿង និង​រថយន្ត​ភស្តុភារ​សម្រាប់​ទ័ព​រុស្ស៊ី ចំនួន ៥​ម៉ឺន ៤​ពាន់ ៣៧០​គ្រឿង។

ទោះបីជា​យ៉ាងណា តួលេខ​ដែល​បញ្ចេញ​ដោយ​សេនាធិការ​កងទ័ព​អ៊ុយក្រែន ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន The Kyiv Independent មិន​បាន​ផ្ទៀងផ្ទាត់​ពី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី នោះ​ទេ។

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី បាន​អះអាង​ថា តួលេខ​កងទ័ព​រុស្ស៊ី ដែល​បាត់បង់​ជាង ៣​សែន​នាក់ និង​រង​របួស​ប្រហែលជា​ជិត ៧​សែន​នាក់ ប៉ុន្តែ​លោក ហ្សេឡេនស្គី អះអាង​ថា​ទ័ព​អ៊ុយក្រែន ចំនួន ៤​ម៉ឺន ៣​ពាន់​នាក់​បាន​ស្លាប់ និង ២​សែន​នាក់​រង​របួស៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស