32 C
Phnom Penh

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ឱ្យ​ដោះលែង​លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ស្នើ​ឱ្យ​តុលាការ​ដោះលែង និង​លើកលែង​ការ​ចោទប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស លោក កើត សារ៉ាយ ស្រប​ពេល​ដែល​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ៦០០​ថ្ងៃ​ទៅ​ហើយ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ ធ្នូ នេះ​ថា សកម្មជន​សិទ្ធិមនុស្ស លោក កើត សារ៉ាយ បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង ៦០០​ថ្ងៃ​ហើយ ខណៈ​សាលា​ឧទ្ធរណ៍​ភ្នំពេញ នៅ​មិន​ទាន់​កំណត់​ពេល​សវនាការ​លើ​បណ្ដឹង​ឧទ្ធរណ៍​នៃ​សំណុំរឿង​របស់​លោក ដែល​ត្រូវ​បាន​រង​ពី​បទ​ចោទ «ញុះញង់» និង «ការ​មិន​រាងចាល​ក្នុង​បទមជ្ឈិម បន្ទាប់ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម» នៅឡើយ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បញ្ជាក់​ថា បទ​ចោទ​លើ​លោក កើត សារ៉ាយ ត្រូវ​បាន​ធ្វើឡើង​ដោយសារតែ​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ កាលពី​អំឡុង​ឆ្នាំ​២០២៤ កន្លង​ទៅ។

លោក កើត សារ៉ាយ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០២៤ ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ជុំវិញ​ការ​ដឹកនាំ​និស្សិត​ចុះ​ទៅ​សិក្សា និង​តាមដាន​ករណី​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ក្នុង​ពេល​ដែល​ពលរដ្ឋ​ទាំងនោះ​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ។

ក្រោយ​ចាប់​ខ្លួន សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ សម្រេច​ផ្ដន្ទាទោស​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ ពី​បទ «មិន​រាងចាល​ក្នុង​បទមជ្ឈិម បន្ទាប់ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

លោក កើត សារ៉ាយ ធ្លាប់​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ​កាលពី​អំឡុង​ឆ្នាំ​២០២០ បន្ទាប់ពី​លោក​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​ថ្នាក់ដឹកនាំ​សហជីព លោក រ៉ុង ឈុន ក្នុង​នោះ លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ (១​ឆ្នាំ ៨​ខែ) ប៉ុន្តែ​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​មុន​ថ្ងៃ​កំណត់ ដោយ​ព្យួរ​ទោស​ដែល​នៅ​សល់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គម្រោង​យុត្តិធម៌​ពិភពលោក The World Justice Project (WJP) បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​របស់​ខ្លួន​ស្ដីពី​នីតិរដ្ឋ​របស់​ប្រទេស​ទាំង ១៤៣ នៅ​លើ​ពិភពលោក កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៥ នេះ​ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៤១ ក្នុង​ចំណោម​ប្រទេស​១៤៣ នៅ​លើ​ពិភពលោក។

គម្រោង​យុត្តិធម៌​ពិភពលោក បញ្ជាក់​ថា ចំណាត់ថ្នាក់​នេះ​បង្ហាញ​ថា ប្រទេស​កម្ពុជា មាន​នីតិរដ្ឋ​ទាប​បំផុត​ជុំវិញ​ការ​ប្រើ​អំណាច​របស់​មេដឹកនាំ ការ​មិន​ធានា​បាន​នូវ​រដ្ឋធម្មនុញ្ញ ការ​អនុវត្ត​ច្បាប់​ផ្សេងៗ រួម​ទាំង​ការ​មិន​អាច​ធានា​នូវ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​ពលរដ្ឋ ជាដើម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស