35.9 C
Phnom Penh

ក្រសួង​មហាផ្ទៃ​ច្រានចោល​របាយការណ៍​ដែល​ថា​លោក ស សុខា ជា​សហ​វិនិយោគិន​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ជីនប៉ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ ចាត់ទុក​របាយការណ៍​ដែល​ចោទ​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថា​ជា​សហ​វិនិយោគិន​ជាមួយ​នឹង​ក្រុមហ៊ុន​កាស៊ីណូ ជីន ប៉ី (Jin Bei) ក្នុង​ខេត្ត​ព្រះសីហនុ ថា​ជា​របាយការណ៍​មាន​ចរិត​នយោបាយ​ខុស​ពី​ការពិត។

ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​បំភ្លឺ​កាលពី​ថ្ងៃទី​២០ ខែ​តុលា ថា លោក ស សុខា មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​អាជីវកម្ម​កាស៊ីណូ ជីន ប៉ី នៅ​ក្នុង​ខេត្ត​ព្រះសីហនុ នោះ​ឡើយ ព្រោះ​កន្លង​មក លោក​ពុំ​មាន​ភាគហ៊ុន​ណា​មួយ​ជាមួយ​នឹង​អាជីវកម្ម​កាស៊ីណូ ជីន ប៉ី (Jin Bei) ក្រោម​កិច្ចសហការ​ជាមួយ​លោក ចេន ហ្ស៊ី (Chen Zhi) នោះ​ទេ។

ប្រភព​ដដែល អះអាង​ថា ក្នុង​នាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល លោក ស សុខា បាន​ខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ​ក្នុង​ការ​លុប​បំបាត់​បទល្មើស​គ្រប់​ប្រភេទ ដូចជា បទល្មើស​បច្ចេកវិទ្យា និង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ រួម​ទាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន​រហូត​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​ជាបន្តបន្ទាប់។

ជាក់ស្ដែង រយៈពេល ៩​ខែ​ឆ្នាំ​២០២៥ នេះ អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច បាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) ជិត ៥០​លើក (៤៨​លើក) ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ និង​បញ្ជូន​ទៅ​តុលាការ​ជិត ២០០​នាក់ (១៦៨​នាក់)។ ជាង​នេះ​ទៀត ក៏​បាន​បណ្ដេញ​ជនល្មើស​ផ្សេង​ទៀត​ចេញពី​កម្ពុជា ជិត ៣​ពាន់​នាក់​ផង​ដែរ (២៧២២​នាក់)។

ចំណែក​បទល្មើស​ជួញដូរ​មនុស្ស ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ចំនួន ១៤៧​ករណី ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ​ជាង ២០០​នាក់ (២០៥​នាក់) និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ ក្នុង​នោះ សមត្ថកិច្ច​បាន​រំដោះ​ជនរងគ្រោះ​ជិត ៥០០​នាក់ (៤៨៣​នាក់)។

ដោយឡែក​បទល្មើស​គ្រឿងញៀន សមត្ថកិច្ច​បង្ក្រាប​បាន​ជិត ៧​ពាន់​ករណី (៦៩១៤​ករណី) និង​បាន​ឃាត់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ជិត ២​ម៉ឺន​នាក់ (១៧៤០៦​នាក់) ព្រមទាំង​រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ​បាន​ជាង ៧​តោន (៧,៥០៩​តោន) រួម​ទាំង​សារធាតុ​គីមី​ផ្សំ​ប្រមាណ​ជិត ៥០​តោន​ថែមទៀត (៤៨​តោន)។

ក្រសួង​មហាផ្ទៃ ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​ចោទប្រកាន់​ទាំងឡាយ​ណា​ដែល​ភ្ជាប់​លោក ស សុខា ទៅ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ផ្សេងៗ ព្រោះ​ទង្វើ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​នៃ​ស្ថាប័ន​ជាតិ​ទាំងមូល និង​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល ដែល​ផ្ទុយ​ស្រឡះ​ពី​សមិទ្ធផល​ដែល​ក្រសួង​សម្រេច​បាន​កន្លង​មក។

កាលពី​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២៥ សភា​អាមេរិក បាន​ចេញ​សេចក្តី​ព្រាង​ច្បាប់​លេខ H.R 5490 ក្នុង​គោលបំណង​ដាក់​ប្រទេស​កម្ពុជា ក្នុង​បញ្ជីខ្មៅ និង​ស្នើ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ និង​ឧកញ៉ា​ខ្មែរ​មួយ​ចំនួន រួម​ទាំង​ក្រុមហ៊ុន​ខ្មែរ​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន ជាច្រើន​ទៀត​ផង​ដែរ។

ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ បាន​កំណត់​មុខសញ្ញា​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ឧកញ៉ា​ខ្មែរ និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា មួយ​ចំនួន ដូចជា៖

  • លោក ឌី វិជ្ជា កូនប្រសា​លោក ហ៊ុន សែន
  • លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី
  • លោក គួច ចំរើន អភិបាល​ខេត្ត​កណ្តាល
  • លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ
  • ឧកញ៉ា ចេន ហ្ស៊ី ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ ដែល​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន
  • លោក យឹម លក្ខណ៍ ជា​កូនប្រុស​របស់​លោក យឹម ឆៃលី អតីត​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដែល​ត្រូវ​ជា​ប្អូនថ្លៃ​របស់​លោក ហ៊ុន ម៉ានី កូនប្រុស​របស់​លោក ហ៊ុន សែន
  • ឧកញ៉ា ហ៊ុន តូ ក្មួយប្រុស​បង្កើត​របស់​លោក ហ៊ុន សែន
  • ឧកញ៉ា កុក អាន
  • មេ​ឧក្រិដ្ឋជន​មួយ​រូប​ទៀត​ឈ្មោះ យ៉ាន ណារ៉ុង
  • រួម​ទាំង​មនុស្ស​ជាង ៣០​នាក់​ផ្សេង​ទៀត​ដែល​ភាគច្រើន​ជា​ឧក្រិដ្ឋជន​ជនជាតិ​ចិន។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អតីត​ឧកញ៉ា ហេង សិទ្ធី ដែល​កំពុង​ជាប់​ឃុំ បាន​ទម្លាយ​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២៥ នេះ​ថា លោក ស សុខា តែង​ទទួល​សំណូក​ពី​ឧក្រិដ្ឋជន​ក្នុង​ពេល​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់ និង​ទទួល​សំណូក​ពី​ឧក្រិដ្ឋជន​ផ្តល់​កម្ចី​អនឡាញ​ខុស​ច្បាប់ រួម​ទាំង​ចេញ​មុខ​ការពារ​ក្រុម​ឧក្រិដ្ឋជន​ខុស​ច្បាប់​ដែល​កំពុង​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ។

អតីត​ឧកញ៉ា​រូប​នេះ អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត បើក​ការ​ស៊ើបអង្កេត​លើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ និង​អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន ផង​ដែរ ជុំវិញ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ការ​ការពារ​ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា សព្វថ្ងៃ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស