27.4 C
Phnom Penh

លោក មាជ សុវណ្ណារ៉ា៖ តុលាការ​ថៃ​លើកលែង​ទោស​ឱ្យ​លោក ថាក់ស៊ីន គឺ​មាន​បំណង​ប្រមូល​កម្លាំង​ប្រឆាំង​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ក្រៅ​រដ្ឋាភិបាល លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​ទម្លាក់​បទ​ចោទ​លើ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជុំវិញ​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ​ថៃ បង្ហាញ​ឱ្យ​ឃើញ​ពី​បំណង​របស់​ថៃ ក្នុង​ការ​ប្រមូលផ្ដុំ​កម្លាំង​គ្នា​ប្រឆាំង​នឹង​កម្ពុជា។

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ សីហា នេះ​ថា ដើម្បី​ផល​ប្រយោជន៍​ជាតិ មេដឹកនាំ​ថៃ បាន​ទុក​បញ្ហា​ទំនាស់​បែកបាក់​ផ្ទៃក្នុង​របស់​ពួកគេ​មួយ​ឡែក​សិន ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​គ្នា​ប្រឆាំង​នឹង​កម្ពុជា ជុំវិញ​ជម្លោះ​ព្រំដែន​នា​ពេលនេះ។

លោក​បន្ត​ថា តុលាការ​ធម្មនុញ្ញ​ថៃ ដែល​គាំទ្រ​ដោយ​អំណាច​ពួក​អភិរក្ស​និយម រួម​មាន​យោធា និង​ស្តេច​ថៃ ដែល​ពួកគេ​តែងតែ​ចិញ្ចឹម​ចិត្ត​តាម​កម្ចាត់​ត្រកូល ស៊ីណាវ៉ាត់ រហូត​មក​នោះ តែ​ទីបំផុត បែរជា​ត្រូវ​លើកលែង​ទោស​ឱ្យ​លោក ថាក់ស៊ីន ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ ក្នុង​ពេលនេះ​ទៅវិញ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា តើ​មេដឹកនាំ​ខ្មែរ​ត្រូវ​រួបរួម​សាមគ្គី​ដើម្បី​ឯកភាព​ជាតិ​ដែរ​ឬ​ទេ ដើម្បី​ទប់ទល់​ជាមួយ​នឹង​សត្រូវ​ឈ្លានពាន​ក្នុង​នាម​ជា​ជាតិ​សាសន៍​ដ៏​ថ្លៃថ្នូរ​មួយ ដែល​មាន​អរិយធម៌​រុងរឿង និង​ប្រឆាំង​ដាច់ខាត​នូវ​រាល់​អំពើ​ឈ្លានពាន​របស់​ថៃ មក​លើ​ទឹកដី​របស់​ខ្លួន​នោះ។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​លើក​ជា​សំណួរ​ថា តើ​ការ​ស្រឡាញ់​ប្រទេស​ជាតិ និង​ការ​ស្រឡាញ់​អំណាច​ផ្ទាល់ខ្លួន​នៃ​និន្នាការ​គណបក្ស ឬ​គំនុំ​នយោបាយ​បុគ្គល មួយ​ណា​សំខាន់​ជាង ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្សះផ្សា ការ​បង្រួបបង្រួម សាមគ្គីភាព និង​ឯកភាព​ជាតិ​នោះ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ប្រជារាស្ត្រ​ថៃ​ជ្រុល​និយម ជាពិសេស​អ្នកដឹកនាំ​ថៃ មាន​បំណង​អាក្រក់​មក​លើ​កម្ពុជា ដោយ​ការ​ប្រមាថកាតទាន ជាន់ឈ្លី​ជាតិ​សាសន៍​ខ្មែរ​ឥត​ឈប់ឈរ​ជាច្រើន​ជំនាន់​មក​ហើយ ដូច្នេះ​ការ​ឯកភាព​ជាតិ​ខ្មែរ គឺជា​រឿង​សំខាន់​បំផុត​ដើម្បី​កសាង​កម្លាំង​ការពារ​ជាតិ​ដ៏​រឹងមាំ​សម្រាប់​ប្រឆាំង​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង​ទៅ​ថ្ងៃ​មុខ។

នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៥ នេះ សារព័ត៌មាន ខៅ​ស៊ុត (Khaosod) ចុះផ្សាយ​ថា តុលាការ​ថៃ បាន​ទម្លាក់​ចោល​បទ​ចោទ​លើ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ក្នុង​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ​ថៃ ដោយ​សម្រេច​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​រួច​ផុត​ពី​ការ​ចោទប្រកាន់​ទាំងអស់។

ជុំវិញ​បញ្ហា​នេះ លោក សេង វណ្ណលី អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ សីហា នេះ​ថា នយោបាយ​ថៃ នឹង​ផ្លាស់ប្ដូរ​ដោយ​គ្មាន​រដ្ឋប្រហារ ប៉ុន្តែ​របប​ប្រជាធិបតេយ្យ​ថៃ ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ​ជុំវិញ​ការ​លើកលែង​ទោស​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅ​ពេលនេះ។

លោក សេង វណ្ណលី លើកឡើង​ថា ការ​សម្រេច​របស់​តុលាការ​ថៃ បែប​នេះ បាន​ផ្តល់​ឱកាស​មាស​ដល់​សម្ព័ន្ធភាព​រាជា​និយម គឺ​ខាង​យោធា​ក្នុង​ការ​វិល​មក​កាន់​អំណាច​ដោយ​មិន​ចាំបាច់​ធ្វើ​រដ្ឋប្រហារ​ដូច​ពេល​មុន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស