សង្គ្រាមលោកលើកទី៣ អាចនឹងផ្ទុះឡើងនៅពេលប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាឱ្យទ័ពចិន វាយកាន់កាប់ដែនកោះតៃវ៉ាន់ ហើយពេលនោះ សម្ព័ន្ធមិត្តចិន គឺប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នឹងបញ្ជាកងទ័ពរុស្ស៊ី ឱ្យវាយចូលប្រទេសនៃសមាជិកណាតូ (NATO)។
នេះជាការព្យាកររបស់លោក Mark Rutte អគ្គលេខាធិការអង្គការយោធាណាតូ ដែលត្រូវសម្រង់សម្ដីដោយសារព័ត៌មាន New York Post ចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។
លោក Mark Rutte និយាយថា លោកមានជំនឿថាមហិច្ឆតារបស់លោក ស៊ី ចង់ចាប់យកកោះតៃវ៉ាន់ កំពុងមានភាពខ្លាំង តែលោក ស៊ី ចង់ទាញសង្គ្រាមទ្រង់ទ្រាយធំនៅអឺរ៉ុប នៅពេលដែលកងទ័ពចិន វាយចូលកោះតៃវ៉ាន់ ដែលគេថាសង្គ្រាមធំពីរផ្ទុះទន្ទឹមគ្នា គឺជាឱកាសដែលទីក្រុងប៉េកាំង ត្រូវពឹងរុស្ស៊ី ជួយចិន ជាមួយនឹងទ័ពរុស្ស៊ី វាយចូលប្រទេសសមាជិកណាតូ។
លោក Mark Rutte បានប្រាប់ The New York Times ថា លោក ស៊ី និងលោក ពូទីន អាចត្រូវគ្នារួចហើយអំពីគម្រោងដែលបង្កើតសង្គ្រាមលោកលើកទី៣ ព្រោះតែចិន មានទំនុកចិត្តខ្លាំងលើលោក ពូទីន រុញសង្គ្រាមនៅអឺរ៉ុប ដែលជាការទប់ស្កាត់ចលនាពីកងទ័ពណាតូទៅអាស៊ីប៉ាស៊ីហ្វិក និងទប់ស្កាត់ចលនាកងទ័ពអាមេរិកាំងមួយផ្នែកធំ បើសហរដ្ឋអាមេរិកមានផែនការជួយដែនកោះតៃវ៉ាន់។
តាមលោក Mark Rutte លោក ពូទីន កំពុងតែរុញឱ្យលោក ស៊ី ជួយធ្វើឱ្យប្រែប្រួលសង្គ្រាមនៅអ៊ុយក្រែន ជាមួយនឹងសង្គ្រាមថ្មីកើតឡើងនៅអាស៊ីប៉ាស៊ីហ្វិក ជាពិសេសករណីដែនកោះតៃវ៉ាន់ ឬតំបន់សមុទ្រចិនខាងត្បូង ឲ្យធ្លាក់ក្នុងសង្គ្រាម។
គេនៅចាំបានថា នៅមុនសង្គ្រាមរបស់រុស្ស៊ី ផ្ទុះនៅលើទឹកដីអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ពូទីន បានទៅទីក្រុងប៉េកាំង។ លោក ពូទីន ទៅទីក្រុងប៉េកាំង ដើម្បីចូលរួមប្រកាសពិធីបើកព្រឹត្តិការណ៍អូឡាំពិកអាស៊ី។ តែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅពេលលោក ពូទីន ត្រឡប់មកពីទីក្រុងប៉េកាំង វិញ ទ័ពរុស្ស៊ី ជាង ២៥ម៉ឺននាក់ជាមួយនឹងរថក្រោះ រថពាសដែក និងកាំភ្លើងធំជិត ៧០០០គ្រឿង ឡោមព័ទ្ធប្រទេសអ៊ុយក្រែន ដែលទីបំផុត រុស្ស៊ីសម្រេចបើកទ្វារព្រំដែនរុស្ស៊ី វាយចូលអ៊ុយក្រែន តាមការបញ្ជារបស់លោក ពូទីន។
គេថាសង្គ្រាមបង្កដោយលោក ពូទីន ឈ្លានពានប្រទេសអ៊ុយក្រែន វាមិនមែនជារឿងចៃដន្យនោះទេ ព្រោះវាផ្ទុះឡើងក្រោយពីជំនួបរវាងលោក ពូទីន និងលោក ស៊ី នៅទីក្រុងប៉េកាំង។
កាលពីសប្ដាហ៍មុន ប្រមុខការទូតចិន លោក វ៉ាង យី បានព្រមានដោយផ្ទាល់នៅចំពោះមុខប្រធានកិច្ចការនយោបាយបរទេសនៃសហភាពអឺរ៉ុប គឺអ្នកស្រី Kaja Kallas។ នៅទីក្រុងប្រ៊ុចសែល លោក វ៉ាង យី ព្រមានថា ចិនមិនឱ្យរុស្ស៊ី ចាញ់សង្គ្រាមនៅអ៊ុយក្រែន ដាច់ខាត។ តាមប្រមុខការទូតចិន រូបនេះ ចិនមិនចង់ឃើញណាតូធ្វើចលនាទ័ពរបស់ខ្លួនចូលកាន់តែជ្រៅនៅអាស៊ីប៉ាស៊ីហ្វិកនោះទេ។
ពួកមន្ត្រីចារកម្មសហរដ្ឋអាមេរិក ធ្លាប់បានព្រមានថា ចិនអាចនឹងវាយចូលតៃវ៉ាន់ នៅក្នុងឆ្នាំ២០២៧ ប្រសិនបើកោះតៃវ៉ាន់ មិនព្រមចូលខ្លួនចរចានឹងក្រុងប៉េកាំង ដើម្បីធ្វើសមាហរណកម្មដែនដីឡើងវិញជាមួយបក្សកុម្មុយនីស្តចិន។
លោក Rutte បានព្រមានថា ពិភពលោកក៏បានមើលឃើញនូវអ្វីដែលសម្ព័ន្ធមិត្តរុស្ស៊ី-ប៉ាស៊ីហ្វិក អាចសម្រេចបានតាមរយៈការវិវឌ្ឍនៃសង្គ្រាមនៅអ៊ុយក្រែន ដែលបានឃើញទាហានកូរ៉េខាងជើង ជាង ១២០០០នាក់ត្រូវបានដាក់ពង្រាយដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងឈ្លានពានរបស់ទីក្រុងមូស្គូ។ សង្គ្រាមនេះក៏បានឃើញក្រុងមូស្គូ ទទួលបានយន្តហោះគ្មានមនុស្សបើកដែលផលិតដោយប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង ខណៈសហភាពអឺរ៉ុប ក៏បានចោទក្រុមហ៊ុនចិន ថាបានគាំទ្ររុស្ស៊ី ដូចជាការជួយផលិតដ្រូនទៅឱ្យរុស្ស៊ី។
ប៉ុន្តែដើម្បីទប់ស្កាត់ហានិភ័យនៃសង្គ្រាមលោក លោក Rutte បាននិយាយថា វាជាការចាំបាច់ដែលណាតូត្រូវពង្រឹងកងកម្លាំងរបស់ខ្លួន ដើម្បីទប់ស្កាត់រុស្ស៊ី ពីការពង្រីកការឈ្លានពានរបស់ខ្លួនបន្ថែមទៀតចូលទៅក្នុងទ្វីបអឺរ៉ុប។
លោក Rutte ក៏បានអំពាវនាវឱ្យប្រទេសលោកខាងលិចរួបរួមគ្នា និងទប់ស្កាត់ការឈ្លានពានរបស់ចិន នៅឥណ្ឌូប៉ាស៊ីហ្វិក ដែលបានឃើញទីក្រុងប៉េកាំង ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាច្រើនជុំវិញកោះតៃវ៉ាន់។
អគ្គលេខាធិការនៃអង្គការណាតូ លោក Mark Rutte បញ្ជាក់ថា ប្រសិនបើចិន មានផែនការបើកការវាយប្រហារទៅលើកោះតៃវ៉ាន់ លោក ស៊ី នឹងឱ្យដំណឹងទៅលោក ពូទីន ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ដែលលោក ស៊ី អាចនឹងស្នើឲ្យលោក ពូទីន បង្កសង្គ្រាមនៅអឺរ៉ុប ដោយវាយប្រហារលើទឹកដីរបស់សមាជិកណាតូ ដើម្បីធ្វើឲ្យអាមេរិក និងបណ្ដាដៃគូសម្ព័ន្ធណាតូ រវល់ជាមួយសង្គ្រាមនៅអឺរ៉ុប។ ដូចនេះហើយ ណាតូ និងអាមេរិក នឹងមិនអាចជួយតៃវ៉ាន់ បានខ្លាំងក្លានោះទេ។
សេណារីយ៉ូបែបនេះត្រូវបានគេមើលឃើញថា វានឹងអាចនាំទៅរកការផ្ទុះឡើងនៃសង្គ្រាមលោកជាថ្មីរវាងមហាអំណាចនុយក្លេអ៊ែរ ដែលអ្នកជំនាញជាច្រើនយល់ស្របថា សេណារីយ៉ូនេះវាហាក់ស្ថិតនៅមិនឆ្ងាយពីការពិតនោះទេ។
ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានពង្រឹងសម្ព័ន្ធភាពរបស់ពួកគេកាន់តែខ្លាំងក្នុងគោលបំណងទម្លាក់ឧត្តមភាពដែលមានឈ្មោះជាមហាអំណាចពិភពលោកលេខ១។
ប្រទេសចិន ត្រូវបានគេមើលឃើញថា តែងតែគាំទ្ររុស្ស៊ី ទៅលើវិស័យសេដ្ឋកិច្ច និងនយោបាយ ជាមួយនឹងការគាំទ្រដោយមិនចំហសង្គ្រាមរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ ចិន ជាប្រទេសមួយដែលនៅតែបន្តជួយទិញប្រេងឥន្ធនៈ និងឧស្ម័នពីរុស្ស៊ី ក៏ដូចជាការបង្កើនវិស័យពាណិជ្ជកម្មជាមួយរុស្ស៊ី ចំពេលរុស្ស៊ី រងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីក្រុមបស្ចិមប្រទេស។
ឧត្ដមសេនីយ៍ចូលនិវត្តន៍ Mick Ryan នៃប្រទេសអូស្ត្រាលី បានប្រាប់សារព័ត៌មានអ៊ុយក្រែន Kyiv Independent ថា ប្រសិនបើចិន សម្រេចចិត្តបញ្ចូលតៃវ៉ាន់ ទៅជាដែនដីតែមួយរបស់ខ្លួន ដោយការប្រើប្រាស់កម្លាំងយោធា គឺចិន នឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីធានាថា ទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក ត្រូវតែជួបវិបត្តិផ្សេងៗ ដូចជានយោបាយ យោធា ឬសេដ្ឋកិច្ច។ ដូច្នេះ ទាំងសហរដ្ឋអាមេរិក ទាំងណាតូ មិនអាចធ្វើអន្តរាគមន៍បានពេញលេញចំពោះសង្គ្រាមកើតឡើងនៅអាស៊ីនោះទេ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

