31.4 C
Phnom Penh

ស្ថាប័ន​រដ្ឋ​កំពូលៗ​ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ សមាជិក​រដ្ឋសភា​នៃ​បក្ស​កាន់​អំណាច ១២៥​រូប បាន​លើក​ដៃ​ព្រមៗ​គ្នា​អនុម័ត​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ កែប្រែ​ទៅ​ជា​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​វិញ ក្រោយពី​ទទួល​បញ្ជា​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ត្រឹមតែ ១៤​ថ្ងៃ​ប៉ុណ្ណោះ។

មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​ការពារ​សញ្ជាតិ​ពី​កំណើត​របស់​ពលរដ្ឋ​ខ្មែរ ត្រូវ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​កម្ទេច​ចោល​ជា​ឯកច្ឆន្ទ​នៅ​ថ្ងៃទី​១១ កក្កដា នេះ ដោយ​ជំនួស​មក​វិញ​ដោយ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​វិញ។

ជុំវិញ​ការ​អនុម័ត​លើ​មាត្រា​ច្បាប់​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​លើកឡើង​ក្នុង​សម័យ​ប្រជុំ​សភា​នៅ​ថ្ងៃទី​១១ កក្កដា នេះ​ថា ការ​ដក​សញ្ជាតិ​អាច​ធ្វើ​បាន​ទាំង​លើ​ពលរដ្ឋ​របស់​ខ្លួន​ដែល​ទទួល​បាន​សញ្ជាតិ​ពី​កំណើត ទាំង​លើ​ពលរដ្ឋ​ដែល​ទទួល​បាន​សញ្ជាតិ​តាមរយៈ​សញ្ជាតូបនីយកម្ម ឬ​តាម​ការ​ទាមទារ​សញ្ជាតិ។

គួរ​បញ្ជាក់​ថា លោក កើត រិទ្ធ រៀន​នៅ​សាលា​ច្បាប់​នៅ​ប្រទេស​បារាំង។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ រូប​នេះ​លើកឡើង​ថា ការ​ដក​សញ្ជាតិ​ពី​ពលរដ្ឋ​ដែល​ទទួល​បាន​សញ្ជាតិ​ពី​កំណើត ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន ដូចជា សហរដ្ឋ​អាម៉េរិក បារាំង អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ អូទ្រីស អូស្ត្រាលី ហុឡង់ដ៍ កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ ភូមា និង​វៀតណាម ជាដើម។

លោក​បញ្ជាក់​ថា ក្នុង​ចំណោម​ប្រទេស​ទាំងនេះ ប្រទេស​ខ្លះ​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ដក​សញ្ជាតិ​ពី​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ក្លាយ​ជា​ជន​គ្មាន​សញ្ជាតិ​ផង​ដែរ។

ចំណុច​នេះ លោក កើត រិទ្ធ បកស្រាយ​ខុស​ចំពោះ​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក ដែល​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កំពុង​តែ​ចង់​អនុវត្ត​តាមរយៈ​បទបញ្ជា​នីតិប្រតិបត្តិ Executive Order (EO) លើ​ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ក្លែង​បន្លំ​ឯកសារ ឬ​ព័ត៌មាន​លើ​ពាក្យ​សុំ​ចូល​សញ្ជាតិ ដែល​គេ​ចាត់ទុក​ថា​បាន​សញ្ជាតិ​អាមេរិកាំង​ដោយ​ការ​ភូត​កុហក ហើយ​និង​ក្រោយពី​បាន​សញ្ជាតិ​អាមេរិកាំង​ហើយ បែរ​ជា​ទៅ​បម្រើ​របប​ផ្ដាច់ការ​ប្រមូលផ្ដុំ​ផ្ដាច់មុខ ឬ​កុម្មុយនីស្ត (totalitarianism) ដោយ​បំពាន​សម្បថ​ដែល​រដ្ឋការ​លោក ត្រាំ ចាត់ទុក​ជា​ការ​បំពាន​ច្បាប់​រដ្ឋធម្មនុញ្ញ។ កំណែ​ច្បាប់​ទី​១៤ (fourteenth amendment) នៃ​រដ្ឋធម្មនុញ្ញ មិន​អនុញ្ញាត​ឲ្យ​ដក​ហូត​សញ្ជាតិ​អាមេរិកាំង ទាំង​ពី​កំណើត ទាំង​ការ​ចូល​សញ្ជាតិ​ឡើយ។ ថ្មីៗ​នេះ តុលាការ​សហព័ន្ធ​បាន​វិនិច្ឆ័យ​សេចក្តី​រាំងរា​មិន​ឲ្យ​អាជ្ញាធរ​អនុវត្ត​តាម​បទបញ្ជា​ប្រធានាធិបតី​នោះ​ឡើយ។

ខ្លឹមសារ​ដើម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ និរទេស ឬ​ចាប់​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ក្រៅ​ណា​មួយ​ឡើយ លើកលែង​តែ​មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ទៅវិញ​ទៅមក។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ឯ​បរទេស​ត្រូវ​បាន​រដ្ឋ​គាំពារ ហើយ​ការ​ទទួល​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់​ក្នុង​ច្បាប់។

ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ កក្កដា នេះ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​នៅ​ក្រោម​លេស​នយោបាយ​មិន​ស្អាតស្អំ​របស់​លោក ហ៊ុន សែន ដើម្បី​ចោទប្រកាន់​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ខ្លះ​ដែល​គាត់​ចោទ​ថា​ជា​ក្រុម​ចូល​ដៃ​ជាមួយ​ចោរ​សៀម បំផ្លាញ​ខ្មែរ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត ក៏​ធ្វើ​ឡើង​ក្នុង​បំណង​បង្ក្រាប​អ្នក​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ អ្នក​ទាមទារ​យុត្តិធម៌​សង្គម និង​បក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​រណប​បក្ស​កាន់​អំណាច​ផ្សេង​ទៀត​ដែរ។

លោក ម៉ែន ណាត ចាត់ទុក​ការ​កែប្រែ​ច្បាប់​ដើម្បី​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នេះ គឺជា​ចេតនា​ធ្វើ​បាប​ខ្មែរ​គ្នា​ឯង​ប៉ុណ្ណោះ ទោះ​ក្រោម​ហេតុផល​អ្វី​ក៏ដោយ។

លោក​បញ្ជាក់​ថា ការ​កែប្រែ​ច្បាប់​នេះ​នឹង​នាំ​ឱ្យ​បែកបាក់​ស្មារតី​ជាតិ​ខ្មែរ​កាន់តែ​ខ្លាំង ដែល​ផ្ទុយ​ពី​បំណង​ដើម​នៃ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​តម្រូវ​ឱ្យ​គ្រប់​ភាគី​នៃ​អ្នក​នយោបាយ​ខ្មែរ​ត្រូវតែ​សាមគ្គី​គ្នា ឯកភាព​ជាតិ ដើម្បី​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា។

ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា បើ​ទោស​ក្បត់​ជាតិ​ត្រូវ​ដក​សញ្ជាតិ​ខ្មែរ​មែន គឺ​ត្រូវ​ដក​សញ្ជាតិ​ខ្មែរ​ពី​លោក ហ៊ុន សែន មុន​គេ ព្រោះ​គាត់​គឺជា​ជន​ក្បត់​ដែល​បាន​លួច​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម តាមរយៈ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ កន្លង​ទៅ។

លោក អ៊ុំ សំអាន ចាត់ទុក​ការ​កែប្រែ​ច្បាប់​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ពី​កំណើត​នេះ គឺជា​អំពើ​ប្រល័យ​ពូជសាសន៍ និង​បង្ហាញ​ឱ្យ​ឃើញ​ពី​ផែនការ​រំលាយ​ពូជសាសន៍​ខ្មែរ​ដោយ​ប្តូរ​មក​វិញ​នូវ​ពូជសាសន៍​វៀតណាម ជំនួស​អម្បូរ​ខ្មែរ​នៅ​ថ្ងៃ​មុខ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស