28.2 C
Phnom Penh

ឧកញ៉ា លី យ៉ុងផាត់ មនុស្ស​ជំនិត​លោក ហ៊ុន សែន លក់​ដី​ខ្មែរ​ឱ្យ​ក្រុមហ៊ុន​ចិន​បើក​បនល្បែង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រឿង​ឧកញ៉ា​ទុច្ចរិត​សមគំនិត​រកស៊ី​លួចលាក់​មួយ​បែប​ទៀត ក៏​ទាក់ទិន​នឹង​សមាជិក​បក្ស​ប្រជាជន​កម្ពុជា ដែរ។

មន្ត្រី​ផ្ទៃក្នុង​បក្ស​ប្រជាជន​កម្ពុជា ទម្លាយ​ថា ឧកញ៉ា លី យ៉ុងផាត់ ដែល​មាន​រហស្សនាម​ថា ស្តេច​កោះកុង បាន​លួច​លក់​ដី​ខ្មែរ​ទៅ​ឱ្យ​ឧក្រិដ្ឋជន​ជនជាតិ​ចិន ៣​កន្លែង​ប្រមូល​លុយ​បាន​ជាង ៨​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​លុយ​ទាំងនោះ​ភាគច្រើន​រក្សា​ទុក​នៅ​ក្នុង​ស្រុក​ថៃ។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​បក្ស​ប្រជាជន​កម្ពុជា ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​១៧ កក្កដា នេះ​ថា ដី​មួយ​កន្លែង​ស្ថិត​នៅ​ច្រក​ចាំយាម ស្រុក​មណ្ឌលសីមា ក្នុង​ខេត្ត​កោះកុង ទំហំ​ជាង ៣០០​ហិកតា ត្រូវ​បាន​ឧកញ៉ា លី យ៉ុងផាត់ លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ក្នុង​តម្លៃ ៤​ពាន់ ៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ចំណែកឯ​ដី​មួយ​កន្លែង​ទៀត ស្ថិត​នៅ​ទីតាំង​ឱបៀ ឃុំ​ជ្រោយប្រោះ ស្រុក​ត្រពាំងរូង ខេត្ត​កោះកុង ទំហំ​ប្រមាណ​ជា ៥០០​ហិកតា ក៏​ត្រូវ​បាន​ឧកញ៉ា​រូប​នេះ​លក់​ទៅ​ក្រុមហ៊ុន​ចិន ក្នុង​ទំហំ​ទឹកប្រាក់ ៤​ពាន់ ៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែរ។

ប្រភព​ដដែល អះអាង​ថា ទីតាំង​ដី​ទាំង​ពីរ​កន្លែង​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ចិន ប្រើប្រាស់​ជា​ទីតាំង​បើក​បនល្បែង​កាស៊ីណូ​អនឡាញ​ខុស​ច្បាប់​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ចំណែកឯ​បនល្បែង​កាស៊ីណូ​អនឡាញ​ខុស​ច្បាប់​ជា​កម្មសិទ្ធិ​របស់​លោក លី យ៉ុងផាត់ ហៅ ឃុន ផាត់ ដែល​មាន​ភាគហ៊ុន​ជាមួយ​មន្ត្រី​កំពូលៗ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ទៀត​នៅ​ច្រក​ចាំយាម ក្នុង​ខេត្ត​កោះកុង នោះ ក៏​ទទួល​បាន​ចំណូល​ជា​មធ្យម​ប្រមាណ​ជិត ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែរ (២៧៥​លាន​ដុល្លារ) ក្នុង ១​ឆ្នាំៗ។

ដោយឡែក​ទីតាំង​ដី​នៅ​បឹង​ព្រៃនប់ ក្នុង​ខេត្ត​ព្រះសីហនុ ទំហំ ១៣​ហិកតា ដែល​បាន​មកពី​ការ​ដោះដូរ​ដី​សម្រាប់​សាងសង់​វិមាន​ឈ្នះៗ​ជំនាន់​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន់ មីន នោះ ក៏​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ជាង ៤០០​លាន​ដុល្លារ​ទៀត​ដែរ (៤២៩​លាន​ដុល្លារ)។

មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ​ប្រាប់​ថា ក្រៅពី​ប្រមូល​ដី​ខ្មែរ​លក់​ឱ្យ​ក្រុមហ៊ុន​ចិន និង​បើក​បនល្បែង​កាស៊ីណូ​អនឡាញ​ខុស​ច្បាប់ ឧកញ៉ា លី យ៉ុងផាត់ ឈ្មោះ​ដើម ផាត់ ស៊ុផាផ (សុភាព) ក៏​បាន​ប្រមូល​ដី​រដ្ឋ​យក​មក​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដែរ ដូចជា ដី​នៅ​ឃុំ​ប៉ាក់ក្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ដែល​មាន​ទំហំ​ជិត ១​ពាន់​ហិកតា​ឯណោះ (ជាង ៩០០​ហិកតា)។

មន្ត្រី​ដដែល​នេះ បញ្ជាក់​ថា ដី​នេះ​ស្ថិត​ក្រោម​ម្ចាស់​កម្មសិទ្ធិ​ប្លង់​រឹង​របស់​មនុស្ស ៤​នាក់ មាន​កូន​ប្រុស​របស់​គាត់​ឈ្មោះ លី ឆូកឆៃ ឈ្មោះ លី អាផណ និង​ភរិយា​របស់​គាត់​ឈ្មោះ គីម ហ៊ាង រួម​ទាំង​អ្នក​កាន់​លុយ​ធំ​របស់​គាត់​ឈ្មោះ អ៊ិន កួត ផង​ដែរ។

ក្រៅពី​នេះ​ទៀត ឧកញ៉ា លី យ៉ុងផាត់ ក៏​មាន​ចំណែក​កាន់កាប់​ដី​ទំហំ ៣០​ហិកតា​នៅ​បឹង​តាមោក ផង​ដែរ ដែល​មាន​ក្បាល​ដី​ប្រវែង ១​ពាន់​ម៉ែត្រ ស្ថិត​នៅ​លើ​ផ្លូវ​ទំនប់កប់ស្រូវ ក្បែរ​ផ្សារ​ដើមគថ្មី ក្រោម​ឈ្មោះ គីម ហ៊ាង ដែល​ជា​ប្រពន្ធ​របស់​គាត់។

ប្រភព​ដដែល អះអាង​ថា មនុស្ស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ឯកសារ​កម្មសិទ្ធិ​ដី ៣០​ហិកតា​នៅ​បឹង​តាមោក នេះ មាន​ប្រធាន​សុរិយោដី​ខណ្ឌ​ព្រែកព្នៅ លោក ស៊ូ ស៊ីវុត្ថា ដែល​បាន​គប់គិត​ជាមួយ​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា អ្នក​វិនិយោគ​ដែល​ចង់​បោះទុន​នៅ​ខេត្ត​កោះកុង ប្រសិនបើ​មិន​បាន​ជូនដំណឹង ឬ​ឆ្លងកាត់​បង់​សួយសារអាករ​ឱ្យ​ឧកញ៉ា លី យ៉ុងផាត់ ទេ សូម​កុំ​សង្ឃឹម​ថា​មាន​ទឹក​ភ្លើង​ប្រើប្រាស់​ឱ្យ​សោះ សូម្បីតែ​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ក៏​ស្ថិត​ក្រោម​អំណាច​របស់​ឧកញ៉ា លី យ៉ុងផាត់ ដែរ។

ទាក់ទង​នឹង​រឿង​ដី​បឹង​តាមោក សារព័ត៌មាន ខេមបូចា ផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​១៦ កក្កដា ថា មាន​ការ​ច្របូកច្របល់​ក្នុង​តុលាការ។ តុលាការ​បាន​កាត់ទោស​ឲ្យ​សកម្មជន​សហគមន៍​ដីធ្លី​បឹង​តាមោក ៩​នាក់​ជាប់​ពន្ធនាគារ​មួយ​ខែ ព្រោះតែ​ចេញ​តវ៉ា​រឿង​ដក​យក​ដីធ្លី​ពី​ពួកគាត់ ថ្វីត្បិតតែ​បាន​សុខចិត្ត​យល់ព្រម​យក​ដីធ្លី​ទី​ដទៃ​រួច​ហើយ​ក្តី៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស