28 C
Phnom Penh

រុស្ស៊ី វាយប្រហារ​ទីក្រុង​គៀវ របស់​អ៊ុយក្រែន ដោយ​ដ្រូន​និង​មីស៊ីល​ជាង ៦០០​គ្រាប់ សម្លាប់​មនុស្ស ១៤​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​កណ្តាល​ទីក្រុង​គៀវ ពលរដ្ឋ​អ៊ុយក្រែន​ច្រើន​លាន​នាក់ បាន​ឆ្លងកាត់​ស្ថានភាព​ដ៏​ស្លុត​រន្ធត់ គឺ​នៅ​យប់​ថ្ងៃ​ពុធ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ សីហា កងទ័ព​រុស្ស៊ី បាន​ប្រើ​ដ្រូន​ជិត ៦០០​គ្រឿង និង​មីស៊ីល​ជាង ៣០​គ្រាប់ សម្រុក​វាយប្រហារ​យ៉ាង​សន្ធាប់​លើ​រដ្ឋធានី​គៀវ ដែល​បាន​សម្លាប់​ពលរដ្ឋ​អ៊ុយក្រែន ជាច្រើន​នាក់។

បើ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ សីហា អ្នក​ស្លាប់ ១៤​នាក់ ក្នុង​នោះ​កុមារ ៣​នាក់ និង​អ្នក​របួស​មាន​ជាង ៤០​នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​រដ្ឋធានី​គៀវ។

សារព័ត៌មាន​អ៊ុយក្រែន RBC Ukraine ចុះផ្សាយ​ថា លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន សម្ដែង​ប្រតិកម្ម​ថា កងទ័ព​រុស្ស៊ី បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ចំ​កណ្ដាល​បេះដូង​ប្រទេស​អ៊ុយក្រែន គឺ​រដ្ឋធានី​គៀវ។

តាម​លោក ហ្សេឡេនស្គី ការ​វាយប្រហារ​របស់​រុស្ស៊ី បាន​បង្ហាញ​ឲ្យ​ឃើញ​ថា របប​នៅ​ទីក្រុង​មូស្គូ ដាក់​ផែនការ​បាញ់​មីស៊ីល​បាលិស្ទិក ជា​ការ​បន្ត​សម្លាប់​មនុស្ស បង្ក​ការ​ឈឺចាប់​ដល់​ប្រជាជន​អ៊ុយក្រែន ឥត​ស្ដាយ​ក្រោយ​ឡើយ។

លោក​ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី បាន​សង្កត់​ធ្ងន់​ថា ការ​វាយប្រហារ​នេះ គឺជា​ចម្លើយ​ពី​រុស្ស៊ី ចំពោះ​ការ​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ ដោយ​រុស្ស៊ី សម្រេច​ជ្រើសរើស​ផ្លោង​មីស៊ីល​ជំនួស​ឲ្យ​តុ​ចរចា។

ជា​ថ្មី​ម្តង​ទៀត លោក ហ្សេឡេនស្គី បាន​បន្ត​អំពាវនាវ​ឱ្យ​អន្តរជាតិ បញ្ចេញ​ប្រតិកម្ម​ធ្ងន់ៗ និង​ជាបន្ទាន់​ចំពោះ​ទង្វើ​របស់​រុស្ស៊ី ហើយ​ជាពិសេស​ស្នើ​ឱ្យ​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី ដូចជា​ចិន និង​ហុងគ្រី ត្រូវ​ដូរ​ជំហរ​ចេញពី​ការ​គាំទ្រ​រុស្ស៊ី។

លោក ហ្សេឡេនស្គី បាន​អំពាវនាវ​ទៅ​ប្រទេស​ចិន ដែល​តាំង​ខ្លួន​ជា​ប្រទេស​អព្យាក្រឹត និង​ប្រទេស​ហុងគ្រី ឲ្យ​ចូលរួម​សាមគ្គី​ក្នុង​ជំហរ​រួម​មួយ​ដាក់​សម្ពាធ​ទៅ​លើ​របប​នៅ​ក្រុង​មូស្គូ។ លោក ហ្សេឡេនស្គី ក៏​កំពុង​រង់ចាំ​ប្រតិកម្ម​ពី​ពិភពលោក​ទាំងមូល​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​រុស្ស៊ី តែ​សង្ឃឹម​ថា​បណ្តា​ប្រទេស​ដែល​មាន​អំណាច និង​សេដ្ឋកិច្ច​ខ្លាំង នឹង​ចូលរួម​ដាក់​បន្ថែម​ទណ្ឌកម្ម​សង្កត់​រុស្ស៊ី ថែមទៀត ជាពិសេស លោក ហ្សេឡេនស្គី កំពុង​រង់ចាំ​លោក ដូណាល់ ត្រាំ ថា​តើ​ប្រតិកម្ម​ដូចម្ដេច​ទៀត​ចំពោះ​ទង្វើ​ដ៏​ឃោរឃៅ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន។

តាម​អាជ្ញាធរ​ក្រុង​គៀវ ការ​វាយប្រហារ​របស់​រុស្ស៊ី នៅ​ពេលនេះ រុស្ស៊ី​បាញ់​បង្ហោះ​ដ្រូន ៥៩៨​គ្រឿង និង​មីស៊ីល ៣១​គ្រាប់ ក្នុង​នោះ​មាន​មីស៊ីល​បាលិស្ទិក Iskander ៩​គ្រាប់ ជា​មីស៊ីល​ដ៏​មាន​អានុភាព​យ៉ាង​ខ្លាំង។

រលក​នៃ​ការ​វាយប្រហារ​លើក​នេះ បាន​ប៉ះពាល់​ទៅ​ដល់​អគារ​លំនៅឋាន កន្លែង​អគារ​ការិយាល័យ​ធ្វើការ និង​សួន​កុមារ​កម្សាន្ត ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​ចំនួន​ជាង ២០​ទីតាំង​សំខាន់ៗ​នៅ​តំបន់​គៀវ។ អគារ​ស្នាក់នៅ​ខ្លះ​កម្ពស់ ៥​ជាន់ ត្រូវ​គ្រាប់​មីស៊ីល​រុស្ស៊ី ធ្វើ​ឲ្យ​រលំ​បាក់​រាប​ដល់​ដី។ ជាមួយ​គ្នា​នេះ ការិយាល័យ​របស់​ស្ថាន​បេសកកម្ម​សហភាព​អឺរ៉ុប​ប្រចាំ​ក្រុង​គៀវ តាម​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​អ៊ុយក្រែន អ្នកស្រី Katarina Mathernova ក៏​បាន​អះអាង​ថា អគារ​ប្រតិភូ​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​គៀវ បាន​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដែរ។ សាលា​មួយ​កន្លែង​ជា​សាលា​បង្រៀន​ភាសា​អង់គ្លេស​នៅ​ក្រុង​គៀវ ក៏​រងគ្រោះ​បាក់បែក​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ប្រកាស​បិទ​ទ្វារ​ចាប់ពី​ពេលនេះ​តទៅ។

ទោះជា​យ៉ាងនេះ​ក្តី ភាគី​រុស្ស៊ី អះអាង​ថា ការ​វាយប្រហារ​របស់​ខ្លួន​សំដៅ​តែ​ទៅ​លើ​ទីតាំង​យោធា​តែប៉ុណ្ណោះ។

ក្នុង​ស្ថានភាព​អាសន្ន​នេះ ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់​ប្រមាណ ៥០០​នាក់ និង​ប៉ូលិស​ជាង ១០០០​នាក់ ចូលរួម​ជួយ​សង្គ្រោះ​ពន្លត់​ភ្លើង និង​ស្វះ​ស្វែងរក​មនុស្ស​ដែល​បាត់​ខ្លួន​នៅ​ក្រោម​គំនរ​បាក់បែក​ដោយសារ​អគារ​ដួល​រលំ។

ភ្លាមៗ​នោះ ប្រធានាធិបតី​បារាំង បាន​ហៅ​ការ​វាយប្រហារ​ពី​រុស្ស៊ី ថា​ជា​អំពើ​ឃោរឃៅ​ព្រៃផ្សៃ​បំផុត ដែល​វិមាន​ក្រឹមឡាំង មិន​ចង់​បញ្ចប់​សង្គ្រាម​ឡើយ។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក António Costa ថ្លែង​ថ្កោលទោស​រុស្ស៊ី តែ​លោក​រំលែក​ទុក្ខ​ចំពោះ​ជនរងគ្រោះ​អ៊ុយក្រែន និង​ប្រកាស​ថា សហភាព​អឺរ៉ុប នៅតែ​ប្ដេជ្ញាចិត្ត​បន្ត​ជួយ​គាំទ្រ​អ៊ុយក្រែន ជានិច្ច ហើយ​ថា​ការ​ចាត់​វិធានការ​ថ្មី​ប្រឆាំង នឹង​ត្រូវ​កំណត់​ឡើង។

ការ​វាយប្រហារ​ដ៏​ខ្លាំង​ពី​រុស្ស៊ី លើ​រដ្ឋធានី​គៀវ នៅ​យប់​ចូល​ដល់​ថ្ងៃទី​២៨ សីហា តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ដែល​រុស្ស៊ី អះអាង​ថា កងកម្លាំង​របស់​ខ្លួន​ចាប់​យក​បាន​ទីតាំង​ថ្មី​មួយ​ទៀត​ក្នុង​តំបន់ Dnipropetrovsk ខាង​អ៊ុយក្រែន។

តាម​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ភូមិ​ដែល​ទ័ព​រុស្ស៊ី ចាប់​យក​បាន គឺ​មាន​ឈ្មោះ Filia ស្ថិត​នៅ​ក្នុង​តំបន់ Dnipropetrovsk គឺជា​ទីតាំង​ថ្មី។ ក្រុង​មូស្គូ និយាយ​ទៀត​ថា ខ្លួន​កំពុង​ធ្វើ​ផ្លូវ​ចូល​ទៅ​ក្នុង​តំបន់ Dnipropetrovsk ប៉ុន្តែ​កងកម្លាំង​អ៊ុយក្រែន បាន​និង​កំពុង​វាយបក​ដើម្បី​យក​ភូមិ​នានា​នៅ​ក្នុង​តំបន់ Donetsk ដែល​ជា​ការ​វាយ​ទប់ស្កាត់​ការ​ឈាន​ទៅ​មុខ​របស់​ទ័ព​រុស្ស៊ី។

មេបញ្ជាការ​កំពូល​កងទ័ព​អ៊ុយក្រែន ឧត្ដមសេនីយ៍ Oleksandr Syrskyi បាន​និយាយ​ថា កងកម្លាំង​អ៊ុយក្រែន បាន​ដណ្តើម​យក​ភូមិ​ចំនួន​៣ មក​វិញ​នៅ​តំបន់ Donetsk។

សង្គ្រាម​បង្ក​ដោយ​រុស្ស៊ី នៅ​អ៊ុយក្រែន ចូល​ដល់​ជាង ៣​ឆ្នាំ ៦​ខែ​ហើយ។ ផែនការ​សន្តិភាព​ផ្តើម​គំនិត​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​ត្រូវ​បាន​លោក ពូទីន លេង​សើច ហើយ​បន្ត​អូស​ពេលវេលា ព្រោះតែ​ទ័ព​រុស្ស៊ី កំពុង​មាន​ប្រៀប​ជាង​ទ័ព​អ៊ុយក្រែន នៅ​លើ​សមរភូមិ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស