នាយករដ្ឋមន្ត្រីថៃ សន្យាស្វែងរកដំណោះស្រាយតាមរយៈយន្តការទ្វេភាគីជាមួយកម្ពុជា ប៉ុន្តែការសិក្សាស្ដីពីការលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ជាមួយកម្ពុជា ថៃនឹងមិនបញ្ឈប់ឡើយ។
កាសែតថៃ បាងកកប៉ុស្តិ៍ បានស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល ក្នុងរដ្ឋសភាកាលពីថ្ងៃទី៩ មេសា ថា ចំពោះទំនាក់ទំនងកម្ពុជា-ថៃ រដ្ឋាភិបាលរបស់លោកនឹងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគី ខណៈការសិក្សាលើការលុបចោលនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ជាមួយកម្ពុជា ក៏កំពុងត្រូវបានពន្លឿនដែរ។
នាយករដ្ឋមន្ត្រីថៃ រូបនេះបញ្ជាក់ថា ក្នុងវិស័យការទូត និងសន្តិសុខ រដ្ឋាភិបាលរបស់លោកនឹងពង្រឹងទំនាក់ទំនងអន្តរជាតិ រួមទាំងដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងឱ្យបានល្អប្រសើរ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលប្រទេសថៃ កំពុងមានជម្លោះអំពីបញ្ហាព្រំដែនជាមួយកម្ពុជា នាពេលនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៨ មេសា ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃ កាលពី ២៥ឆ្នាំមុននោះ។
ប្រភពដដែល អះអាងថា កិច្ចព្រមព្រៀងនេះគឺជាឆន្ទៈរួមរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយ ដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីជាមូលដ្ឋានសម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក៏ដើម្បីជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ទោះបីភាគីថៃ ដកខ្លួនជាឯកតោភាគីពីអនុស្សរណៈឆ្នាំ២០០១ ក៏ដោយ ក៏ឯកសារនេះនៅតែមានសុពលភាពរហូតដល់គោលបំណងដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះបានសម្រេចពេញលេញ ខណៈអនុស្សរណៈនេះបានបង្ហាញពីសុច្ឆន្ទៈរបស់ប្រជាជាតិទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្តភាពយ៉ាងពិតប្រាកដ។
ជុំវិញបញ្ហានេះ លោក ជុំ ឈាង អតីតនាយទាហានជាន់ខ្ពស់នៃភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន Cambodia Daily កាលពីរាត្រីថ្ងៃទី២ តុលា ថា ផ្អែកតាមអនុសញ្ញាក្រុងវីយែន ឆ្នាំ១៩៦៩ អនុស្សរណៈរវាងកម្ពុជា-ថៃ គឺអាចលុបបាន តែត្រូវស្ថិតក្រោមលក្ខខណ្ឌមួយចំនួនដែលបានចែងក្នុងមាត្រា៤៦ រហូតដល់មាត្រា៦៤ នៃច្បាប់នេះ។
លោក ជុំ ឈាង បញ្ជាក់ថា មាត្រាទាំង៣០ នៃអនុសញ្ញាក្រុងវីយែន ឆ្នាំ១៩៦៩ នេះ បានចែងយ៉ាងច្បាស់អំពីការបដិសេធ ការលុប និងការផុតរលត់នៃច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិនានា រួមទាំងសន្ធិសញ្ញាផ្សេងៗថែមទៀត។
ក្រុមអ្នកវិភាគលើកឡើងថា តំបន់ត្រួតស៊ីគ្នាចំនួន ២៦០០០គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងដែនសមុទ្រ ៣០០០០គីឡូម៉ែត្រការ៉េដែលថៃ បានដណ្តើមកាន់កាប់ពីកម្ពុជា តាមរយៈនៃការចុះហត្ថលេខាទ្វេភាគីជាមួយវៀតណាម ឆ្នាំ១៩៩៧ ដោយយោងតាមសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ សម័យវៀតណាម ត្រួតត្រាកម្ពុជា។
ប្រភពដដែល បញ្ជាក់ថា ដែនសមុទ្រខ្មែរទំហំ ៣ម៉ឺនគីឡូម៉ែត្រការ៉េ (៣០០០០គីឡូម៉ែត្រការ៉េ) ដែលថៃ បានដណ្តើមកាន់កាប់កាលពីឆ្នាំ១៩៩៧ នោះ គឺថៃ បានរំលោភយកដែនសមុទ្រខ្មែរទំហំ ៤ពាន់គីឡូម៉ែត្រការ៉េ (៤០០០គីឡូម៉ែត្រការ៉េ) ទៅកាន់កាប់ដោយមិនបានចរចាជាមួយកម្ពុជា ឡើយ ខណៈដែនសមុទ្រដែលនៅសល់ ២៦០០០គីឡូម៉ែត្រការ៉េ ក៏ត្រូវបានចាត់ទុកជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ រហូតដល់សព្វថ្ងៃនេះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

