26.9 C
Phnom Penh

តើ​តំបន់ Donbas ដែនដី​អ៊ុយក្រែន ភាគ​ខាង​កើត មាន​សារសំខាន់​យ៉ាងណា​សម្រាប់​រុស្ស៊ី?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ ទី​១៥ សីហា រវាង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវ​បាន​រាយការណ៍​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា និង​យល់ព្រម​ថា អ៊ុយក្រែន គួរតែ​ប្រគល់​តំបន់ Donetsk និង Luhansk ក្នុង​តំបន់ Donbas ទៅ​ឲ្យ​រុស្ស៊ី។

លោក ពូទីន បាន​បង្ហាញ​នូវ​ចេតនា​ចង់​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន ដក​ខ្លួន​ចេញពី​តំបន់​នោះ​ទាំងស្រុង។

ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ លោក ពូទីន តែងតែ​លើកឡើង​អំពី​សារសំខាន់​នៃ​តំបន់ Donetsk និង Luhansk ដែល​ខេត្ត​ពីរ​នេះ​របស់​អ៊ុយក្រែន ស្ថិត​ក្នុង​តំបន់ Donbas ភាគ​ខាងកើត​អ៊ុយក្រែន។ នៅ​ពេលនេះ Donbas កំពុង​ធ្លាក់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​រវាង​កងទ័ព​រុស្ស៊ី និង​កងទ័ព​អ៊ុយក្រែន។ ថ្នាក់​ដឹកនាំ​រុស្ស៊ី ជាច្រើន តែងតែ​អះអាង​ថា តំបន់​នេះ​មាន​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ជាមួយ​រុស្ស៊ី និង​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ដំណែល​នៃ​សហភាព​សូវៀត។

ទោះជាយ៉ាងណា​ក៏ដោយ តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន តំបន់​នេះ​នៅតែ​ជា​កម្មសិទ្ធិ​របស់​អ៊ុយក្រែន។ និយាយ​ទៅ ទាំង​ខេត្ត Donetsk និង Luhansk នៅតែ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​អ៊ុយក្រែន បើ​ទោះ​ពេល​នោះ សាធារណរដ្ឋ​សង្គម​និយម​សូវៀត ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩១៩ ហើយ​អ៊ុយក្រែន ជា​រដ្ឋ​មួយ​របស់​សូវៀត ក៏ដោយ។

នៅ​ដើម​សតវត្ស​ទី​១៩ និង​សម័យកាល​សូវៀត Donbas ជា​តំបន់​ឧស្សាហកម្ម​សំខាន់​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ។ គេ​ហៅថា​សម័យកាល​វិស័យ​រ៉ែ​ធ្យូង​ថ្ម ដែក និង​គីមី ក្នុង​សតវត្ស​ទី​២០ គឺ​ចំ​ពេល​ប្រជាជន​មកពី​ទូទាំង​សហភាព​សូវៀត បាន​ផ្លាស់​ទីលំនៅ​សម្រុក​ទៅ​នៅ​តំបន់ Donbas ដើម្បី​ស្វែងរក​ការងារ។

សូម្បីតែ​មុន​ឆ្នាំ​២០១៤ ភាគច្រើន​ប្រជាជន​នៅ​ទីនេះ និយាយ​ភាសា​រុស្ស៊ី សុទ្ធតែ​ជា​ជន​ចំណាកស្រុក។

ខណៈ​ប្រជាជន​ភាគ​ខាងលិច​នៃ​ប្រទេស​អ៊ុយក្រែន ចង់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ប្រទេស​សហភាព​អឺរ៉ុប ប៉ុន្តែ​ភាគ​ខាងកើត​អ៊ុយក្រែន មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ទីក្រុង​មូស្គូ ឃើញ​ថា​អតីត​ប្រធានាធិបតី​អ៊ុយក្រែន លោក Viktor Yanukovych ជា​មេដឹកនាំ​អ៊ុយក្រែន រណប​រុស្ស៊ី ក៏​មាន​ដើមកំណើត​កើត​នៅ​តំបន់​ខេត្ត Donetsk ហើយ​ជា​អ្នក​នយោបាយ​ពេញ​រូបរាង​នៅ​ក្នុង​តំបន់​នេះ​ដែរ។

កាលពី​បដិវត្ត Maidan ឆ្នាំ​២០១៤ លោក Viktor Yanukovych ត្រូវ​បាន​ផ្ដួល​រំលំ ហើយ​បាន​ភៀសខ្លួន​ទាំង​គ្រួសារ​ទៅ​រស់នៅ​ប្រទេស​រុស្ស៊ី។ ភ្លាមៗ​នោះ តំបន់ Donbas បាន​ក្លាយ​ជា​តំបន់​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ទីក្រុង​មូស្គូ និង​ទីក្រុង​គៀវ។

លោក Viktor Yanukovych គឺជា​ប្រធានាធិបតី​អ៊ុយក្រែន ដែល​បាន​ចុះហត្ថលេខា​កាត់​ទឹកដី​គ្រីមៀរ បញ្ចូល​ក្នុង​ដែនដី​របស់​រុស្ស៊ី ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤។ ក្នុង​ឆ្នាំ​២០១៤ ក៏​ផ្ទុះ​ចលាចល​រាលដាល​នៅ​តំបន់ Donbas ភាគ​ខាងកើត​អ៊ុយក្រែន ព្រោះ​ប្រជាជន​រុស្ស៊ី ជា​ជន​ចំណាកស្រុក ក៏​បាន​ផ្ដើម​រើ​ខ្លួន​ទាមទារ​ឱ្យ​មាន​ការ​ផ្ដាច់ Donbas ទៅ​ខាង​រុស្ស៊ី ជាមួយ​នឹង​ក្រុម​ប្រដាប់​អាវុធ ត្រូវ​បាន​រុស្ស៊ី បង្កើត​ឡើង​ឱ្យ​កាន់​អាវុធ​វាយប្រហារ​ដណ្ដើម​យក Donbas ពី​រដ្ឋាភិបាល​របស់​អតីត​ប្រធានាធិបតី​អ៊ុយក្រែន លោក Petro Poroshenko។ គោលដៅ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន ដែល​បង្កើត​កងទ័ព​ឧទ្ទាម​ឱ្យ​វាយ​យក​តំបន់ Donbas គឺ​ដើម្បី​បង្កើត​តំបន់​នេះ​ជា​សាធារណរដ្ឋ​មួយ​មាន​ខេត្ត Donetsk និង Luhansk ចំណុះ​ដែនដី​រុស្ស៊ី ដូច​នឹង​តំបន់​គ្រីមៀរ បច្ចុប្បន្ន​នេះ។

ទោះជា​វិមាន​ក្រឹមឡាំង សង្ឃឹម​ទទួល​បាន​ការ​គាំទ្រ​ពី​ជនជាតិ​អ៊ុយក្រែន ដែល​និយាយ​ភាសា​រុស្ស៊ី វា​នៅតែ​មិន​ទាន់​បង្ហាញ​លទ្ធផល​ល្អ​ឡើយ។ ជាក់ស្តែង សង្គ្រាម​ភាគ​ខាងកើត​អ៊ុយក្រែន នៅ​ពេលនេះ បាន​បង្កើន​ការ​អាក់អន់​ចិត្ត​ចំពោះ​វិមាន​ក្រឹមឡាំង ព្រោះតែ​ប្រជាជន​ដែល​និយាយ​ភាសា​រុស្ស៊ី ភាគច្រើន​មិន​ស្ម័គ្រចិត្ត​កាន់​អាវុធ​ជួយ​កងទ័ព​រុស្ស៊ី វាយប្រហារ​លើ​កងទ័ព​អ៊ុយក្រែន ដែល​អ្នកវិភាគ​ថា​ប្រជាជន​ទាំងនោះ​មិន​ចង់​រស់នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ពូទីន ជា​ជន​ផ្ដាច់ការ​នោះ​ទេ។

ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី ដែល​បាន​ធំធាត់​ឡើង​ក៏​ចេះ​និយាយ​ភាសា​រុស្ស៊ី ដែរ។ លោក ហ្សេឡេនស្គី បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៩ ដែល​តំបន់​ភាគ​ខាងកើត​នេះ ពួកគេ​ភាគច្រើន​បោះឆ្នោត​គាំទ្រ​លោក ហ្សេឡេនស្គី ដូច​នឹង​ប្រជាជន​រស់នៅ​ទីក្រុង​គៀវ ផង​ដែរ។

ក្នុង​អំឡុង​យុទ្ធនាការ​បោះឆ្នោត លោក ហ្សេឡេនស្គី ចេះ​ប្រើ​វិធីសាស្ត្រ​បញ្ចប់​ជម្លោះ​ដោយ​រក្សា​អធិបតេយ្យភាព​អ៊ុយក្រែន ដែល​ទទួល​ការ​យល់ព្រម​យ៉ាង​ទូលំទូលាយ​ពី​ប្រជាជន​អ៊ុយក្រែន។

តែ​យ៉ាងណា Donbas គឺ​ចំណុច​សំខាន់​ណាស់​សម្រាប់​លោក ពូទីន នៅ​ពេល​ដែល​លោក​បញ្ជា​ទ័ព​រុស្ស៊ី ចាប់ផ្តើម​ការ​លុកលុយ​ពេញលេញ​លើ​អ៊ុយក្រែន ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ គឺ​តំបន់ Donbas ទាំងមូល បាន​ធ្លាក់​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី ទៅ​ហើយ។ តែ​ជិត ៤​ខែ​នៃ​សង្គ្រាម ស្រាប់តែ​រុស្ស៊ី បាក់​ទ័ព​នៅ​ភាគ​ខាងជើង​រដ្ឋធានី​គៀវ គឺជា​ឱកាស​ទ័ព​អ៊ុយក្រែន នៅ​ពេល​វាយ​រុញច្រាន​ទ័ព​រុស្ស៊ី ដោយ​វាយ​យក​បាន​មក​វិញ​តំបន់​មួយ​ចំនួន​នៅ​ខេត្ត Donetsk និង Luhansk។ នៅ​ពេលនេះ រុស្ស៊ី​កំពុង​វាយ​កាន់កាប់​បាន​ជាង ៨០​ភាគរយ​នៃ​ផ្ទៃដី​សរុប​ជាង ៥៣០០០​គីឡូម៉ែត្រ​ក្រឡា។ ចំពោះ​សមរភូមិ​ខេត្ត Donetsk អ៊ុយក្រែន នៅ​កាន់កាប់​បាន ៣០​ភាគរយ។

នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍ លោក ពូទីន អះអាង​ថា “ប្រតិបត្តិការ​យោធា​ពិសេស” ត្រឹមត្រូវ ដោយ​សាធារណរដ្ឋ Donbas បាន​សុំ​ជំនួយ​ពី​រុស្ស៊ី។ លោក ពូទីន បន្ថែម​ថា ប្រជាជន​ភាគ​ខាងកើត​អ៊ុយក្រែន និយាយ​ភាសា​រុស្ស៊ី ប៉ុន្តែ​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ពី​ទីក្រុង​គៀវ។ លោក​អះអាង​ថា ប្រជាជន​ទាំងនោះ​កំពុង​ប្រឈមមុខ​នឹង “អំពើ​ប្រល័យ​ពូជសាសន៍” ដែល​ចាំ​រុស្ស៊ី ត្រូវ​លើក​ទ័ព​ចូល​ទៅ​រំដោះ​ពួកគេ​ចេញពី​អំពើ​ប្រល័យ​ពូជសាសន៍​របស់​កងទ័ព​ណាហ្ស៊ី​អ៊ុយក្រែន។

តំបន់ Donbas មុន​សង្គ្រាម​នេះ​មាន​ប្រជាជន​ជាង ៤​លាន​នាក់ និង​ជា​តំបន់​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ ដូចជា ធ្យូង​ថ្ម រ៉ែ​ដែក លីចូម ទីតានីញ៉ូម និង​រ៉ែ​កម្រ​ផ្សេង​ទៀត​ដែល​មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​អេឡិចត្រូនិក។

តំបន់ Donbas និង​ជួរមុខ​នៅ​ភាគ​ខាងត្បូង​អ៊ុយក្រែន មាន​សារសំខាន់​ដូច​គ្នា​សម្រាប់​រុស្ស៊ី និង​អ៊ុយក្រែន។ សម្រាប់​វិមាន​ក្រឹមឡាំង វា​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ក្នុង​ការ​រក្សា​ភ្ជាប់​ដែនដី Donbas និង​ភាគ​ខាងត្បូង​អ៊ុយក្រែន ទៅ​កាន់​ឧបទ្វីប​គ្រីមៀរ និង​អាច​ចូល​ដល់​ទឹកដី​រុស្ស៊ី វិញ​តាមរយៈ​ស្ពាន Kerch គ្រីមៀរ។

ប្រសិនបើ​រុស្ស៊ី ទទួល​បាន​ការ​គ្រប់គ្រង​លើ Donbas និង​តំបន់ Zaporizhzhia និង Kherson នោះ​ការ​កាន់កាប់​របស់​រុស្ស៊ី មាន​ភាព​ទូលំទូលាយ​លាតសន្ធឹង​ចូល​ទៅ​កាន់​ជ្រោយ​ឧបទ្វីប​គ្រីមៀរ គឺ​មាន​ទំហំ​ធំ​មហាសាល។ ចំពោះ​អ៊ុយក្រែន នឹង​បាត់​សិទ្ធិ​ចូល​ទៅ​កាន់​សមុទ្រ Azov ទៀត​ផង។

សម្រាប់​អ៊ុយក្រែន Donbas មាន​តម្លៃ​ខ្លាំង​ខាង​ផ្នែក​យោធា និង​សេដ្ឋកិច្ច។ រដ្ឋាភិបាល​អ៊ុយក្រែន បាន​បង្កើត​ខ្សែក្រវាត់​ការពារ និង​បន្ទាយ​ទាហាន​ក្នុង​តំបន់​ដែល​នៅ​សល់​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន ជាពិសេស​នៅ​ក្នុង​ខេត្ត Donetsk ដែល​របាំង​ការពារ​ភាគ​កណ្តាល​ប្រទេស​អ៊ុយក្រែន។ ខ្សែក្រវាត់​ការពារ​នេះ​រួម​មាន ទីក្រុង​សំខាន់ៗ ដូចជា ទីក្រុង Kramatorsk, Sloviansk, Kostyantynivka, Chasiv Yar និង Pokrovsk ដែល​កងទ័ព​អ៊ុយក្រែន តស៊ូ​វាយបក​ការពារ​កាន់កាប់​បាន​មក​ដល់​ពេលនេះ​ក្នុង​សង្គ្រាម​វាយលុក​យ៉ាង​ខ្លាំង​ពី​សំណាក់​ទ័ព​មហាអំណាច​រុស្ស៊ី។

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​កំពុង​ប្រឹងប្រែង​រក្សា​តំបន់ Donbas ទុក​នៅ​ក្រោម​ការ​គ្រប់គ្រង​អ៊ុយក្រែន ដោយ​មិន​បោះបង់​ចោល​ដាច់ខាត។

ទោះជាយ៉ាងណា មិន​ងាយស្រួល​ទេ​សម្រាប់​ប្រជាជន​អ៊ុយក្រែន ចំពោះ​ការ​ធ្វើ​ឱ្យ​ទឹកដី​បាត់បង់ ព្រោះ​រដ្ឋធម្មនុញ្ញ​មិន​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​របស់​ខ្លួន​មាន​សិទ្ធិ​អំណាច​ផ្ដល់ ឬ​លក់​ទឹកដី កាត់​ទឹកដី​ទៅ​ឱ្យ​ប្រទេស​ជិតខាង​ដាច់ខាត រាប់​ទាំង​រុស្ស៊ី ផង​ដែរ។ ការ​ស្ទង់មតិ​ថ្មី​នេះ​បាន​ឱ្យ​ដឹង​ថា ប្រហែល ៧៥% នៃ​ប្រជាជន​អ៊ុយក្រែន ប្រឆាំង​នឹង​ការ​ផ្តល់​ទឹកដី​ណា​មួយ​ថែមទៀត​ទៅ​ឱ្យ​រុស្ស៊ី៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស