អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងចាប់ផ្តើមបើកការស៊ើបអង្កេតមួយលើរបរខ្ចីបុលចងការប្រាក់ ដែលគេហៅថា loan shark ឬវិធីស៊ីការប្រាក់ដូចហុតឈាមពីកូនបំណុល បន្ទាប់ពីយុវជនអាយុ ១៤ឆ្នាំជាកូនប្រុសរបស់កូនបំណុល អំពាវនាវឲ្យដោះលែងម្តាយរបស់ខ្លួនដែលតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ព្រោះមិនបានសងបំណុលទាំងការ ទាំងដើម តាមលក្ខខណ្ឌនៃកិច្ចសន្យា។
ACU រកឃើញភាពមិនប្រក្រតី ហើយស្នើឲ្យព្យួរសេចក្តីសម្រេចពីតុលាការមួយរយៈ ទម្រាំដល់ពេលបញ្ចប់ការស៊ើបអង្កេត មកពីមានការមន្ទិលសង្ស័យថាម្ចាស់បំណុលអាចដំឡើងអត្រាការប្រាក់ខ្ពស់ហួសពីច្បាប់អនុញ្ញាត។
បំណុលខ្ចីដោយស្ត្រីឈ្មោះ អែម ចន្ធី កើនពី ៤៥ម៉ឺនដុល្លារដល់ទៅ ១លាន ១៧សែនដុល្លារ ជាមួយនឹងអត្រាការប្រាក់ ១,៧% ក្នុងមួយខែ។ ច្បាប់អនុញ្ញាតឲ្យយកការប្រាក់តែ ១,៥% ប៉ុណ្ណោះ។
ACU ស្នើឲ្យចុងចោទ ឬកូនបំណុល និងមេធាវីដាក់ពាក្យតវ៉ាទៅសាលាឧទ្ធរណ៍៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

