27.4 C
Phnom Penh

នាយករដ្ឋមន្ត្រី​ប្រទេស​បារាំង លាលែង​ពី​តំណែង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​អឺរ៉ុប និង​ប្រទេស​ជប៉ុន រយៈពេល​ចុងក្រោយ​នេះ គឺ​ងាយ​បំផុត​នៃ​ការ​លាលែង​ពី​តំណែង ឬ​ដកហូត​អំណាច​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ព្រោះ​អ្នក​នយោបាយ​ទាំងនោះ​មិន​បាន​ចាត់ទុក​តំណែង​នាយករដ្ឋមន្ត្រី ឬ​ប្រធានាធិបតី​ជា​អំណោយ​របស់​អាទិទេព​នោះ​ទេ។

នៅ​ប្រទេស​ជប៉ុន អ្នក​នយោបាយ​ប្រទេស​នេះ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី កើតមាន​ជា​ញឹកញាប់ ដោយ​កាន់​អំណាច​បាន​មួយ​ឆ្នាំ ឬ ២​ឆ្នាំ ក៏​ប្រកាស​ចុះចេញ​ក៏​មាន។ តែ​ជាមួយ​គ្នា​នេះ នៅ​ប្រទេស​បារាំង ក៏​មាន​ការ​ចុះចេញ​តំណែង ឬ​ត្រូវ​ដកហូត​អំណាច​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ក៏​មាន​ញឹកញាប់​ផង​ដែរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

នៅ​ថ្ងៃ​ចន្ទ ទី​៦ តុលា នេះ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា នាយករដ្ឋមន្ត្រី​បារាំង លោក Sébastien Lecornu បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បារាំង ទៅ​ជូន​ប្រធានាធិបតី Emmanuel Macron ជា​ផ្លូវការ​ហើយ។ ការ​លាលែង​នេះ បាន​ធ្វើ​ឲ្យ​លោក Lecornu ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ដែល​កាន់​តំណែង​ក្នុង​រយៈកាល​ខ្លី​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បារាំង ដែល​បាន​កាន់​តំណែង​នេះ​បាន​ត្រឹមតែ ២៧​ថ្ងៃ​ប៉ុណ្ណោះ។

ការិយាល័យ​ប្រធានាធិបតី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា លោក Sébastien Lecornu បាន​ដាក់​សំណើ​លាលែង​ពី​តំណែង​រដ្ឋាភិបាល​របស់​លោក​ទៅ​កាន់​ប្រធានាធិបតី Emmanuel Macron ដែល​លោក Macron ក៏​បាន​ទទួលយក​សំណើ​លាលែង​របស់​លោក Lecornu ផង​ដែរ។

ការ​លាលែង​នេះ កើតឡើង​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋាភិបាល​ថ្មី​របស់​លោក Lecornu ត្រូវ​បាន​បង្កើត​ឡើង បណ្តាល​ឲ្យ​បារាំង ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​ម្តង​ទៀត។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៦ តុលា ការិយាល័យ​របស់​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​ប្រកាស​ថា នាយករដ្ឋមន្ត្រី Sébastien Lecornu បាន​ដាក់​សំណើ​លាលែង​ពី​តំណែង​រយៈពេល​ត្រឹមតែ ២៧​ថ្ងៃ​បន្ទាប់ពី​ចូល​កាន់​តំណែង។

កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៥ តុលា លោក Lecornu ទើប​តែ​បង្ហាញ​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​ស្ទើរតែ​ដូច​រដ្ឋាភិបាល​មុន​ដែល​បាន​ដួល​រលំ​ក្រោម​ការ​ដឹកនាំ​របស់​លោក François Bayrou។

ទើប​តែ​យប់​ថ្ងៃ​អាទិត្យ ទី​៥ តុលា ប៉ុណ្ណោះ ដែល​លោក Lecornu បាន​ប្រកាស​សមាសភាព​រដ្ឋាភិបាល​របស់​លោក ដែល​មាន​រដ្ឋមន្ត្រី​ចំនួន ១៨​រូប តែ​បែរជា​លោក​សម្រេច​ចិត្ត​ចាកចេញ​ពី​តំណែង​ដ៏​ភ្ញាក់ផ្អើល។

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​ប្រជាជន​បារាំង នៅ​ខាងមុខ​វិមាន​ម៉ាទីញ៉ុង លោក Lecornu បាន​លើកឡើង​ថា លោក​មិន​អាច​ដឹកនាំ​រដ្ឋាភិបាល​បាន​ទេ​នៅ​ក្នុង​កាលៈទេសៈ​ដែល​ក្រុម​បក្ស​នយោបាយ​គិតតែ​ពី​ប្រជែង​គ្នា និង​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ជាជាង​ប្រយោជន៍​ជាតិ​បារាំង។

ក្នុង​ស្ថានភាព​នេះ ការ​រិះគន់​បាន​លេច​ចេញ​ភ្លាមៗ​ពី​អ្នក​នយោបាយ​នៃ​គណបក្ស​មួយ​ចំនួន​ក្នុង​ក្រុម​ចម្រុះ​រដ្ឋាភិបាល ដែល​បង្ហាញ​ការ​សង្ស័យ​ចំពោះ​ការ​ខ្វះ​ភាព​ដឹកនាំ​ក្នុង​អន្តរ​រដ្ឋាភិបាល​របស់​លោក Lecornu។

ក្នុង​សេចក្តី​ថ្លែងការណ៍​លាលែង​របស់​លោក Lecornu បាន​បញ្ជាក់​ដូចនេះ​ថា៖ «លក្ខខណ្ឌ​មិន​ត្រូវ​បាន​បំពេញ​ស្រប​តាម​មុខងារ​របស់​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិន​អាច​កាន់​តំណែង​នេះ​បាន​ឡើយ។»

លោក Lecornu បាន​ថ្កោលទោស​ចំពោះ​ការ​ទាមទារ​ដ៏​ច្រើន​របស់​គណបក្ស​អភិរក្ស Les Républicains ដែល​ជា​មូលហេតុ​នាំ​ឲ្យ​លោក​ត្រូវ​លាលែង​ពី​តំណែង។ លោក Lecornu បាន​បន្ថែម​ថា រដ្ឋាភិបាល​មួយ​អាច​ដំណើរការ​បាន​ប្រសើរ​ច្រើន ប្រសិនបើ​មនុស្ស​ក្នុង​រដ្ឋាភិបាល​មិន​អាត្មានិយម មិន​ប្រកួតប្រជែង​ដើម្បី​អំណាច ហើយ​ដឹង​ពី​របៀប​បង្ហាញ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក គឺ​មិន​ជា​បញ្ហា​អ្វី​ឡើយ។

លោក Lecornu ទទូច​ថា មនុស្ស​ដែល​កាន់​អំណាច ឬ​ក្នុង​រដ្ឋាភិបាល ត្រូវ​គិត​អាទិភាព​ប្រទេស​ជាតិ​ជាង​ផលប្រយោជន៍​របស់​ខ្លួន ទើប​អាច​នៅ​ជាមួយ​គ្នា​បាន។

បច្ចុប្បន្ន​នេះ មិន​ទាន់​ច្បាស់​ថា​អាណត្តិ​របស់​ប្រធានាធិបតី Macron នឹង​ដំណើរការ​យ៉ាង​ដូចម្តេច​បន្ទាប់ពី​ការ​លាលែង​របស់​លោក Lecornu នេះ​ទេ។ តែ​ជាមួយ​គ្នា​នេះ លោក Macron បាន​រារាំង​នឹង​ការ​អំពាវនាវ​ឱ្យ​រៀបចំ​បោះឆ្នោត​សភា​ថ្មី។

មេដឹកនាំ​បក្ស​ស្តាំ​និយម Marine Le Pen បាន​អំពាវនាវ​ឱ្យ​រំលាយ​សភា​បារាំង។ អ្នកស្រី Le Pen និយាយ​ថា៖ «ការ​រំលាយ​សភា​ជាតិ​បារាំង គឺជា​ការ​ចាំបាច់​នៅ​ពេលនេះ ហើយ​បើ​ធ្វើ​បាន គឺជា​ភាព​ឆ្លាតវៃ​របស់​ប្រធានាធិបតី Macron»

ខណៈ​នេះ​ដែរ មេដឹកនាំ​ឆ្វេង​និយម Jean-Luc Mélenchon នៃ​គណបក្ស La France Insoumise ក៏​បាន​អំពាវនាវ​ឱ្យ​ចាប់ផ្តើម​ចលនា​មួយ​ដើម្បី​ដក​លោក Macron ចេញពី​តំណែង​ប្រធានាធិបតី។

អ្នក​នយោបាយ​ប្រឆាំង​ម្នាក់ គឺ Mathilde Panot បាន​ប្រកាស​លើ​បណ្ដាញ X ថា៖ «ការ​រាប់​ថយ​ក្រោយ​បាន​ចាប់ផ្តើម​ហើយ​សម្រាប់​លោក Macron ត្រូវតែ​ចាកចេញ​តំណែង​ប្រធានាធិបតី។»

ប្រធានាធិបតី​បារាំង មាន​អំណាច​រំលាយ​សភា ឬ​ក៏​បង្គាប់​ឱ្យ​មាន​គណៈរដ្ឋមន្ត្រី​ថ្មី និង​ការ​ចាត់តាំង​នាយករដ្ឋមន្ត្រី​ថ្មី។ សម្រាប់​អាណត្តិ​របស់​លោក Macron នឹង​ត្រូវ​ផុតកំណត់​នៅ​ខែ​ឧសភា ឆ្នាំ​២០២៧។

សម្រាប់​លោក Sebastien Lecornu មាន​វ័យ ៣៩​ឆ្នាំ គឺជា​នាយករដ្ឋមន្ត្រី​ទី​៣ ដែល​បាន​លាលែង​ពី​តំណែង​ក្នុង​រយៈពេល​មិន​ដល់​មួយ​ឆ្នាំ​ចុងក្រោយ​នេះ។ លោក Lecornu ដំបូង​ឡើយ មាន​បំណង​ចង់​ស្វែងរក​ការ​គាំទ្រ​ពី​គណបក្ស​នានា​នៅ​ក្នុង​សភា ដែល​មាន​ការ​បែកបាក់​យ៉ាង​ជ្រៅ។ នាយករដ្ឋមន្ត្រី​បារាំង ២​រូប​មុន​លោក គឺ​លោក Francois Bayrou និង Michel Barnier កន្លង​មក សុទ្ធតែ​របូត​តំណែង​ដោយសារ​ត្រូវ​បាន​សភា​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស