អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងថា មិត្តចិន សន្យាផ្ដល់ជំនួយមនុស្សធម៌ ២០លានយ៉ន់ ស្មើនឹងប្រមាណជា ២,៨លានដុល្លារអាមេរិក ដើម្បីស្ដារការខូចខាតជុំវិញជម្លោះព្រំដែនជាមួយប្រទេសថៃ និងជនភៀសសឹកនៅកម្ពុជា។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូក នៅថ្ងៃទី២ កញ្ញា នេះថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាត់ទុកវត្តមាននាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំនេះ គឺជាឱកាសដ៏សំខាន់ដើម្បីបន្តរឹតចំណងមិត្តភាពដែកថែបឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ប្រភពដដែលអះអាងថា កម្ពុជា-ចិន បានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យអាទិភាពនានា ដូចជា វិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសន្តិសុខការពារជាតិផងដែរ។
អង្គភាពអ្នកនាំពាក្យដដែលនេះ បញ្ជាក់ថា ក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាក់នូវការគាំទ្រកិច្ចព្រមព្រៀងឈប់បាញ់ យន្តការសង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់ផងដែរ ខណៈចិន កំពុងតាមដានលើករណីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលនេះយ៉ាងយកចិត្តទុកដាក់បំផុត។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន ដែលមានការចូលរួមពីមេដឹកនាំ ២៥ប្រទេស ដូចជា រុស្ស៊ី ឥណ្ឌា ម៉ាឡេស៊ី ឡាវ និងវៀតណាម ជាដើម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី០១ ខែកញ្ញា នេះថា ក្នុងពេលកំពុងរងគ្រោះដោយអំពើឈ្លានពានរបស់ប្រទេសថៃ នាពេលនេះ កម្ពុជាត្រូវថ្លឹងថ្លែងរាល់ទំនាក់ទំនងនយោបាយការទូតកុំឲ្យល្អៀងទៅរកបរទេសណាមួយដាច់ខាត។
លោក ម៉ែន ណាត បញ្ជាក់ថា ការរក្សាអព្យាក្រឹត្យ គឺអាចផ្តល់ឱកាសសម្រាប់កម្ពុជាពឹងពាក់អន្តរជាតិ និងបណ្តាប្រទេសជាមិត្ត រួមទាំងមហាអំណាច ដើម្បីជួយផ្តល់យុត្តិធម៌ដល់ខ្លួនជុំវិញការឈ្លានពានរបស់ប្រទេសថៃ ក្នុងពេលនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

