35.5 C
Phnom Penh

សហភាព​អឺរ៉ុប និង​បារាំង សម្ដែង​ក្តី​ព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ​ដែល​កក្រើក​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​បារាំង សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ភាព​តានតឹង​ដែល​កើតមាន​សាជាថ្មី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​កំពុង​កក្រើក​ឡើងវិញ និង​បង្ក​ឱ្យ​មាន​ជនរងគ្រោះ​ថ្មី​ទៀត​នា​ពេលនេះ។

ក្រសួង​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប និង​ក្រសួង​ការបរទេស​បារាំង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៩ ធ្នូ នេះ ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​ទាំង​ពីរ គោរព​ឱ្យ​បាន​ពេញលេញ និង​ការ​អនុវត្ត​ជាក់ស្តែង​នូវ​បទ​ឈប់​បាញ់ រួម​ទាំង​សេចក្តី​ថ្លែងការណ៍​រួម​នៃ​ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៦ ខែ​តុលា កន្លង​ទៅ​នោះ។

ប្រទេស​បារាំង បញ្ជាក់​ជំហរ​សាជាថ្មី​នូវ​ការ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ធ្វើឡើង​ដោយ​អាស៊ាន ជាពិសេស​សម្របសម្រួល​ដោយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៥ នេះ។

ប្រទេស​បារាំង ជឿជាក់​ថា មាគ៌ា​តែ​មួយ​គត់​ដើម្បី​ដោះស្រាយ​ជម្លោះ​ប្រកប​ដោយ​ចីរភាព និង​សន្តិវិធី គឺ​ធ្វើឡើង​តាមរយៈ​នៃ​ការ​បន្ត​កិច្ច​សន្ទនា​ឡើងវិញ ការ​គោរព​ច្បាប់​អន្តរជាតិ និង​ការ​ប្ដេជ្ញាចិត្ត​នានា​ដែល​ប្រទេស​ទាំង​ពីរ​បាន​ធ្វើឡើង​ជាមួយ​ដៃគូ​អាស៊ាន​កន្លង​មក​នោះ។

មក​ទល់​ថ្ងៃ​នេះ នាយករដ្ឋមន្ត្រី​ថៃ អនុធីន ឆានវីរៈគុល បាន​ច្រានចោល​ឱកាស​ជួប​ចរចា​ជា​ថ្មី​ជាមួយ​ភាគី​ខ្មែរ​នា​អនាគត​ដ៏​ខ្លី​នេះ។

ចំណែកឯ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាន​លើកឡើង​នៅ​ថ្ងៃទី​៩​ខែ​ធ្នូ នេះ​ថា ដោយសារតែ​យោធា​ថៃ បាន​បើក​ការ​បាញ់​ប្រហារ និង​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​មុន​អស់​រយៈពេល ២​ថ្ងៃ​មក​នេះ កងកម្លាំង​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​នៅ​ក្នុង​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ខ្លួន​ឡើយ។

ទោះជា​យ៉ាងណាក៏ដោយ ភាគី​ថៃ ក៏​ចោទ​ខ្មែរ​ថា​បាញ់​ទាហាន​ថៃ មុន​ដែន នៅ​តំបន់​អានសេះ ឬ​អានម៉ា។

អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់​ថា ការ​វាយប្រហារ​របស់​យោធា​ថៃ រយៈពេល ២​ថ្ងៃ​មក​នេះ បាន​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស៊ីវិល​កម្ពុជា ៧​នាក់​បាត់បង់​ជីវិត និង​របួស​ចំនួន ២០​នាក់​ផង​ដែរ។

រីឯ​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ ធ្នូ នេះ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៩ ខែ​ធ្នូ នេះ ជនភៀសសឹក​កម្ពុជា ត្រូវ​បាន​ជម្លៀស​ទៅ​មណ្ឌល​សុវត្ថិភាព​មាន​ចំនួន​ជិត ៤​ម៉ឺន​នាក់ (៣៧៣៧៦​នាក់)។

ជុំវិញ​បញ្ហា​នេះ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី មាន​ព្រះ​រាជបន្ទូល​នៅ​ថ្ងៃទី​៩ ធ្នូ នេះ​ថា ព្រះអង្គ​ចងចាំ​ជានិច្ច​នូវ​មហា​ពលិកម្ម​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​អាយុជីវិត​នៃ​ប្រជាជន​ស្លូតត្រង់​ខ្មែរ ព្រមទាំង​ជនរងគ្រោះ​ទាំងឡាយ​ពី​សំណាក់​ការ​ឈ្លានពាន​ខុស​ច្បាប់​របស់​ប្រទេស​ថៃ មក​លើ​បូរណភាព​ទឹកដី​កម្ពុជា។

យ៉ាងណាក៏ដោយ កាសែត​ថៃ ខៅស៊ុត (Khaosod) រាយការណ៍​ចំពោះ​ការ​អះអាង​របស់​កងទ័ព​ភូមិភាគ​ទី​២ ថៃ នៅ​ថ្ងៃទី​៩ ធ្នូ នេះ​ដែរ​ថា កងទ័ព​កម្ពុជា​បាន​វាយប្រហារ​មក​លើ​ថៃ មុន ដូច្នេះ​យោធា​ថៃ មាន​កាតព្វកិច្ច​ក្នុង​ការ​ឆ្លើយតប​ដើម្បី​ការពារ​ខ្លួន និង​ដើម្បី​ធានា​ការពារ​នូវ​អាយុជីវិត​ប្រជាជន និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) បាន​រាយការណ៍​កាលពី​ថ្ងៃទី​៨ ធ្នូ នេះ​ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ជុំវិញ​ការ​ផ្ទុះឡើង​ជា​ថ្មី​នូវ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ នា​ពេលនេះ ក្នុង​នោះ លោក​ជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​រក្សា​ការ​អត់ធ្មត់ និង​បញ្ចៀស​រាល់​សកម្មភាព​ដែល​បង្កើន​ជម្លោះ។

លោក Antonio Guterres បញ្ជាក់​ថា កម្ពុជា និង​ថៃ ត្រូវតែ​ការពារ​ជនស៊ីវិល និង​សម្រួល​ដល់​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌ ក៏ដូចជា​ប្ដេជ្ញាចិត្ត​ឡើងវិញ​ចំពោះ​បទ​ឈប់​បាញ់ និង​ប្រើប្រាស់​យន្តការ​សន្ទនា​ដែល​មាន​ស្រាប់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា នៅ​ម៉ោង ១០:៣០​នាទី​ព្រឹក​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ យោធា​ថៃ បាន​ប្រើ​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចំ​កណ្ដាល​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ បណ្ដាល​ឲ្យ​ខូចខាត​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​យ៉ាង​ដំណំ។

រូបភាព​ក្នុង​បណ្ដាញ​សង្គម​មួយ​ចំនួន បង្ហាញ​អំពី​ការ​ខូចខាត​លើ​អគារ​កាស៊ីណូ ដែល​គេ​សង្ស័យ​ថា​ជា​ទីតាំង​ប្រតិបត្តិការ​ឆបោក​ក្នុង​ទឹកដី​ខ្មែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស