26.6 C
Phnom Penh

សាកសព​ពលករ​ខ្មែរ ២​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​រក​ឃើញ​ក្រោម​អគារ​បាក់​រលំ​ក្នុង​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អះអាង​ថា សាកសព​ពលករ​ខ្មែរ ២​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​រក​ឃើញ​បន្ថែម​ទៀត​នៅ​ថ្ងៃទី​១៤ ឧសភា នេះ ដែល​ជាប់​នៅ​ក្រោម​អគារ​បាក់​រលំ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​ថៃ កាលពី​ចុងខែ​មីនា កន្លង​ទៅ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​មរណភាព​នៃ​ពលករ​ខ្មែរ​ដែល​បណ្តាល​មកពី​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា សាកសព​ប្តី​ប្រពន្ធ​ពលករ​ខ្មែរ ២​នាក់​ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ទើប​នឹង​ត្រូវ​បាន​រក​ឃើញ​ក្នុង​គំនរ​អគារ​បែកបាក់​នៅ​ថ្ងៃទី​១៤ ឧសភា នេះ និង​កំពុង​ត្រៀម​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ។

ប្រភព​ដដែល​អះអាង​ថា យោង​តាម​លទ្ធផល​នៃ​ការ​ពិនិត្យ​កោសល្យវិច័យ DNA របស់​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​កោសល្យវិច័យ​នៃ​មន្ទីរពេទ្យ​នគរបាល​ជាតិ​ប្រទេស​ថៃ បញ្ជាក់​ថា សាកសព​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ គឺ​ពិត​ជា​ឈ្មោះ សាន់ សឿន និង​ភរិយា​ឈ្មោះ សុខ គឹមសី ដែល​បាន​ទទួល​មរណភាព​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ ពិតប្រាកដ​មែន។

ក្រសួង​ការងារ​កម្ពុជា បញ្ជាក់​ថា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ក្រសួង​ស្ថាប័ន និង​មន្ត្រី​ពាក់ព័ន្ធ កំពុង​រៀបចំ​សម្របសម្រួល​បែបបទ​ដើម្បី​ដឹក​សព​ជនរងគ្រោះ​ទាំង ២​នាក់​នេះ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០២៥ កញ្ញា សាន់ ដែន ដែល​ត្រូវ​ជា​ប្អូនស្រី​ជនរងគ្រោះ​ឈ្មោះ សាន់ សឿន និង​អ្នកស្រី សុខ គឹមសី ដែល​រស់នៅ​ភូមិ​តាម៉ា សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បាន​អះអាង​ថា បងប្រុស​របស់​ខ្លួន​ធ្វើ​ការងារ​ជា​ជាង​ក្រាល​ការ៉ូ ក៏​បាន​បាត់​ខ្លួន​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​អំឡុង​ពេល​ធ្វើការ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​ក្នុង​ប្រទេស​ថៃ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការងារ​កម្ពុជា បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃទី​១៤ ខែ​ឧសភា នេះ មាន​មនុស្ស​ជាង ១០០​នាក់​បាន​ស្លាប់ (១០៩​នាក់) ១៩​នាក់​រង​របួស និង ៤​នាក់​ទៀត​កំពុង​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៨ ខែ​មីនា កន្លង​ទៅ​នោះ។

របាយការណ៍​ដដែល​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​នេះ មាន​ពលករ​ខ្មែរ ៤​នាក់​បាន​ស្លាប់ និង ២​នាក់​ទៀត​រង​របួស ក្នុង​នោះ ជនរងគ្រោះ​ម្នាក់​បាន​បាក់​កែងជើង និង​ម្នាក់​ទៀត​របូត​គន្លាក់​ជង្គង់។

កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៥ ប្រទេស​ថៃ មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត​ធ្ងន់​រហូត​បណ្តាល​ឱ្យ​អគារ​កម្ពស់ ៣០​ជាន់​បាក់​រលំ និង​មាន​កម្មករ​រាប់​សិប​នាក់​ជាប់​នៅ​ក្នុង​អគារ​នោះ។

ជុំវិញ​ហេតុការណ៍​បាក់​រលំ​អគារ​នេះ អាជ្ញាធរ​ថៃ បាន​បើក​ការ​ស៊ើបអង្កេត​លើ​គុណភាព​សំណង់​អគារ​ដែល​បាក់​រលំ​នោះ ដោយ​យក​សំណាក​ដែក​ក្នុង​គំនរ​បាក់បែក​នោះ​ទៅ​ធ្វើ​ពិសោធ ហើយ​ជា​លទ្ធផល​បាន​បង្ហាញ​ថា ដែក​ដែល​ប្រើ​សម្រាប់​សាងសង់​អគារ​នោះ​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់​ឡើយ។

ជនជាតិ​ចិន ម្នាក់ និង​ជនជាតិ​ថៃ ៣​នាក់​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ការ​សាងសង់​អគារ​បាក់​រលំ​នោះ ត្រូវ​បាន​នគរបាល​ថៃ ចាប់​ខ្លួន​ភ្លាមៗ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស