36.7 C
Phnom Penh

នាយកដ្ឋាន​គយ​ខ្មែរ​បន្ត​ហាមប្រាម​នាំចូល​បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​ពី​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ្នាក់ងារ​គយ​ប្រទេស​កម្ពុជា ហាមប្រាម​ការ​នាំចូល​បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​ពី​ប្រទេស​ថៃ ខណៈ​ទំនិញ​ផ្សេង​ទៀត​អាច​នាំចូល​បាន​ធម្មតា​តាម​មាត់ច្រក​ផ្លូវការ​នានា មាន​កំពង់ផែ​ជាដើម ដែល​មិនមែន​ជា​មាត់ច្រក​ព្រំដែន​គោក​ដែល​ត្រូវ​បាន​បិទ​ជា​ឯកតោភាគី​ដោយ​ក្រុម​យោធា​ថៃ នោះ។

មូលហេតុ​នាំ​ទៅ​ដល់​ការ​ហាមប្រាម​បែប​នេះ ធ្វើ​ឲ្យ​អ្នក​សង្កេតការណ៍​ខ្មែរ​មួយ​ចំនួន​មាន​ក្តី​មន្ទិល​សង្ស័យ ហេតុ​អ្វី​បិទ​តែ​ច្រក​ព្រំដែន​គោក?

តាម​ប្រភព​ព័ត៌មាន​គួរ​ឲ្យ​ជឿ​យក​ជា​ការ​បាន ថា​មាន​ក្រុម​គ្រួសារ​មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ រកស៊ី​ដឹក​ទំនិញ​គេច​ពន្ធ​ពី​ស្រុក​ថៃ ទៅ​ស្រុក​ខ្មែរ កាត់​តាម​ខេត្ត​កោះកុង ដោយ​មិន​បាច់​ដឹក​តាម​ផ្លូវគោក។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា មុខទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​នាំចូល មាន​បន្លែ និង​ផ្លែឈើ ចំណែក​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ មាន​ដូចជា ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័ន​រាវ​សម្រាប់​ដុត ប្រេង​ខ្មៅ និង​ប្រេងសាំង​យន្តហោះ​ផង​ដែរ។

សេចក្តី​ជូនដំណឹង​ដដែល​នេះ អះអាង​ថា មុខទំនិញ​ផ្សេង​ទៀត​ក្រៅពី​មុខទំនិញ​ដែល​បាន​ហាមឃាត់​នេះ មិន​មែន​ជា​កម្មវត្ថុ​នៃ​ការ​ហាមប្រាម​ការ​នាំចូល​ឡើយ ដូច្នេះ​អាជីវករ ពាណិជ្ជករ អាច​បន្ត​នាំចូល​បាន​ជា​ធម្មតា​ដោយ​បំពេញ​បែបបទ និង​នីតិវិធី​កំណត់​ដោយ​លិខិត​បទដ្ឋាន​ជាធរមាន។

អគ្គនាយកដ្ឋាន​គយ បញ្ជាក់​ថា ចំពោះ​តម្រាយ​ផ្លូវ និង​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​នាំចូល​មក​កម្ពុជា អាជីវករ ពាណិជ្ជករ​អាច​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ផ្សេងៗ និង​តាម​មាត់ច្រក​ផ្លូវការ​នានា លើកលែងតែ​មាត់ច្រក​ព្រំដែន​ផ្លូវគោក​រវាង​កម្ពុជា-ថៃ ដែល​ត្រូវ​បាន​បិទ​ជា​ឯកតោភាគី​ដោយ​យោធា​ថៃ ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា កន្លង​ទៅ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ហាមឃាត់​ត្រឹមតែ​ការ​នាំចូល​បន្លែ និង​ផ្លែឈើ​គ្រប់​ប្រភេទ​ប៉ុណ្ណោះ​ពី​ប្រទេស​ថៃ ចំណែក​ទំនិញ​ផ្សេង​ទៀត​នៅ​ដំណើរការ​ធម្មតា ទោះ​ថៃ បាន​សម្រេច​បិទ​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​ឯកតោភាគី​តាំងពី​ថ្ងៃទី​៧ មិថុនា ទៅ​ហើយ​ក្តី។

ជុំវិញ​ការ​បិទ​ច្រកព្រំដែន​ពី​សំណាក់​ភាគី​ថៃ នេះ កម្ពុជា​តែង​អំពាវនាវ​ឱ្យ​ភាគី​ថៃ បើក​ព្រំដែន​ឡើងវិញ​ទាំងអស់​ដូច​ដើម នោះ​កម្ពុជា​ក៏​នឹង​ទម្លាក់​ចោល​របាំង​ហាមឃាត់​បន្លែ ផ្លែឈើ​ពី​ប្រទេស​ថៃ ដែរ ប៉ុន្តែ​ភាគី​ថៃ នៅ​បន្ត​បិទ​ព្រំដែន​បន្ត​ទៀត​ដដែល។

រហូត​ដល់​ថ្ងៃទី​២២ មិថុនា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ក៏​បាន​ចេញ​បញ្ជា​ឱ្យ​ផ្អាក​ការ​នាំចូល​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ ទាំងស្រុង​តែម្តង។

ជាង​នេះ​ទៀត កាលពី​ដើម​ខែ​កក្កដា កន្លង​ទៅ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​នាំចូល​មុខទំនិញ​មួយ​ចំនួន​ពី​ប្រទេស​ថៃ បន្ថែម​ទៀត​ដែល​ត្រូវ​បាន​ចាត់ទុក​ជា​មុខទំនិញ​យុទ្ធសាស្ត្រ ដូចជា អគ្គិសនី អ៊ីនធឺណិត ប្រេងឥន្ធនៈ និង​ឧស្ម័ន រួម​ទាំង​ការ​បញ្ឈប់​ចាក់​បញ្ចាំង​ភាពយន្ត​ថៃ ទាំងអស់ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

គិត​មក​ទល់​នឹង​ថ្ងៃទី​១៦ ខែ​កក្កដា នេះ កម្ពុជា​បាន​ហាមឃាត់​មុខទំនិញ​ពី​ប្រទេស​ថៃ ចំនួន ១១​មុខ​ហើយ រួម​មាន​បន្លែ ផ្លែឈើ ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័ន​រាវ​សម្រាប់​ដុត ប្រេង​ខ្មៅ ប្រេងសាំង​យន្តហោះ អគ្គិសនី អ៊ីនធឺណិត ភាពយន្ត និង​កីឡាករ​ប្រដាល់​ថៃ ផង​ដែរ។ នៅ​តាម​ហាង​លក់​ទំនិញ​ក្នុង​ខេត្ត​ខ្លះ ទេសចរ​ឃើញ​ធ្នើរ​ដាក់​តាំង​ទំនិញ​វាល​ស្រឡះ ប៉ុន្តែ​កន្លែង​ខ្លះ អាជីវករ​ពាណិជ្ជករ​ងាក​ទៅ​ដឹក​ទំនិញ​ពី​ប្រទេស​យៀកណាម មក​បំពេញ​វិញ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស