27.3 C
Phnom Penh

លោក ហ្សេឡេនស្គី អះអាង​ថា​លោក​ត្រៀម​រួចរាល់​ចុះចេញ​ពី​តំណែង​ក្រោយពី​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក វូឡូឌីមៀ ហ្សេឡេនស្គី និយាយ​ថា លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ចុះចេញ​ពី​អំណាច​ជា​ប្រធានាធិបតី​អ៊ុយក្រែន ក្រោយពី​សង្គ្រាម​ជាមួយ​រុស្ស៊ី ត្រូវ​បាន​បិទ​បញ្ចប់។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន New York Post នៅ​ថ្ងៃទី​២៦ កញ្ញា។

ក្នុង​កិច្ចសម្ភាស​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​សារព័ត៌មាន​អាមេរិក Axios លោក ហ្សេឡេនស្គី បាន​បញ្ជាក់​ដូចនេះ​ថា៖ «ប្រសិនបើ​អ៊ុយក្រែន បិទ​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី ពិត​ណាស់ ខ្ញុំ​ត្រៀម​ជាស្រេច​មិន​បន្ត​ឈរឈ្មោះ​បោះឆ្នោត​អាណត្តិ​ទី​២ របស់​ខ្ញុំ​ទៀត​នោះ​ទេ ព្រោះ​វា​មិន​មែន​ជា​គោលដៅ​របស់​ខ្ញុំ​នោះ​ទេ។ ខ្ញុំ​ចង់​នៅ​ជាមួយ​ប្រទេស​ខ្ញុំ ជួយ​ប្រទេស​ខ្ញុំ ក្នុង​គ្រា​ដ៏​សែន​លំបាក​មួយ។ គោលដៅ​របស់​ខ្ញុំ គឺ​បញ្ចប់​សង្គ្រាម​ឱ្យ​បាន។»

លោក ហ្សេឡេនស្គី បាន​បន្ត​ថា លោក​នឹង​ស្នើ​ឱ្យ​សភា​អ៊ុយក្រែន រៀបចំ​ការ​បោះឆ្នោត​ថ្មី បើ​មាន​បទ​ឈប់​បាញ់​ត្រូវ​បាន​អនុវត្ត​ជា​ផ្លូវការ។

លោក ហ្សេឡេនស្គី មាន​អាយុ ៤៧​ឆ្នាំ។ លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អ៊ុយក្រែន នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​មេសា ឆ្នាំ​២០១៩។ ការ​បោះឆ្នោត​អាណត្តិ​ថ្មី​នៅ​អ៊ុយក្រែន ត្រូវ​កំណត់​ធ្វើឡើង​នៅ​ខែ​មេសា ឆ្នាំ​២០២៤ តែ​ត្រូវ​បាន​ផ្អាក​ដោយសារតែ​ច្បាប់​អាជ្ញាសឹក ដែល​ត្រូវ​បាន​ដាក់​ចេញ​នៅ​អ៊ុយក្រែន បន្ទាប់ពី​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី បាន​ផ្ទុះ​ឡើង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២។ ដោយសារតែ​ហេតុផល​នេះ រុស្ស៊ី​បាន​ចោទ​សួរ​អំពី​ភាព​ស្រប​ច្បាប់​នៃ​ឋានៈ​ជា​មេដឹកនាំ​របស់​លោក ហ្សេឡេនស្គី។

អំឡុង​សង្គ្រាម​រយៈពេល​ជាង ៣​ឆ្នាំ​កន្លះ​មក​នេះ លោក ហ្សេឡេនស្គី នៅតែ​ទទួល​បាន​ការ​ជឿជាក់​កម្រិត​ខ្ពស់​ក្នុង​ចំណោម​សាធារណជន​អ៊ុយក្រែន។

ការ​ស្ទង់មតិ​មួយ​ធ្វើឡើង​ដោយ​វិទ្យាស្ថាន Kyiv International Institute of Sociology កាលពី​ដើម​ខែ​នេះ បាន​បង្ហាញ​ថា ប្រជាជន​អ៊ុយក្រែន ជិត ៧០​ភាគរយ នៅតែ​ជឿ​ទុកចិត្ត​លើ​លោក ហ្សេឡេនស្គី ក្នុង​ការ​ដឹកនាំ​ប្រទេស​ដែល​កំពុង​ហែកហួរ​ដោយ​សង្គ្រាម​របស់​រុស្ស៊ី។

ប្រជាជន​អ៊ុយក្រែន និង​អ្នក​នយោបាយ​អឺរ៉ុប​ភាគច្រើន បាន​ហៅ​លោក ហ្សេឡេនស្គី ជា​វីរជន​សង្គ្រាម​ពិតៗ​មិន​ក្លែងក្លាយ​ឡើយ ព្រោះ​លោក​ហ៊ាន​និយាយ គឺ​ហ៊ាន​ធ្វើ។

លោក ហ្សេឡេនស្គី តែងតែ​ចុះ​ទៅ​ជួប​កងទ័ព​នៅ​សមរភូមិ​ជួរមុខ។ លោក​ជា​មេដឹកនាំ​អ៊ុយក្រែន ដែល​មិន​លុត​ជង្គង់​ដើម្បី​សន្តិភាព​នឹង​អ្នក​ឈ្លានពាន​ឡើយ។ លោក ហ្សេឡេនស្គី មិន​ដែល​ពោល​ពាក្យ ឬ​បង្ហើប​ការ​ចរចា​បញ្ចប់​សង្គ្រាម​ជាមួយ​នឹង​ការ​កាត់​ច្រៀក​ទឹកដី​ណា​មួយ​ទៅ​ឱ្យ​រុស្ស៊ី ឡើយ។ លោក​តែងតែ​និយាយ​ថា រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន មិន​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រធានាធិបតី​កាត់​ទឹកដី​ឱ្យ​អ្នក​ឈ្លានពាន​ជា​ថ្នូរ​នឹង​សន្តិភាព​ម្ដង​ណា​ឡើយ។

ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​២៤ កញ្ញា លោក ហ្សេឡេនស្គី បាន​ជំរុញ​ឱ្យ​មហាអំណាច​ពិភពលោក​ជួយ​បញ្ឈប់​សង្គ្រាម​រុស្ស៊ី នៅ​ក្នុង​ប្រទេស​របស់​លោក។ លោក​ព្រមាន​អំពី​ការ​ប្រកួតប្រជែង​អាវុធ​ដ៏​គ្រោះថ្នាក់​ដែល​លោក​បាន​និយាយ​ថា សង្គ្រាម​នេះ​បង្កើត​ឲ្យ​មាន​ការ​ប្រកួតប្រជែង​គ្នា​ខាង​អាវុធ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ។

លោក ហ្សេឡេនស្គី បាន​អំពាវនាវ​ឱ្យ​មាន​ច្បាប់​សកល​មួយ​ដ៏​រឹងមាំ ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ក្នុង​សង្គ្រាម ខណៈ​ដែល​លោក​ព្រមាន​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​ហៅថា​ដ្រូន ដែល​រុស្ស៊ី វាយប្រហារ​អ៊ុយក្រែន វា​អាច​ផ្ទុក​គ្រាប់​នុយក្លេអ៊ែរ។ ជាមួយ​គ្នា​នេះ លោក ហ្សេឡេនស្គី ក៏​បាន​ថ្កោលទោស​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពី​បទ​ប៉ុនប៉ង​ពង្រីក​វិសាលភាព​សង្គ្រាម​ឲ្យ​លើស​ពី​ប្រទេស​អ៊ុយក្រែន ហើយ​ចូល​ដល់​ប្រទេស​នៅ​អឺរ៉ុប។

ការ​អត្ថាធិប្បាយ​របស់​លោក ហ្សេឡេនស្គី បាន​ធ្វើឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​បាន​ជួប​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ឯ​អង្គការ​សហប្រជាជាតិ ដែល​លោក ត្រាំ បង្ហាញ​ជំហរ​តឹងរ៉ឹង​ជាង​មុន​ទៅ​លើ​វិមាន​ក្រឹមឡាំង។

លោក ត្រាំ បាន​ប្រាប់​លោក ហ្សេឡេនស្គី ថា អ៊ុយក្រែន​អាច​ដណ្តើម​យក​មក​វិញ​នូវ​ទឹកដី​ដែល​រុស្ស៊ី កាន់កាប់​ទាំងអស់ ដែល​ជា​ការ​ផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ​នៅ​ក្នុង​សមរភូមិ។ ជាមួយ​គ្នា​នេះ លោក ត្រាំ ក៏​បាន​គាំទ្រ​គំនិត​នៃ​ការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី ដែល​រំលោភ​ដែនអាកាស​របស់​អង្គការ​ណាតូ បើ​មាន​ហេតុការណ៍​កើតឡើង​ម្ដង​ទៀត។

កាលពី​ថ្ងៃទី​១៩ កញ្ញា យន្តហោះ​រុស្ស៊ី MIG-31 ចំនួន ៣​គ្រឿង ហោះ​ចូល​លម្ហ​អាកាស​នៃ​ប្រទេស​អេស្តូនី ដែល​នាំ​ឱ្យ​ណាតូ​កោះ​ប្រជុំ​សមភាគី​តាម​មាត្រា​៤ នៃ​ធម្មនុញ្ញ​របស់​ណាតូ។ ការ​កោះ​ប្រជុំ​នេះ បាន​នាំ​ឱ្យ​លោក​អគ្គលេខាធិការ​នៃ​អង្គការ​ណាតូ Mark Rutte ប្រកាស​គាំទ្រ​ជំហរ​របស់​លោក ដូណាល់ ត្រាំ ដែល​ថា​ប្រទេស​សមាជិក​ណាតូ គួរតែ​បាញ់​ទម្លាក់​ដ្រូន និង​យន្តហោះ​របស់​រុស្ស៊ី ប្រសិនបើ​ចូល​ទៅ​ក្នុង​ដែនអាកាស​ពួកគេ​នៅ​ក្នុង​ករណី​ចាំបាច់។

លោក Rutte បាន​ប្រាប់​សារព័ត៌មាន Fox News ថា៖ «បើ​វា​ចាំបាច់ យើង​ក៏​យល់ស្រប​ទាំងស្រុង​ដូច​ប្រធានាធិបតី ត្រាំ លើកឡើង តែ​យើង​ទទូច​ថា យោធា​ណាតូ​ត្រូវ​បាន​បណ្តុះបណ្តាល​វាយតម្លៃ​ឆ្លើយតប​នឹង​ការ​គំរាមកំហែង​បែប​នេះ និង​កំណត់​ថា តើ​ពួកគេ​អាច​យក​យន្តហោះ​រុស្ស៊ី ចេញពី​ទឹកដី​សម្ព័ន្ធមិត្ត​បាន​ឬ​ទេ។»

យ៉ាងណា រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​ចោទ​វាយបក​វិញ​ថា អង្គការ​ណាតូ និង​សហភាព​អឺរ៉ុប កំពុង​ប្រើប្រាស់​អ៊ុយក្រែន ដើម្បី​ប្រកាស​សង្គ្រាម​ជាក់ស្តែង​ប្រឆាំង​នឹង​រុស្ស៊ី។

លោក Lavrov បាន​ថ្លែង​ដូចនេះ​អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស G20 នៅ​ឯ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ កញ្ញា។ លោក Lavrov ប្រមុខ​ការទូត​រុស្ស៊ី បន្ត​ចោទ​ថា សកម្មភាព​របស់​លោកខាងលិច គឺជា​មូលហេតុ​ដែល​បង្ក​ឱ្យ​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយក្រែន មក​ទល់​នឹង​ពេលនេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស