នៅអឺរ៉ុប និងប្រទេសជប៉ុន រយៈពេលចុងក្រោយនេះ គឺងាយបំផុតនៃការលាលែងពីតំណែង ឬដកហូតអំណាចឋានៈជានាយករដ្ឋមន្ត្រី ព្រោះអ្នកនយោបាយទាំងនោះមិនបានចាត់ទុកតំណែងនាយករដ្ឋមន្ត្រី ឬប្រធានាធិបតីជាអំណោយរបស់អាទិទេពនោះទេ។
នៅប្រទេសជប៉ុន អ្នកនយោបាយប្រទេសនេះលាលែងពីតំណែងនាយករដ្ឋមន្ត្រី កើតមានជាញឹកញាប់ ដោយកាន់អំណាចបានមួយឆ្នាំ ឬ ២ឆ្នាំ ក៏ប្រកាសចុះចេញក៏មាន។ តែជាមួយគ្នានេះ នៅប្រទេសបារាំង ក៏មានការចុះចេញតំណែង ឬត្រូវដកហូតអំណាចឋានៈជានាយករដ្ឋមន្ត្រីក៏មានញឹកញាប់ផងដែរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅថ្ងៃចន្ទ ទី៦ តុលា នេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា នាយករដ្ឋមន្ត្រីបារាំង លោក Sébastien Lecornu បានដាក់លិខិតលាលែងពីតំណែងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបារាំង ទៅជូនប្រធានាធិបតី Emmanuel Macron ជាផ្លូវការហើយ។ ការលាលែងនេះ បានធ្វើឲ្យលោក Lecornu ក្លាយជានាយករដ្ឋមន្ត្រីដែលកាន់តំណែងក្នុងរយៈកាលខ្លីជាងគេបំផុតក្នុងប្រវត្តិសាស្ត្របារាំង ដែលបានកាន់តំណែងនេះបានត្រឹមតែ ២៧ថ្ងៃប៉ុណ្ណោះ។
ការិយាល័យប្រធានាធិបតី បានចេញសេចក្តីថ្លែងការណ៍ថា លោក Sébastien Lecornu បានដាក់សំណើលាលែងពីតំណែងរដ្ឋាភិបាលរបស់លោកទៅកាន់ប្រធានាធិបតី Emmanuel Macron ដែលលោក Macron ក៏បានទទួលយកសំណើលាលែងរបស់លោក Lecornu ផងដែរ។
ការលាលែងនេះ កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់លោក Lecornu ត្រូវបានបង្កើតឡើង បណ្តាលឲ្យបារាំង ធ្លាក់ចូលទៅក្នុងស្ថានភាពមិនច្បាស់លាស់ម្តងទៀត។
នៅព្រឹកថ្ងៃចន្ទ ទី៦ តុលា ការិយាល័យរបស់ប្រធានាធិបតីបារាំង Emmanuel Macron បានប្រកាសថា នាយករដ្ឋមន្ត្រី Sébastien Lecornu បានដាក់សំណើលាលែងពីតំណែងរយៈពេលត្រឹមតែ ២៧ថ្ងៃបន្ទាប់ពីចូលកាន់តំណែង។
កាលពីល្ងាចថ្ងៃអាទិត្យ ទី៥ តុលា លោក Lecornu ទើបតែបង្ហាញគណៈរដ្ឋមន្ត្រីថ្មី ដែលស្ទើរតែដូចរដ្ឋាភិបាលមុនដែលបានដួលរលំក្រោមការដឹកនាំរបស់លោក François Bayrou។
ទើបតែយប់ថ្ងៃអាទិត្យ ទី៥ តុលា ប៉ុណ្ណោះ ដែលលោក Lecornu បានប្រកាសសមាសភាពរដ្ឋាភិបាលរបស់លោក ដែលមានរដ្ឋមន្ត្រីចំនួន ១៨រូប តែបែរជាលោកសម្រេចចិត្តចាកចេញពីតំណែងដ៏ភ្ញាក់ផ្អើល។
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ប្រជាជនបារាំង នៅខាងមុខវិមានម៉ាទីញ៉ុង លោក Lecornu បានលើកឡើងថា លោកមិនអាចដឹកនាំរដ្ឋាភិបាលបានទេនៅក្នុងកាលៈទេសៈដែលក្រុមបក្សនយោបាយគិតតែពីប្រជែងគ្នា និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍ជាតិបារាំង។
ក្នុងស្ថានភាពនេះ ការរិះគន់បានលេចចេញភ្លាមៗពីអ្នកនយោបាយនៃគណបក្សមួយចំនួនក្នុងក្រុមចម្រុះរដ្ឋាភិបាល ដែលបង្ហាញការសង្ស័យចំពោះការខ្វះភាពដឹកនាំក្នុងអន្តររដ្ឋាភិបាលរបស់លោក Lecornu។
ក្នុងសេចក្តីថ្លែងការណ៍លាលែងរបស់លោក Lecornu បានបញ្ជាក់ដូចនេះថា៖ «លក្ខខណ្ឌមិនត្រូវបានបំពេញស្របតាមមុខងាររបស់ខ្ញុំជានាយករដ្ឋមន្ត្រី ដែលធ្វើឱ្យខ្ញុំមិនអាចកាន់តំណែងនេះបានឡើយ។»
លោក Lecornu បានថ្កោលទោសចំពោះការទាមទារដ៏ច្រើនរបស់គណបក្សអភិរក្ស Les Républicains ដែលជាមូលហេតុនាំឲ្យលោកត្រូវលាលែងពីតំណែង។ លោក Lecornu បានបន្ថែមថា រដ្ឋាភិបាលមួយអាចដំណើរការបានប្រសើរច្រើន ប្រសិនបើមនុស្សក្នុងរដ្ឋាភិបាលមិនអាត្មានិយម មិនប្រកួតប្រជែងដើម្បីអំណាច ហើយដឹងពីរបៀបបង្ហាញការគោរពគ្នាទៅវិញទៅមក គឺមិនជាបញ្ហាអ្វីឡើយ។
លោក Lecornu ទទូចថា មនុស្សដែលកាន់អំណាច ឬក្នុងរដ្ឋាភិបាល ត្រូវគិតអាទិភាពប្រទេសជាតិជាងផលប្រយោជន៍របស់ខ្លួន ទើបអាចនៅជាមួយគ្នាបាន។
បច្ចុប្បន្ននេះ មិនទាន់ច្បាស់ថាអាណត្តិរបស់ប្រធានាធិបតី Macron នឹងដំណើរការយ៉ាងដូចម្តេចបន្ទាប់ពីការលាលែងរបស់លោក Lecornu នេះទេ។ តែជាមួយគ្នានេះ លោក Macron បានរារាំងនឹងការអំពាវនាវឱ្យរៀបចំបោះឆ្នោតសភាថ្មី។
មេដឹកនាំបក្សស្តាំនិយម Marine Le Pen បានអំពាវនាវឱ្យរំលាយសភាបារាំង។ អ្នកស្រី Le Pen និយាយថា៖ «ការរំលាយសភាជាតិបារាំង គឺជាការចាំបាច់នៅពេលនេះ ហើយបើធ្វើបាន គឺជាភាពឆ្លាតវៃរបស់ប្រធានាធិបតី Macron។»
ខណៈនេះដែរ មេដឹកនាំឆ្វេងនិយម Jean-Luc Mélenchon នៃគណបក្ស La France Insoumise ក៏បានអំពាវនាវឱ្យចាប់ផ្តើមចលនាមួយដើម្បីដកលោក Macron ចេញពីតំណែងប្រធានាធិបតី។
អ្នកនយោបាយប្រឆាំងម្នាក់ គឺ Mathilde Panot បានប្រកាសលើបណ្ដាញ X ថា៖ «ការរាប់ថយក្រោយបានចាប់ផ្តើមហើយសម្រាប់លោក Macron ត្រូវតែចាកចេញតំណែងប្រធានាធិបតី។»
ប្រធានាធិបតីបារាំង មានអំណាចរំលាយសភា ឬក៏បង្គាប់ឱ្យមានគណៈរដ្ឋមន្ត្រីថ្មី និងការចាត់តាំងនាយករដ្ឋមន្ត្រីថ្មី។ សម្រាប់អាណត្តិរបស់លោក Macron នឹងត្រូវផុតកំណត់នៅខែឧសភា ឆ្នាំ២០២៧។
សម្រាប់លោក Sebastien Lecornu មានវ័យ ៣៩ឆ្នាំ គឺជានាយករដ្ឋមន្ត្រីទី៣ ដែលបានលាលែងពីតំណែងក្នុងរយៈពេលមិនដល់មួយឆ្នាំចុងក្រោយនេះ។ លោក Lecornu ដំបូងឡើយ មានបំណងចង់ស្វែងរកការគាំទ្រពីគណបក្សនានានៅក្នុងសភា ដែលមានការបែកបាក់យ៉ាងជ្រៅ។ នាយករដ្ឋមន្ត្រីបារាំង ២រូបមុនលោក គឺលោក Francois Bayrou និង Michel Barnier កន្លងមក សុទ្ធតែរបូតតំណែងដោយសារត្រូវបានសភាបោះឆ្នោតដកសេចក្តីទុកចិត្ត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

