នៅថ្ងៃសុក្រ ទី២៩ ខែសីហា អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីព្យួរតំណែង ត្រូវបានតុលាការធម្មនុញ្ញនៃប្រទេសថៃ សម្រេចជាផ្លូវការដកតំណែងនាយករដ្ឋមន្ត្រី។
អ្នកស្រី ផែថងថាន ត្រូវបានតុលាការធម្មនុញ្ញថៃ ព្យួរតំណែងនាយករដ្ឋមន្ត្រីអស់រយៈពេលជិត ២ខែមកហើយ បន្ទាប់ពីសមាជិកព្រឹទ្ធសភា ៣៦នាក់ បានរួមគ្នាដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា អ្នកស្រីមានភាពមិនស្មោះត្រង់ក្នុងនាមជាមេដឹកនាំប្រទេស និងបំពានក្រមសីលធម៌នៃរដ្ឋធម្មនុញ្ញ អំឡុងកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាប្រទេសកម្ពុជា ពាក់ព័ន្ធបញ្ហាវិវាទព្រំដែនរវាងប្រទេសទាំងពីរ ដែលក្រោយមក សំឡេងនៃកិច្ចសន្ទនានោះត្រូវបានបែកធ្លាយជាសាធារណៈ។
ការដកហូតតំណែងជាផ្លូវការនេះ ធ្វើឡើងបន្ទាប់ពីអ្នកស្រី ផែថងថាន ទើបតែបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ បានមួយឆ្នាំ កាលពីខែសីហា ឆ្នាំ២០២៤ ប៉ុន្តែអ្នកស្រី ផែថងថាន នៅមានមុខតំណែងមួយផ្សេងទៀតក្នុងជួររដ្ឋាភិបាលថៃ គឺរដ្ឋមន្ត្រីក្រសួងវប្បធម៌។
ការដកហូតតំណែងនាយករដ្ឋមន្ត្រីពីអ្នកស្រី ផែថងថាន កូនស្រីពៅរបស់មហាសេដ្ឋីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលមហាសេដ្ឋីថៃ រូបនេះ ក៏ត្រូវទម្លាក់ពីអំណាចដោយរដ្ឋប្រហារយោធានៅខែកញ្ញា ឆ្នាំ២០០៦។
អ្នកសង្កេតការណ៍មើលឃើញថា ទោះជាកូនស្រីលោក ថាក់ស៊ីន ត្រូវបានដកហូតតំណែងដែលជារូបភាពវាយប្រហារលើអំណាច និងឥទ្ធិពលរបស់ត្រកូល ថាក់ស៊ីន ក៏ពិតមែន តែវាដូចជាការសម្របបរិយាកាស ព្រោះមិនចង់ឱ្យមហាជនថៃ ខកចិត្តខ្លាំងនោះទេ ព្រោះថាកាលពីថ្ងៃសុក្រ ទី២២ សីហា តុលាការថៃ បានសម្រេចរំលាយចោលបទចោទប្រកាន់ទាំងស្រុងទៅលើលោក ថាក់ស៊ីន នៅក្នុងសំណុំរឿងដែលលោកជាប់ចោទពីបទ «ប្រមាថព្រះចេស្ដាអង្គព្រះមហាក្សត្រថៃ»។
តែតាមមេធាវីរបស់លោក ថាក់ស៊ីន ការសម្រេចរបស់តុលាការ គឺដោយសារតែចៅក្រមយល់ថា ពុំមានភស្តុតាងដាក់បន្ទុកទៅលើរូបលោក ថាក់ស៊ីន ដែលជាជនជាប់ចោទ។ តែរាល់ការចោទដូចនេះ សូម្បីជនបរទេសក្ដី ក៏មិនដែលរួចខ្លួនឡើយ។
អ្នកសង្កេតការណ៍មើលឃើញទៀតថា ក្នុងស្ថានភាពថៃ កំពុងមានជម្លោះព្រំដែនជាមួយនឹងកម្ពុជា គឺយ៉ាងហោចណាស់គេត្រូវការកម្លាំងសាមគ្គីជាមួយក្រុមគាំទ្រលោក ថាក់ស៊ីន ជាពិសេសគេត្រូវការលោក ថាក់ស៊ីន ស្ថិតនៅក្នុងប្រទេសថៃ ដើម្បីជាកម្លាំងមួយដ៏រឹងរបស់ថៃ។ តាមរយៈការទម្លាក់បទចោទទៅលើលោក ថាក់ស៊ីន ដោយផ្ដល់ឱ្យលោក ថាក់ស៊ីន មានសេរីភាពឡើងវិញ វាមានន័យថា លោក ថាក់ស៊ីន បន្តមានវត្តមានក្នុងប្រទេសថៃ ហើយក្រុមគ្រួសារគាត់ទាំងអស់ក៏មានវត្តមាននៅក្នុងប្រទេសដែរ គឺជាការដោះដូរបរិយាកាសទាញកម្លាំងសាមគ្គីជាតិទប់ទល់នឹងកម្ពុជា ករណីជម្លោះព្រំដែន។
គេរំពឹងថា អ្នកស្រី ផែថងថាន អាចមានតំណែងថ្នាក់រដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីថ្មី ព្រោះតុលាការជាន់ទាបមិនបានចោទប្រកាន់អ្នកស្រីពីបទព្រហ្មទណ្ឌ ករណីបែកធ្លាយកិច្ចសន្ទនាជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានោះទេ។
អ្វីដែលសំខាន់ គេរំពឹងថានៅទីក្រុងបាងកក អាចមិនមានភាពចលាចលនយោបាយប្រឆាំងនឹងអ្នកស្រី ផែថងថាន ទៀតនោះទេ។
ម្យ៉ាងទៀត គេមើលឃើញថា ទាំងលោក ថាក់ស៊ីន និងក្រុមគ្រួសារលោក ថាក់ស៊ីន បានចាប់ផ្ដើមមានចំណងទាក់ទងល្អជាមួយក្រុមរាជបល្ល័ង្គ និងកងទ័ពថៃ។ ដូច្នេះ ស្ថាប័នជាតិធំៗនៅថៃ គេត្រូវព្យាយាមកាត់បន្ថយរឿងអាស្រូវដល់បុគ្គល ឬគ្រួសារដ៏មានឥទ្ធិពល។
ការដកហូតអំណាចនាយករដ្ឋមន្ត្រីពីអ្នកស្រី ផែថងថាន កូនស្រីពៅរបស់លោក ថាក់ស៊ីន ជាមួយនឹងការទម្លាក់បទចោទទៅលើលោក ថាក់ស៊ីន ពីបទប្រមាថចេស្ដាព្រះមហាក្សត្រ ត្រូវគេមើលឃើញថា វាដើរផ្ទុយគ្នាបន្តិចមែន តែវារម្ងាប់អារម្មណ៍ក្រុមអាវលឿង ដែលចង់ផ្ដួលអ្នកស្រី ផែថងថាន និងជាការបំពេញចិត្តក្រុមអាវក្រហមដែលគាំទ្រលោក ថាក់ស៊ីន ព្រោះតែក្រុមអាវក្រហមសប្បាយចិត្តដែលលោក ថាក់ស៊ីន លែងក្លាយជាអ្នកនយោបាយមានទោសរត់ចោលប្រទេសដូចមុនទៀតហើយ។
តែជាការពិត តុលាការធម្មនុញ្ញថៃ បានដកហូតតំណែងនាយករដ្ឋមន្ត្រីរបស់ខ្លួនដូចជាទម្លាប់ទៅហើយទៅលើគ្រួសារលោក ថាក់ស៊ីន និងគណបក្សភឿថៃ ចាប់តាំងពីការដកហូតតំណែងអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ជាម្ដាយមីងបង្កើតរបស់អ្នកស្រី ផែថងថាន នៅមុនរដ្ឋប្រហាររំលាយគណបក្សភឿថៃ នៅខែឧសភា ឆ្នាំ២០១៤ និងចុងក្រោយមួយទៀត គឺលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ក៏ជានាយករដ្ឋមន្ត្រីពីគណបក្សភឿថៃ ផងដែរ។
តែយ៉ាងណា នៅពេលនេះ ប្រទេសថៃ អាចមានបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីចំនួន ៥រូប ដែលមានសិទ្ធិកាន់តំណែងនាយករដ្ឋមន្ត្រីថ្មី។
បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានបង្ហាញឈ្មោះអ្នកនយោបាយលេចធ្លោដែលអាចជាបេក្ខជននាយករដ្ឋមន្ត្រីថ្មីនៃរាជាណាចក្រថៃ គឺមាន៖
- លោក Chaikasem Nitisiri មកពីគណបក្សភឿថៃ។ លោក Chaikasem Nitisiri ជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាឥស្សរជនជើងចាស់នៅក្នុងគណបក្សភឿថៃ។ លោកមានចំណេះដឹងផ្នែកច្បាប់ដ៏ទូលំទូលាយ និងមានបទពិសោធនយោបាយយូរឆ្នាំ។
- លោក Anutin Charnvirakul ប្រធានគណបក្សភូមិចៃថៃ។ លោក Anutin Charnvirakul មិនមែនមកពីគណបក្សភឿថៃ នោះទេ តែធ្លាប់ចងសម្ព័ន្ធភាពជាមួយគ្នា ដែលលោកមានឥទ្ធិពល និងតួនាទីក្នុងការដឹកនាំសម្ព័ន្ធភាពរដ្ឋាភិបាលចម្រុះជាមួយគណបក្សភឿថៃ។
- លោក Prayut Chan-o-cha ប្រធានគណបក្សថៃរួបរួមជាតិ ដែលគាំទ្រដោយពួកយោធា។ លោក Prayut Chan-o-cha ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីចេញពីរដ្ឋប្រហារឆ្នាំ២០១៤ ហើយបន្តរហូតថ្ងៃបោះឆ្នោតថ្មីនៅខែឧសភា ឆ្នាំ២០២៣ តែបក្សរបស់លោកចាញ់ឆ្នោតយ៉ាងអាម៉ាស់។
- លោក Pirapan Salirathavibhaga មកពីគណបក្សថៃរួបរួមជាតិ។ លោកជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលនៃរដ្ឋាភិបាលចម្រុះគណបក្សភឿថៃ។
- លោក Jurin Laksanawisit អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យ។ លោក Jurin ត្រូវបានចាត់ទុកជាឥស្សរជនសំខាន់មួយរូប។ លោកបានឡើងកាន់តំណែងជាមេគណបក្សប្រជាធិបតេយ្យ នៅឆ្នាំ២០១៩ បន្ទាប់ពីលោក Abhisit Vejjajiva លាឈប់។ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២៣ ដែលគណបក្សទទួលបានអាសនៈតិចជាងការរំពឹងទុក លោក Jurin ក៏បានសម្រេចលាឈប់ពីតំណែងជាមេបក្សនៃគណបក្សប្រជាធិបតេយ្យ។ លោក Jurin ធ្លាប់ជារដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Abhisit Vejjajiva ហើយក៏ធ្លាប់ជារដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីរបស់លោក Prayut Chan-o-cha ដែរ។ លោក Jurin ត្រូវគេមើលឃើញថាមាននិន្នាការជាមួយនឹងរដ្ឋាភិបាលចម្រុះរបស់គណបក្សភឿថៃ។
អ្វីដែលអ្នកសង្កេតការណ៍មើលឃើញសម្រាប់នាយករដ្ឋមន្ត្រីថ្មីចេញពីការបោះឆ្នោត គឺលោក Pita Limjaroenrat នៃគណបក្សចលនាឆ្ពោះទៅមុខ ដែលជាបក្សឈ្នះឆ្នោតលំដាប់ទី១ ក្នុងការបោះឆ្នោតសភាថៃ កាលពីឆ្នាំ២០២៣ តែ Pita Limjaroenrat បានលាលែងពីប្រធានគណបក្ស ព្រោះលោកមានរឿងក្ដីនៅតុលាការករណីលោកជាម្ចាស់ក្រុមហ៊ុនទូរទស្សន៍ ITV ថៃ ដែលច្បាប់ថៃ ហាមឈរជាអ្នកតំណាងរាស្ត្រ។ តុលាការធម្មនុញ្ញថៃ បានចេញដីកាហាមលោក Pita Limjaroenrat ធ្វើនយោបាយរយៈពេល ១០ឆ្នាំ។ ចំណែកគណបក្សចលនាឆ្ពោះទៅមុខ របស់លោក ក៏ត្រូវបានរំលាយ។ បច្ចុប្បន្ន ជំនួសដោយបក្សប្រជាជនថៃ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

