33 C
Phnom Penh

រុស្ស៊ី ព្រមាន​ថា​បទ​ឈប់​បាញ់​អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​អ៊ុយក្រែន ដក​ទ័ព​ចេញពី​តំបន់​ដុនបាស​ទាំងមូល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជំនួយការ​នយោបាយ​ការបរទេស​សម្រាប់​វិមាន​ក្រឹមឡាំង លោក Yury Ushakov បាន​ប្រកាស​ថា បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន អាច​កើតឡើង​បាន លុះត្រាតែ​កងកម្លាំង​របស់​អ៊ុយក្រែន យល់ព្រម​ដក​ខ្លួន​ចេញពី​តំបន់​ដុនបាស ទាំងមូល ខណៈ​លោក ហ្សេឡេនស្គី បង្ហើប​ថា​ការ​បោះបង់​ទឹកដី​ណា​មួយ​ទៅ​រុស្ស៊ី គឺជា​សិទ្ធិ​របស់​ប្រជាជន ចំពោះ​លោក​ជា​ប្រធានាធិបតី​គ្មាន​សិទ្ធិ​អ្វី​ឡើយ ព្រោះ​រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន មិន​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​លោក​នោះ​ទេ។ នេះ​បើ​តាម​ចុះផ្សាយ​របស់​សារព័ត៌មាន​អ៊ុយក្រែន នៅ​ថ្ងៃ​សុក្រ ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ។

លោក Yury Ushakov បញ្ជាក់​ថា បទ​ឈប់​បាញ់​អាច​មាន​ទៅ​បាន បន្ទាប់ពី​មាន​ការ​ដក​កងទ័ព​អ៊ុយក្រែន ចេញពី​តំបន់​ដុនបាស ហើយ​ប្រសិនបើ​មិន​តាមរយៈ​ការ​ចរចា​ទេ ទឹកដី​តំបន់​នេះ​នឹង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ទាំងស្រុង​របស់​រុស្ស៊ី ដោយ​កម្លាំង​ទ័ព។

តំបន់​ដុនបាស មាន​ខេត្ត​ចំណុះ ២​ខេត្ត គឺ​ខេត្ត​ដូណែត និង​ខេត្ត​លូហ្គាន់។ តំបន់​នេះ​មាន​ផ្ទៃដី​ជាង ៥៣០០​គីឡូម៉ែត្រ​ការ៉េ ជា​ដែនដី​អ៊ុយក្រែន ដ៏​ធំ​បំផុត​នៅ​ជាប់​ព្រំដែន​រុស្ស៊ី ភាគ​ខាងត្បូង តែ​តំបន់​នេះ​ធ្លាក់​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី តាំងពី​ឆ្នាំ​២០១៤ ព្រោះតែ​រុស្ស៊ី បង្កើត​កម្លាំង​ទ័ព​ឧទ្ទាម​វាយប្រហារ​ប៉ុនប៉ង​បំបែក​ជា​រដ្ឋ​អបគមន៍។

យ៉ាងណា លោក Yury Ushakov បាន​បង្ហើប​ពី​លទ្ធភាព​នៃ​ដំណោះស្រាយ​មួយ ដោយ​លើកឡើង​ថា នៅ​ក្រោម​ផែនការ​សន្តិភាព តំបន់​ដុនបាស ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ៊ុយក្រែន អាច​នឹង​មិន​មាន​វត្តមាន​កងទ័ព​រុស្ស៊ី ឬ​អ៊ុយក្រែន នោះ​ទេ ប៉ុន្តែ​នឹង​ត្រូវ​ជំនួស​ដោយ​កង​ឆ្មាំ​ជាតិ​រុស្ស៊ី និង​ប៉ូលិស ដើម្បី​រក្សា​សណ្ដាប់ធ្នាប់។

បច្ចុប្បន្ន រុស្ស៊ី​គ្រប់គ្រង​តំបន់​នៃ​ខេត្ត​លូហ្គាន់ ទាំងមូល និង​ប្រហែល ៨០% នៃ​តំបន់​ដូណែត ប៉ុន្តែ​តំបន់​ដូណែត កំពុង​ធ្លាក់​ការ​វាយបក​យ៉ាង​ខ្លាំង​ពី​កងទ័ព​អ៊ុយក្រែន។

ស្រប​ពេល​ជាមួយ​គ្នា​នេះ វិមាន​ក្រឹមឡាំង បាន​ប្រកាស​សេចក្តី​ថ្លែងការណ៍​ចុងក្រោយ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ស្ដីពី​អ៊ុយក្រែន ដែល​ថា​ទីក្រុង​មូស្គូ នឹង​ឈ្នះ​សង្គ្រាម ហើយ​ទីក្រុង​គៀវ នឹង​ត្រូវ​កាត់​ទឹកដី គឺ​ស្រប​គ្នា​ទៅ​នឹង​ទស្សនៈ​របស់​លោក Yury Ushakov មន្ត្រី​ជំនួយការ​នយោបាយ​ការបរទេស​សម្រាប់​វិមាន​ក្រឹមឡាំង។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ Politico លោក ត្រាំ បាន​ហៅ​មេដឹកនាំ​អឺរ៉ុប​ថា​ក្រុម​ខ្សោយ តែ​ជាមួយ​គ្នា​នេះ លោក​ថា​អ៊ុយក្រែន មិន​អាច​ចូលរួម​ជាមួយ​ណាតូ​បាន​ទេ ខណៈ​លោក ត្រាំ អំពាវនាវ​ឱ្យ​លោក ហ្សេឡេនស្គី រៀបចំ​ការ​បោះឆ្នោត​ផង​ដែរ។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ករណី​ប្រធានបទ​សមាជិកភាព​ណាតូ ករណី​ទឹកដី និង​ការ​បាត់បង់​ដី​របស់​អ៊ុយក្រែន វា​ស៊ីចង្វាក់​គ្នា​ទៅ​នឹង​ការ​យល់ឃើញ​របស់​រុស្ស៊ី ដែល​លោក ត្រាំ បាន​លើកឡើង​ដូចនេះ។ លោក ឌីមីទ្រី ប៉េស្កូវ បាន​ចាត់ទុក​ទស្សនៈ​របស់​លោក ត្រាំ ថា​ល្អ​ខ្លាំង​ណាស់។

ក្រោយពី​លោក ត្រាំ បាន​ថ្លែង​ដូចនេះ លោក ហ្សេឡេនស្គី បាន​ឆ្លើយតប​ថា លោក​ត្រៀម​ខ្លួន​រៀបចំ​ការ​បោះឆ្នោត​ថ្មី ប្រសិនបើ​មាន​ការ​ធានា​សន្តិសុខ និង​អនុវត្ត​ឱ្យ​បាន​នូវ​បរិយាកាស​ដែល​គ្មាន​ការ​ផ្ទុះ​អាវុធ​វាយប្រហារ​អ៊ុយក្រែន នៅ​ទូទាំង​ប្រទេស។

លោក ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា យើង​ត្រូវ​គោរព​ឆន្ទៈ​របស់​ប្រជាជន​អ៊ុយក្រែន ចំពោះ​ការ​កាត់​ទឹកដី​ទៅ​ឱ្យ​រុស្ស៊ី ហើយ​ត្រូវតែ​ឆ្លងកាត់​ការ​បោះឆ្នោត ឬ​បោះឆ្នោត​ប្រជាមតិ​ទូទាំង​ប្រទេស។

តាម​លោក ហ្សេឡេនស្គី វា​ជា​រឿង​ស្មុគស្មាញ​ខ្លាំង​ណាស់ បើ​និយាយ​ពី​ទឹកដី ដែល​លោក​ថា រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ៤​ឆ្នាំ​មក​ហើយ តែ​ទ័ព​អ៊ុយក្រែន នៅតែ​ការពារ និង​វាយបក​វិញ។ លោក​ថា ទ័ព​អ៊ុយក្រែន ស្លាប់​ច្រើន​ណាស់​ដើម្បី​ទឹកដី​របស់​ខ្លួន។ ប្រជាជន​អ៊ុយក្រែន នឹង​មិន​ឱ្យ​កាត់​ទឹកដី​ដូណែត ឬ​លូហ្គាន់ ឱ្យ​អ្នក​ឈ្លានពាន​នោះ​ទេ។ តែ​លោក​ថា លោក​គោរព​ឆន្ទៈ​របស់​ប្រជាជន ព្រោះ​រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន មិន​បាន​ឱ្យ​លោក​ឋានៈ​ជា​ប្រធានាធិបតី​ប្រើ​សិទ្ធិ​កាត់​ទឹកដី​ទៅ​ឱ្យ​អ្នក​ឈ្លានពាន ឬ​ប្រទេស​ណា​មួយ​ឡើយ។

ជុំវិញ​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន អគ្គលេខាធិការ​នៃ​អង្គការ​ណាតូ (NATO) លោក Mark Rutte បាន​ទទូច​ឱ្យ​សម្ពន្ធមិត្ត​ក្នុង​បក្ស​សម្ពន្ធ​យោធា​ណាតូ​ត្រូវ​រួម​គ្នា​បង្កើន​កិច្ចប្រឹងប្រែង​ការពារ​ជាតិ ដើម្បី​ទប់ស្កាត់​សង្គ្រាម​ជាមួយ​រុស្ស៊ី បើ​ផ្ទុះ​ឡើង គឺ​អាច​នឹង​មាន​ទំហំ​ធំ​ដូច​កាលពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២។

ក្នុង​សុន្ទរកថា​មួយ​នៅ​ទីក្រុង​ប៊ែរឡាំង លោក Rutte បាន​និយាយ​ថា សម្ពន្ធមិត្ត​នៅ​ក្នុង​បក្ស​សម្ពន្ធ​យោធា​ណាតូ​នេះ​ខ្លះ អាច​មើលស្រាល​ការ​គំរាមកំហែង​របស់​រុស្ស៊ី គឺជា​ការ​ធ្វេសប្រហែស​ហើយ គឺ​ត្រូវ​រួម​គ្នា​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ និង​ការ​ផលិត​សព្វាវុធ​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​មួយ​នេះ។

លោក Rutte បាន​ថ្លែង​ថា រុស្ស៊ី​កំពុង​នាំ​សង្គ្រាម​ត្រឡប់​មក​កាន់​អឺរ៉ុប​វិញ​នៅ​ពេលនេះ គ្រាន់តែ​វា​មិន​ទាន់​មក​ដល់។ សង្គ្រាម​នេះ​វា​អាច​ចេញពី​សង្គ្រាម​នៅ​អ៊ុយក្រែន ឬ​រុស្ស៊ី មាន​ផែនការ​វាយ​អតីត​រដ្ឋ​របស់​សូវៀត តែ​ពួកគេ​ជា​សមាជិក​របស់​ណាតូ ដែល​ត្រូវ​វាយបក​យ៉ាង​លឿន​បំផុត។

លោក​អគ្គលេខាធិការ NATO ថា​រុស្ស៊ី អាច​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ប្រើប្រាស់​កម្លាំង​យោធា​ប្រឆាំង NATO ក្នុង​ឆ្នាំ​២០៣០។ តែ​បើ NATO ខ្លាំង​រឹងមាំ រុស្ស៊ី​មិន​អាច​រំលោភ​ឈ្លានពាន​ឡើយ។ តែ​លោក​ថា មិន​ឱ្យ​រុស្ស៊ី ឈ្នះ​សង្គ្រាម​វាយ​យក​ទឹកដី​អ៊ុយក្រែន ឬ​ក៏​ផ្ដួល​រំលំ​អ៊ុយក្រែន ទាំងស្រុង​បាន​ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស