33.8 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ក្រុម​អាវ​ស​និង​ក្រុម​អាវ​លឿង រួម​គ្នា​ដើម្បី​កសាង​កម្លាំង​សង្គ្រោះ​ជាតិ​ឡើង​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​ក្រុម​អាវ​ស បង្រួបបង្រួម​កម្លាំង​ក្រុម​អាវ​ស ខណៈ​ក្រុម​អាវ​លឿង ក៏​ត្រូវ​រួបរួម​កម្លាំង​ក្រុម​អាវ​លឿង​ឡើងវិញ ទើប​កម្លាំង​ពិតប្រាកដ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ត្រឡប់​មក​វិញ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន រីដា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ កក្កដា នេះ​ថា បន្ទាប់ពី​ក្រុម​ទាំង​ពីរ​បង្រួបបង្រួម​កម្លាំង​ផ្ទៃក្នុង​រៀង​ខ្លួន​ហើយ ពួកគេ​ត្រូវ​ចាប់​ដៃ​សហការ​គ្នា​ជា​ថ្មី នោះ​ទើប​កម្លាំង​សង្គ្រោះ​ជាតិ​ពិតប្រាកដ​វិល​ត្រឡប់​មកវិញ​ម្តង​ទៀត។

លោក​បន្ត​ថា ទោះ​កម្លាំង​រួបរួម​នៃ​ក្រុម​ទាំង​ពីរ​នេះ​ត្រូវ​ងើប​ឡើង​ក្រោម​ឈ្មោះ​គណបក្ស​ផ្សេង ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ តែ​ស្មារតី និង​ឆន្ទៈ គឺ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។

លោក សួន រីដា លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ជា​និមិត្តរូប​នៃ​ការ​រួបរួម​អ្នក​ប្រជាធិបតេយ្យ ដែល​ជា​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ប៉ុន្តែ​កំហុស​យុទ្ធសាស្ត្រ​ដ៏​ធំ​បំផុត​របស់​អ្នក​ប្រជាធិបតេយ្យ មិនមែន​មកពី​តុលាការ​រំលាយ​គណបក្ស​នេះ​ទេ គឺ​ដោយសារ​ពួកគេ​រំលាយ​កម្លាំង​នយោបាយ​ខ្លួនឯង​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ត្អូញត្អែរ​ថា ក្រោយ​តុលាការ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កម្លាំង​នយោបាយ​របស់​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ក៏​ត្រូវ​បាន​រលាយ​បន្តិច​ម្តងៗ​តាមរយៈ​ការ​ឈ្លោះ​បែកបាក់​គ្នា​រវាង​ក្រុម​អាវ​ស និង​ក្រុម​អាវ​លឿង​ដែរ ក្នុង​នោះ ក្រុម​អាវ​ស​បែកបាក់​ជា​ផ្នែកៗ រីឯ​ក្រុម​អាវ​លឿង​ក៏​បែកបាក់​ជាច្រើន​ចម្រៀក​ដែរ។

លោក​បន្ត​ថា ប្រាកដ​ណាស់ គណបក្ស​សង្គ្រោះ​ជាតិ ពិត​ជា​មិន​អាច​រស់​ឡើងវិញ​បាន​ទេ ប៉ុន្តែ​អ្នក​ប្រជាធិបតេយ្យ​អាច​ធ្វើ​ឱ្យ​កម្លាំង​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​បាន តាមរយៈ​ការ​រួបរួម​រវាង​ក្រុម​អាវ​ស និង​ក្រុម​អាវ​លឿង ដោយ​ឈរ​លើ​បំណង​ម្ចាស់​ឆ្នោត ពង្រឹង​ឆន្ទៈ​អ្នក​នយោបាយ និង​ការ​ទទួលស្គាល់​ពី​ភាព​បរាជ័យ​នៃ​ការ​បែកបាក់​របស់​ខ្លួន​កន្លង​មក។

គិត​មក​ទល់​នឹង​ឆ្នាំ​២០២៥ នេះ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា បាន​រលាយ​បាត់​ពី​ឆាក​នយោបាយ​អស់​រយៈពេល​ជិត ៨​ឆ្នាំ​ហើយ ខណៈ​កម្លាំង​នយោបាយ​ដែល​កើត​ចេញពី​ក្រុម​ប្រឆាំង​រវាង​ក្រុម​អាង​លឿង និង​ក្រុម​ប្រឆាំង​អាវ​ស ក៏​ត្រូវ​បែកបាក់​រលាយ​ទៅ​តាម​គណបក្ស​នេះ​ដែរ។

គេ​សង្កេត​ឃើញ​ថា មិន​ត្រឹមតែ​ជម្រក​អ្នក​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​រំលាយ​ទេ សូម្បី​មន្ត្រី​ជាន់ខ្ពស់​ដែល​ជា​មេដឹកនាំ​កំពូលៗ​របស់​បក្ស​នេះ ក៏​ត្រូវ​ចាប់​ខ្លួន​ដាក់​គុក និង​និរទេស​ខ្លួនឯង​ទៅ​ក្រៅ​ស្រុក​ដែរ ខណៈ​កម្លាំង​គាំទ្រ​នៅ​មូលដ្ឋាន ក៏​ត្រូវ​រដ្ឋាភិបាល​ចាប់​ដាក់​គុក​ថែម​ទៀត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស