34.5 C
Phnom Penh

រញ្ជួយ​ដី​កម្រិត ៨,៨​រ៉ិចទ័រ​នៅ​ភាគ​បូព៌ា​ប្រទេស​រុស្ស៊ី បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ​វាយ​ដល់​តំបន់​ជាច្រើន​នៅ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ខណៈ​នេះ ពិភពលោក​កំពុង​ធ្លាក់​ក្នុង​បាតុភូត​ធម្មជាតិ​នៃ​ការ​រញ្ជួយ​ស្នូល​ផែនដី​ក្នុង​ទំហំ ៨,៨​រ៉ិចទ័ព​នៅ​តំបន់ Kamchatka នៃ​ឧបទ្វីប​រុស្ស៊ី ដែល​វា​បាន​ផ្ទុះ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​កក្កដា។

ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នេះ បាន​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​រលក​យក្ស​ស៊ូណាមិ វាយប្រហារ​តំបន់​ឆ្នេរ​មួយ​ចំនួន​នៃ​ប្រទេស​អាមេរិក និង​ទ្វីប​អាមេរិក​ខាងត្បូង។

តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP រលក​យក្ស​ស៊ូណាមិ ដែល​បង្ក​ការ​រញ្ជួយ​ដី​នៅ​ភាគ​បូព៌ា​នៃ​ប្រទេស​រុស្ស៊ី វាយប្រហារ​ដល់​រដ្ឋ​អាមេរិក​ជាច្រើន មាន​ដូចជា រដ្ឋ Hawaii រដ្ឋ Alaska និង​ឈូងសមុទ្រ​អាមេរិក​នៅ​ភាគ​ខាងលិច និង​តំបន់​ប្រជុំ Kurils នៃ​ប្រទេស​ជប៉ុន កាណាដា និង​អូស្ត្រាលី។

រលក​យក្ស​ស៊ូណាមិ មាន​កម្រិត​កម្ពស់​ដល់​ទៅ ៤​ម៉ែត្រ។ នៅ​រដ្ឋ Hawaii សហរដ្ឋ​អាមេរិក រថយន្ត​កំពុង​កកស្ទះ​ពេញ​ដងផ្លូវ ខណៈ​ប្រជាជន​រត់​រក​ទី​សុវត្ថិភាព។ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ជប៉ុន ប្រជាជន​រាប់​ម៉ឺន​នាក់​កំពុង​ជម្លៀស។ តំបន់​ភាគ​ខាងជើង​ប្រទេស​ជប៉ុន មួយ​នេះ ធ្លាប់​រងគ្រោះ​ដោយសារ​រលក​យក្ស​ស៊ូណាមិ​នៅ​ឆ្នាំ​២០១១ ដែល​បង្ក​វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។

ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា រញ្ជួយ​ដី​នៅ​តំបន់ Kamchatka នៃ​ឧបទ្វីប​រុស្ស៊ី បង្ក​ឱ្យ​រលក​យក្ស​ស៊ូណាមិ​មាន​កម្ពស់​ពី ៣​ម៉ែត្រ​ទៅ ៤​ម៉ែត្រ។ អាជ្ញាធរ​តំបន់ Sakhalin បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការ​ប្រកាស​ភាព​អាសន្ន​ត្រូវ​បាន​ធ្វើឡើង​នៅ​ភាគ​ខាងជើង​ទីប្រជុំ​កោះ Kuril ជា​ទី​ដែល​បាន​ជួប​គ្រោះ​រញ្ជួយ​ដី​កម្រិត​ធ្ងន់ និង​រលក​ស៊ូណាមិ។

អភិបាល​ប្រចាំ​តំបន់​ភាគ​ខាងជើង​ទីប្រជុំ​កោះ Kuril និយាយ​ថា មនុស្ស​ទាំងអស់​នៅ​ទីនោះ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​សុវត្ថិភាព​ទាន់​ពេលវេលា គឺ​មុន​មួយ​ម៉ោង​នៃ​ការ​វាយលុក​ដោយ​រលក​ស៊ូណាមិ។

ការ​ព្រមាន​ពី​រលក​ស៊ូណាមិ បង្ខំ​ឱ្យ​ប្រទេស​រុស្ស៊ី ជប៉ុន តៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន កោះហ្កាំ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រដ្ឋ​កាលីហ្វ័រញ៉ា រដ្ឋ​អាឡាស្កា រដ្ឋ​អូរីហ្គិន រដ្ឋ​វ៉ាស៊ីនតោន ប្រទេស​តុងហ្គា ប្រទេស​កូឡុំប៊ី ម៉ិកស៊ីកូ ប្រទេស​ប៉េរូ និង​ប្រទេស​អេក្វាឌ័រ ប្រកាស​អាសន្ន។

ប្រទេស​អេក្វាឌ័រ បាន​ដាក់​បទបញ្ជា​ឱ្យ​មាន​ការ​ជម្លៀស​ទុក​ជា​មុន​ចេញពី​ឆ្នេរសមុទ្រ ពី​កំពង់ផែ និង​តំបន់​ទំនាប នៅ​ក្នុង​ប្រជុំ​កោះ Galapagos បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៨,៨​រ៉ិចទ័រ​នេះ​បាន​វាយប្រហារ​នៅ​ឆ្នេរសមុទ្រ​ចេញពី​ភាគ​ខាងកើត​របស់​ប្រទេស​រុស្ស៊ី។

អង្គភាព​ទទួល​បន្ទុក​តាមដាន​ហានិភ័យ​របស់​ប្រទេស​អេក្វាឌ័រ បាន​ព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ ដែល​នឹង​ប៉ះទង្គិច​ទៅ​លើ​តំបន់ Insular នៃ​ប្រជុំ​កោះ Galapagos។ នៅ​តំបន់​នេះ អាជ្ញាធរ​តម្រូវ​ឱ្យ​ផ្អាក​សកម្មភាព​ដែនសមុទ្រ​ជាបន្ទាន់។

ទីភ្នាក់ងារ​តាមដាន​គ្រោះ​រញ្ជួយ​ដី​ក្នុង​ប្រទេស​រុស្ស៊ី និយាយ​ថា ការ​រញ្ជួយ​ដី​កម្រិត ៨,៨​រ៉ិចទ័រ គឺជា​កម្រិត​ខ្លាំងក្លា​បំផុត​មួយ គិត​ចាប់តាំងពី​ឆ្នាំ​១៩៥២។ ចំណែក​ប្រទេស​ប៉េរូ បាន​ព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ ខណៈ​ដែល​ប្រទេស​ម៉ិកស៊ីកូ បាន​ប្រកាស​ឲ្យ​ប្រជាជន​ចៀសវាង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក ព្រោះ​រលក​យក្ស​ស៊ូណាមិ បាន​បង្ក​ពី​ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​នៅ​ឯ​ឆ្នេរ​ភាគ​បូព៌ា​នៃ​ប្រទេស​រុស្ស៊ី។

នាយកដ្ឋាន​ជលសាស្ត្រ និង​នាវាចរណ៍​នៃ​កងទ័ព​ជើងទឹក​ប្រទេស​ប៉េរូ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​វិភាគ និង​វាយតម្លៃ​ដោយ​ទីភ្នាក់ងារ​តាមដាន​រលក​យក្ស​ស៊ូណាមិ បាន​ព្រមាន​ពី​ផលវិបាក​នៃ​ការ​វាយលុក​ពី​រលក​យក្ស​នេះ ដែល​អាច​ប៉ះទង្គិច​ខ្លាំង​ទៅ​លើ​ឆ្នេរសមុទ្រ​របស់​ប្រទេស​ប៉េរូ។

ជាមួយ​គ្នា​នេះ កងទ័ព​ជើងទឹក​ប្រទេស​ម៉ិកស៊ីកូ ក៏​បាន​ព្រមាន​ដែរ​ថា ចរន្ត​ទឹក​បុក​ឡើង​ខ្លាំង ត្រូវ​បាន​ព្យាករ​ថា​អាច​កើត​ដោយ​ចេញពី​ឆ្នេរសមុទ្រ​នៅ​រដ្ឋ California នៅ​ភាគ​ពាយ័ព្យ​ទៅ​កាន់​រដ្ឋ Chiapas ភាគ​ខាងត្បូង​នៃ​ប្រទេស​ម៉ិកស៊ីកូ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស