26 C
Phnom Penh

នាយករដ្ឋមន្ត្រី​ខ្មែរ​ទាត់ចោល​មិន​ទទួលស្គាល់​ការ​កែប្រែ​ខ្សែ​ព្រំដែន​ថ្មី​ដោយ​ខុស​ច្បាប់​ពី​ភាគី​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ទាត់​ចោល​ទាំងស្រុង​នូវ​ការ​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន ឬ​ការ​កាន់កាប់​ទឹកដី​ដោយ​ខុស​ច្បាប់​អន្តរជាតិ​ពី​ភាគី​ថៃ ពីព្រោះ​ព្រំដែន​កម្ពុជា-ថៃ គឺជា​ព្រំដែន​អន្តរជាតិ​រវាង​រដ្ឋ និង​រដ្ឋ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​សិស្ស​ជាប់​និទ្ទេស A នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ​ថា ប្រទេស​កម្ពុជា ប្រកាន់​ជំហរ​ដាច់ខាត​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែល​ប្រទេស​កម្ពុជា​មាន ស្រប​តាម​ច្បាប់​អន្តរជាតិ។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ អះអាង​ថា កន្លង​មក ប្រទេស​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ព្រមទាំង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ដែល​កម្ពុជា និង​ថៃ បាន​ចុះហត្ថលេខា​ជាមួយ​គ្នា។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៩ កុម្ភៈ នេះ ដោយ​បញ្ចេញ​ទស្សនៈ​ថា ថៃ​នឹង​មិន​បំភ្លេច​ការ​រំលោភ​បំពាន​លើ​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា​ឡើយ ដូច្នេះ​ដើម្បី​ការពារ​ទឹកដី មេដឹកនាំ​ខ្មែរ និង​ប្រជាជាតិ​ខ្មែរ​គ្រប់​និន្នាការ ត្រូវតែ​សាមគ្គី​គ្នា​ដើម្បី​បង្កើត​កម្លាំង​ជាតិ​ដ៏​រឹងមាំ​សម្រាប់​ការពារ​ទឹកដី​របស់​ខ្លួន។

លោក សេក សុជាតិ បញ្ចេញមតិ​ថា ប្រទេស​កម្ពុជា​មិន​ត្រូវ​រង់ចាំ​ឲ្យ​សត្រូវ​ឈ្លានពាន​គោរព​ច្បាប់​អន្តរជាតិ​ទេ ហើយ​ខ្មែរ​ក៏​មិន​ត្រូវ​រំពឹង​ថា​សត្រូវ​ឈ្លានពាន​មិន​ហ៊ាន​បំពាន​ច្បាប់​អន្តរជាតិ​ដែរ ដើម្បី​សម្រេច​មហិច្ឆតា​ប្លន់​ទឹកដី​ខ្មែរ​នោះ ព្រោះ​អ្នក​ឈ្លានពាន​មិន​ដែល​ស្តាប់​ពាក្យ​អង្វរ​ពី​ជនរងគ្រោះ​ឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន រីដា បាន​លើកឡើង​នៅ​ថ្ងៃទី​១០ កុម្ភៈ នេះ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​អ្នកទោស​នយោបាយ​ដទៃ​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ឱ្យ​ពួកគេ​មាន​លទ្ធភាព​ចូលរួម​ជួយ​ជាតិ​ទាំងអស់​គ្នា។

លោក សួន រីដា បញ្ជាក់​ថា លោក កឹម សុខា ជា​មេដឹកនាំ​នយោបាយ​ដែល​តែង​ប្រកាន់​ផលប្រយោជន៍​ជាតិ​ជា​ធំ និង​ដើម្បី​ឱ្យ​ខ្មែរ​មាន​ការ​ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ ដូច្នេះ​ក្នុង​កាលៈទេសៈ​នេះ ក្នុង​ស្ថានភាព​ដែល​កម្ពុជា​ស្ថិត​ក្នុង​គ្រោះថ្នាក់ មាន​តែ​ខ្មែរ​រួម​សាមគ្គី​គ្នា​ប៉ុណ្ណោះ ទើប​ខ្មែរ​អាច​យក​ឈ្នះ​អំពើ​ឈ្លានពាន​របស់​បរទេស​ជិតខាង​បាន។

រីឯ​ព័ត៌មាន​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១០ ខែ​កុម្ភៈ ក្នុង​កាសែត​បាងកក​ប៉ុស្តិ៍ នាយករដ្ឋមន្ត្រី​ជាប់​ឆ្នោត អនុធីន ឆានវីរៈគុល បាន​បង្ហើប​ជា​សាធារណៈ​ថា រដ្ឋាភិបាល​ថ្មី​ដែល​លោក​ដឹកនាំ នឹង​សិក្សា​អំពី​លទ្ធភាព​ត្រៀម​លុប​ចោល​អនុស្សរណៈ​យោគយល់​គ្នា​លេខ​៤៣ ឆ្នាំ​២០០០ និង​អនុស្សរណៈ​យោគយល់​គ្នា​លេខ​៤៤ ឆ្នាំ​២០០១ ដែល​និយាយ​អំពី​ការ​កំណត់​ដែន​គោក និង​ដែនសមុទ្រ ហើយ​ចែក​ប្រយោជន៍​គ្នា​ពាក់កណ្តាល​ម្ខាង ឬ ៥០/៥០ ចុះហត្ថលេខា​ដោយ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ និង​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រៅពី​នាយករដ្ឋមន្ត្រី អនុធីន ឆានវីរៈគុល មេដឹកនាំ​បក្ស​ភូមិចៃថៃ មាន​មេដឹកនាំ​បក្ស​ថៃភក្តី បណ្ឌិត វ៉ារង់ តេជិតវីគ្រំ (Warong Dechgitvigrom) ក៏​មិន​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​ថៃ ប្រើ​ផែនទី​មាត្រដ្ឋាន​ខ្នាត ១/២០០០០០ ដែរ ដោយ​គេ​សំអាង​លើ​ឯកសារ​ព័ស្តុតាង​ដាក់​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ពី​សម័យ​មុន៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស