កាលពីថ្ងៃទី៤ កញ្ញា មុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅសភាថៃ លោក ថាក់ស៊ីន បានចាកចេញទៅកាន់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដើម្បីទទួលការព្យាបាលជំងឺ ដោយសារទីនោះមានគ្រូពេទ្យដែលបានតាមដានស្ថានភាពសុខភាពរបស់លោកអស់ជាច្រើនឆ្នាំ។
លោក ថាក់ស៊ីន បានសន្យាចំពោះមុខសមត្ថកិច្ចអន្តោប្រវេសន៍ថៃ នៅព្រមានយន្តហោះដនមឿង ថា លោកត្រូវត្រឡប់មកប្រទេសថៃ វិញមុន ឬនៅថ្ងៃទី៨ កញ្ញា ដើម្បីបង្ហាញខ្លួននៅតុលាការ។ នេះបើតាមសារព័ត៌មាន Thai Inquirer ចុះផ្សាយនៅថ្ងៃទី៨ កញ្ញា។
ការវិលមកវិញរបស់អ្នកនយោបាយថៃ ជាប់ពិរុទ្ធភាព ធ្វើឡើងមួយថ្ងៃមុនសវនាការរបស់តុលាការកំពូល ទាក់ទងនឹងការព្យាបាលរបស់លោកនៅមន្ទីរពេទ្យប៉ូលិស នៅក្រុងបាងកក ក្នុងខែសីហា ឆ្នាំ២០២៣ ជំនួសឱ្យការជាប់ឃុំក្នុងពន្ធនាគារ ដែលត្រូវបានចោទថា លោក ថាក់ស៊ីន ធ្វើពុតជាឈឺ មិនព្រមឱ្យគេឃុំខ្លួន។
សវនាការរបស់តុលាការ នឹងបញ្ជាក់ថា តើរយៈពេលដែលលោកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាជាការភូតកុហក ឬដូចម្ដេច។
លោក ថាក់ស៊ីន អាយុ ៧៦ឆ្នាំ បានកាន់តំណែងនាយករដ្ឋមន្ត្រីថៃ ចាប់ពីឆ្នាំ២០០១ ប៉ុន្តែត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធានៅឆ្នាំ២០០៦។ លោកបានត្រឡប់មកប្រទេសថៃ វិញ នៅខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ។
អតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានកាត់ទោសឱ្យជាប់ឃុំ ៨ឆ្នាំពីបទរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែត្រូវបានលើកលែងទោសឱ្យនៅសល់ត្រឹមមួយឆ្នាំ ដែលស្មើនឹងរយៈពេលដែលលោកសម្រាកនៅមន្ទីរពេទ្យ។ ចុងក្រោយ បទចោទដែលថាលោកប្រមាថចេស្ដាព្រះមហាក្សត្ររបស់ខ្លួន ក៏ត្រូវបានលើកលែងទោស ក្រោយពីតុលាការកំពូលទម្លាក់បទចោទនេះ។
កាលត្រឡប់មកវិញរបស់លោក ថាក់ស៊ីន ក្រោយពីកូនស្រីរបស់លោក គឺអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានទម្លាក់ចេញពីតំណែងនាយករដ្ឋមន្ត្រីនៅចុងខែសីហា ដោយតុលាការធម្មនុញ្ញ ដោយរកឃើញកំហុសពីបទរំលោភក្រមសីលធម៌ស្តង់ដា និងរដ្ឋធម្មនុញ្ញ ករណីបែកធ្លាយសំឡេងសន្ទនាតាមទូរសព្ទជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
យ៉ាងណា ការវិលមកវិញរបស់លោក ថាក់ស៊ីន ទំនងលោក ថាក់ស៊ីន រំពឹងថាលោកនឹងអាចរួចពីទោសកំហុសដែលចោទលោកថា ភូតភរថាខ្លួនលោកឈឺ ត្រូវព្យាបាលនៅមន្ទីរពេទ្យរបស់ប៉ូលិសនៃស្នងការដ្ឋាននគរបាលក្រុងបាងកក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

