28 C
Phnom Penh

ជ័យជម្នះ​បក្ស​កាន់​អំណាច​នៅ​ម៉ុលដាវី ដែល​លម្អៀង​ទៅ​អឺរ៉ុប ជា​ការ​បញ្ជាក់​ថា​ប្រជាជន​ប្រទេស​នេះ​មិន​សម្រេច​ទៅ​នៅ​ខាង​រុស្ស៊ី នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជ័យជម្នះ​របស់​គណបក្ស​ស្និទ្ធ​នឹង​អឺរ៉ុប នៃ​ប្រទេស​ម៉ុលដាវី នៅ​ក្នុង​ការ​បោះឆ្នោត​សភា កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កញ្ញា ដោយ​ឈ្នះ​គណបក្ស​លម្អៀង​រុស្ស៊ី បង្ហាញ​ថា​ប្រជាជន​នៃ​អតីត​រដ្ឋ​សូវៀត នៅ​អឺរ៉ុប​ខាងកើត​មួយ​នេះ មិន​សម្រេច​ឱ្យ​ប្រទេស​របស់​ពួកគេ​ស្ថិត​ក្រោម​ឥទ្ធិពល​រុស្ស៊ី នោះ​ឡើយ។

នៅ​ក្នុង​ការ​បោះឆ្នោត​នេះ គណបក្ស​សកម្មភាព និង​សាមគ្គីភាព (PAS) ដែល​កំពុង​កាន់​អំណាច​នៅ​ប្រទេស​ម៉ុលដាវី ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បន្ត​កាន់​អំណាច ដោយ​ឈ្នះ​សំឡេង​គាំទ្រ​ជាង ៥០% ឬ​ប្រហែល ៥៥​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ១០១​សំឡេង​នៅ​ក្នុង​សភា។

លទ្ធផល​នេះ​ធានា​ថា ប្រទេស​ម៉ុលដាវី នឹង​បន្ត​ដំណើរ​លើ​ផ្លូវ​ជាមួយ​អឺរ៉ុប ដូច​ដែល​គោលនយោបាយ​របស់​គណបក្ស​សកម្មភាព និង​សាមគ្គីភាព បាន​អនុម័ត។

ជោគជ័យ​នេះ​ក៏​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​មួយ​ចំនួន ដោយសារ​ប្រទេស​នេះ​ត្រូវ​បាន​រុស្ស៊ី លូក​ដៃ​មក​ប៉ះពាល់ និង​ញាំញី​ជា​យូរ​មក​ហើយ ជាពិសេស​មុន​ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ដែល​រុស្ស៊ី បង្កើន​សម្ពាធ​ខ្លាំង​ទៅ​លើ​ឆន្ទៈ​របស់​ប្រជាជន​ម៉ុលដាវី ដោយ​ម៉ាស៊ីន​ឃោសនា​របស់​រុស្ស៊ី ផ្ដើម​វាយប្រហារ​ខ្លាំង​ដើម្បី​ឱ្យ​ប្រជាជន​ម៉ុលដាវី បោះឆ្នោត​ចូល​ហិប​ឆ្នោត​របស់​គណបក្ស​ដែល​មាន​និន្នាការ​ខ្លាំង​ទៅ​រក​រុស្ស៊ី។

បន្ទាប់ពី​ការ​គ្រប់គ្រង​រយៈពេល ៤​ឆ្នាំ ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី​ប្រធានាធិបតី Maia Sandu គណបក្ស​សកម្មភាព និង​សាមគ្គីភាព នៅតែ​អាច​រក្សា​បាន​សំឡេង​ឆ្នោត​ភាគច្រើន ទោះបីជា​ប្រទេស​មួយ​នេះ​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ថាមពល កំណើន​អតិផរណា​ដល់​ទៅ ៣៥% និង​សង្គ្រាម​អ៊ុយក្រែន ដែល​កើតឡើង​នៅ​ជាប់​ព្រំដែន​ក៏ដោយ។

លទ្ធផល​នេះ​ក្លាយ​ជា​សញ្ញា​ដ៏​សំខាន់​មួយ​ថា ម៉ុលដាវី កំពុង​បន្ត​ជ្រើសរើស​ផ្លូវ​ប្រកាន់ខ្ជាប់​ទៅ​កាន់​អឺរ៉ុប និង​បន្ត​ការ​ទប់ស្កាត់​ឥទ្ធិពល​របស់​រុស្ស៊ី។

បើ​ទោះបីជា​មាន​សម្ពាធ និង​ការ​មិន​សប្បាយចិត្ត​ជា​សាធារណៈ​ចំពោះ​រដ្ឋាភិបាល​ក៏ដោយ ជម្រើស​ចុងក្រោយ​សម្រាប់​អ្នក​បោះឆ្នោត​ម៉ុលដាវី បាន​ក្លាយ​ជា​រឿង​សាមញ្ញ និង​បង្ហាញ​យ៉ាង​ច្បាស់​ក្នុង​ការ​បន្ត​ផ្លូវ​សមាហរណកម្ម​ម៉ុលដាវី នៅ​ក្នុង​សហភាព​អឺរ៉ុប។

ប្រទេស​ប៉ូឡូញ អាល្លឺម៉ង់ និង​បារាំង បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ភ្លាមៗ​អបអរសាទរ​ជ័យជម្នះ​របស់​គណបក្ស​សកម្មភាព និង​សាមគ្គីភាព របស់​អ្នកស្រី​ប្រធានាធិបតី Maia Sandu។

សេចក្ដី​ថ្លែងការណ៍​រួម​នៃ​ប្រទេស​ទាំង​បី​នេះ បាន​ហៅ​ជ័យជម្នះ​របស់​គណបក្ស​កំពុង​កាន់​អំណាច​នៅ​ម៉ុលដាវី ជា​ការ​បង្ហាញ​ថា រុស្ស៊ី​គ្មាន​ឥទ្ធិពល​ទៅ​លើ​ប្រជាជន​ម៉ុលដាវី ហើយ​ក៏​មិន​អាច​ទាញ​ប្រទេស​អតីត​រដ្ឋ​សូវៀត មួយ​នេះ ឱ្យ​ទៅ​នៅ​ជាមួយ​ខ្លួន​បាន​ទៀត​ឡើយ។

ថ្លែង​ទៅ​កាន់​ប្រជាជន​ម៉ុលដាវី និង​អ្នកស្រី Maia Sandu ប្រធានាធិបតី​ម៉ុលដាវី នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក Donald Tusk បាន​សរសេរ​លើ​បណ្ដាញ​សង្គម X ថា អ្នកស្រី Maia Sandu បាន​បញ្ឈប់​រុស្ស៊ី ក្នុង​ការ​ប៉ុនប៉ង​កាន់កាប់​តំបន់​អឺរ៉ុប​ទាំងមូល ហើយ​ថា​មេរៀន​នេះ​ល្អ​ណាស់​សម្រាប់​អឺរ៉ុប​ទាំងអស់​គ្នា។

លោក​នាយករដ្ឋមន្ត្រី​ប៉ូឡូញ បន្ត​រៀបរាប់​ថា មេរៀន​នេះ​បាន​ជះ​លទ្ធផល​ល្អ​ដល់​ការ​គាំទ្រ​សេដ្ឋកិច្ច​អឺរ៉ុប​នៃ​កិច្ចសហប្រតិបត្តិការ​ពិសេស​ជាមួយ​នឹង​ម៉ុលដាវី ក្នុង​ការ​ទាញ​ប្រយោជន៍​រួម​គ្នា។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ អឺរ៉ុប និង​អាមេរិក បាន​ផ្ដល់​ឱ្យ​មូលនិធិ​ទៅ​កាន់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Maia Sandu នៅ​ពេល​ដែល​ប្រទេស​អតីត​រដ្ឋ​សហភាព​សូវៀត មួយ​នេះ ប្រឈម​នឹង​ការ​ធ្វើ​បាតុកម្ម​ករណី​វិបត្តិ​ថាមពល អតិផរណា និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច។

នៅ​ឆ្នាំ​២០២៣ ទីភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​អាមេរិក USAID បាន​ជួយ​ប្រទេស​នេះ ៣០០​លាន​ដុល្លារ​លើ​ការ​ធានា​ថាមពល​ក្នុង​ពេល​ដែល​អាមេរិក​ក្រោម​រដ្ឋការ​របស់​លោក ចូ បៃដិន ព្យាយាម​ទប់ទល់​ឥទ្ធិពល​របស់​រុស្ស៊ី និង​ជួយ​ពង្រឹង​គោលនយោបាយ​ថាមពល​របស់​ប្រទេស​ម៉ុលដាវី ដែល​កាត់ផ្ដាច់​ការ​ប្រើប្រាស់​ថាមពល​របស់​រុស្ស៊ី។

យ៉ាងណា ក្រោយ​មក ពេល​លោក ត្រាំ ចូល​កាន់​តំណែង លោក​បាន​បង្កក​ជំនួយ​ដែល​ត្រូវ​បន្ថែម​ទៅ​ឱ្យ​ម៉ុលដាវី ដោយ​ទុក​អឺរ៉ុប​ជា​អ្នក​ចេញ​មុខ​រ៉ាប់រង​ជំនួស​អាមេរិក។

ក្រោយពី​លោក ត្រាំ សម្រេច​លែង​ផ្ដល់​ជំនួយ​ឱ្យ​ម៉ុលដាវី សហភាព​អឺរ៉ុប​បាន​សម្រេច​លើក​គម្រោង​ផ្ដល់​ជំនួយ​ដល់​ទៅ ២​ពាន់​លាន​ដុល្លារ​ក្រោម​មូលនិធិ​ពិសេស ដើម្បី​ការ​ពង្រឹង​ឯករាជភាព​ថាមពល​សម្រាប់​ប្រទេស​ម៉ុលដាវី។ ជំនួយ​នេះ​ធ្លាក់​មក​ចំ​ពេល​ល្អ ព្រោះតែ​រដ្ឋាភិបាល​របស់​ម៉ុលដាវី ដែល​ជា​អ្នកគាំទ្រ​អឺរ៉ុប ហាក់​ធ្លាក់​សំឡេង​គាំទ្រ​ទៅ​កាន់​ក្រុម​ប្រឆាំង ហើយ​មាន​ការ​កើន​ឡើង​ភាព​ក្រីក្រ។

ការ​បោះឆ្នោត​នៅ​ម៉ុលដាវី ដែល​យុវជន​ប្រទេស​ម៉ុលដាវី ចេញ​ទៅ​បោះឆ្នោត​មាន​អត្រា​ច្រើន​ជាង​ការ​បោះឆ្នោត​អាណត្តិ​មុនៗ ជា​ការ​បង្ហាញ​ច្បាស់​ណាស់​ថា​យុវជន​ទាំងនោះ​សម្រេច​ទៅ​នៅ​ជាមួយ​អឺរ៉ុប ហើយ​ពិត​ជា​ចង់​ឱ្យ​អឺរ៉ុប​ទាញ​យក​ម៉ុលដាវី ជា​សមាជិក​របស់​ខ្លួន​ឱ្យ​បាន​ឆាប់​បំផុត។

ប្រទេស​ម៉ុលដាវី មាន​ព្រំដែន​ជាប់​នឹង​អ៊ុយក្រែន។ ប្រទេស​នេះ​មាន​ប្រជាជន​ជិត ៣​លាន​នាក់។ ម៉ុលដាវី បាន​បំបែក​ខ្លួន​ពី​សូវៀត នៅ​ឆ្នាំ​១៩៩១។ ចំណែក​តំបន់ Transnistria គឺជា​ដែនដី​អបគមន៍​នៃ​ប្រទេស​ម៉ុលដាវី ជា​ដែនដី​មួយ​ក្រោម​ឥទ្ធិពល​របស់​រុស្ស៊ី យ៉ាង​ខ្លាំង។

រុស្ស៊ី ព្យាយាម​បញ្ជូន​ទ័ព​ថែមទៀត​ទៅ​តំបន់​នេះ​ផង​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Maia Sandu ប្រឆាំង​ដាច់ខាត។ យ៉ាងណា នៅ​លើ​ដែនដី​អបគមន៍ Transnistria អាច​មាន​កងទ័ព​រុស្ស៊ី រួច​ទៅ​ហើយ ប៉ុន្តែ​មិន​អាច​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន​ពាន់​នាក់​នោះ​ទេ។ រុស្ស៊ី បាន​បញ្ជូន​ទ័ព​ចូល​ទៅ​តំបន់​អបគមន៍​ម៉ុលដាវី នៅ​មុន​រុស្ស៊ី លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២។

ដោយ​បារម្ភ​ខ្លាំង​ថា​ម៉ុលដាវី អាច​ធ្លាក់​ក្នុង​ដៃ​សហព័ន្ធ​រុស្ស៊ី សហភាព​អឺរ៉ុប​បាន​ដាក់​ចេញ​ផែនការ​ទាញ​យក​ម៉ុលដាវី ជា​សមាជិក​របស់​ខ្លួន​ឱ្យ​បាន​ឆាប់​បំផុត ឬ​យ៉ាងហោចណាស់​នៅ​ត្រឹម​ឆ្នាំ​២០២៨៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស