ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី បាននិយាយថា ប្រទេសរបស់លោកស្នើទិញប្រព័ន្ធការពារដែនអាកាស Patriot ចំនួន ២៧គ្រឿងពីក្រុមហ៊ុនអាមេរិក។ លោក ហ្សេឡេនស្គី បានបញ្ជាក់ដូចនេះនៅក្នុងបទសម្ភាសន៍ជាមួយនឹងកាសែត The Guardian របស់អង់គ្លេស ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែវិច្ឆិកា។
ការវាយប្រហាររបស់រុស្ស៊ី នៅយប់នៅថ្ងៃទី៨ ខែវិច្ឆិកា បានបណ្ដាលឱ្យរោងចក្រថាមពលកម្ដៅទាំងអស់ដែលគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋ Centrenergo របស់អ៊ុយក្រែន ត្រូវបានបិទទ្វារ។
យោងតាមសារព័ត៌មាន Kyiv Independent ក្រុមមន្ត្រីអ៊ុយក្រែន បានឲ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ី ក៏បានសម្លាប់មនុស្ស ៣នាក់ និងរបួសយ៉ាងហោចណាស់ ១៨នាក់នៅក្នុងតំបន់ Donetsk និង Kherson។
លោក ហ្សេឡេនស្គី បានហៅរកជំនួយភ្លាមៗពីសម្ពន្ធភាពដែលធ្វើយ៉ាងណាឱ្យអ៊ុយក្រែន មានប្រព័ន្ធការពារដែនអាកាសសម្រាប់ប្រឆាំងមីស៊ីលបាលិស្ទិករបស់រុស្ស៊ី។
ក្នុងរយៈពេលមួយសប្ដាហ៍មកនេះ រុស្ស៊ី បាញ់ទៅលើប្រទេសអ៊ុយក្រែន ដោយប្រើមីស៊ីលបាលិស្ទិកធុនធ្ងន់ជាច្រើនរយគ្រាប់ ដែលលំបាកក្នុងការបាញ់ទម្លាក់ លើកលែងមីស៊ីលអាមេរិក Patriot អាចបាញ់ទម្លាក់គ្រាប់មីស៊ីលប្រភេទនេះមានប្រសិទ្ធភាព។
លោក ហ្សេឡេនស្គី បញ្ជាក់ថា អ៊ុយក្រែននៅតែត្រូវការជំនួយពីសម្ពន្ធភាពបន្ថែមទៀត រហូតដល់សង្គ្រាមត្រូវបានបញ្ចប់។ លោកប្រធានាធិបតីអ៊ុយក្រែន រូបនេះបន្តថា រហូតដល់សង្គ្រាមត្រូវបានបញ្ចប់ ទើបអ៊ុយក្រែន សមល្មមនឹងមានសមត្ថភាពការពារដែនអាកាសរបស់ខ្លួនដោយខ្លួនឯង។
បច្ចុប្បន្ន អ៊ុយក្រែនមានប្រព័ន្ធមីស៊ីល Patriot ជិត ២០គ្រឿង ដែលបានពីជំនួយរបស់សហរដ្ឋអាមេរិក និងពីប្រទេសអាល្លឺម៉ង់ អ៊ីតាលី ហុឡង់ដ៍ ដាណឺម៉ាក និងប្រទេសរ៉ូម៉ានី។ សម្រាប់អ៊ុយក្រែន លោក ហ្សេឡេនស្គី ថាត្រូវការរហូត ៣៥គ្រឿងទៅ ៤០គ្រឿង ឬត្រូវការរហូតរុស្ស៊ី បញ្ចប់សង្គ្រាមឈ្លានពាន។
ប្រព័ន្ធមីស៊ីល Patriot ផលិតនៅសហរដ្ឋអាមេរិក ក្នុងមួយគ្រឿងមានតម្លៃ ១១០០លានដុល្លារអាមេរិក ហើយគ្រាប់មីស៊ីលមួយគ្រាប់មានតម្លៃជិត ៤លានដុល្លារ ប៉ុន្តែវាអាស្រ័យទៅលើអនុភាព និងមុខងាររបស់វា។ ប្រព័ន្ធមីស៊ីល Patriot មានសមត្ថភាពបាញ់ទម្លាក់គ្រាប់មីស៊ីល និងបាញ់ទម្លាក់យន្តហោះយ៉ាងមានប្រសិទ្ធភាព។
ភ្លាមៗក្រោយពីអ៊ុយក្រែន ស្វែងរកទិញប្រព័ន្ធមីស៊ីល Patriot ពីអាមេរិក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានស្នើជួបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។
លោក Lavrov បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីការបរទេស Marco Rubio និងរូបលោក យល់ពីភាពចាំបាច់នៃការប្រាស្រ័យទាក់ទងគ្នា ព្រោះវាសំខាន់សម្រាប់ការពិភាក្សាលើបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងទ្វេភាគីរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

