ក្រសួងមហាផ្ទៃ អះអាងថា មហាសេដ្ឋីជនជាតិចិនសញ្ជាតិខ្មែរ លោក ចេន ហ្ស៊ី (Vincent Chen Zhi) ដែលជាប់ពាក់ព័ន្ធនឹងការបោកប្រាស់ទ្រង់ទ្រាយធំ ការលាងលុយ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗរួមជាមួយបក្ខពួកពីរនាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនខ្លួនទៅប្រទេសចិន ហើយ។
ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នេះថា ផ្អែកតាមសំណើអាជ្ញាធរចិន សមត្ថកិច្ចប្រទេសកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិន ៣នាក់ មានឈ្មោះ ចេន ហ្ស៊ី (Chen Zhi) ឈ្មោះ ស៊ូ ជី លាង (Xu Ji Liang) និងឈ្មោះ សៅ ជី ហួយ (Shao Ji Hui) ដើម្បីបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន វិញ ក្រោមការសហការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ។
ប្រភពដដែលអះអាងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចចិន បានសហការគ្នាស៊ើបអង្កេតរួមគ្នាអស់រយៈពេលជាច្រើនខែកន្លងមក។
ក្រសួងមហាផ្ទៃ បញ្ជាក់ថា លោក ចេន ហ្ស៊ី (Chen Zhi) ត្រូវបានព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរតាំងពីអំឡុងខែធ្នូ ឆ្នាំ២០២៥ មកម្ល៉េះ។
ជុំវិញបញ្ហានេះ សារព័ត៌មាន The Standard បានរាយការណ៍នៅថ្ងៃទី៧ មករា នេះថា ស្ថាបនិកក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) មហាសេដ្ឋីជនជាតិចិនសញ្ជាតិខ្មែរ លោក ចេន ហ្ស៊ី (Vincent Chen Zhi) នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅកម្ពុជា និងធ្វើបត្យាប័នបញ្ជូនទៅប្រទេសចិន វិញហើយ ដើម្បីធ្វើការស៊ើបអង្កេត។
ប្រភពដដែល បញ្ជាក់ថា ប្រធានក្រុមហ៊ុន Cambodian Prince Group លោក ចេន ហ្ស៊ី (Vincent Chen Zhi) ត្រូវបាននិរទេសទៅកាន់ប្រទេសចិន បន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា ចំពេលមានការចោទប្រកាន់អំពីការក្លែងបន្លំ និងការលាងលុយកខ្វក់ទ្រង់ទ្រាយធំក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលពាក់ព័ន្ធនឹងទឹកប្រាក់ជាង ១០ពាន់លានដុល្លារអាមេរិក។
កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក បានរឹបអូសទឹកប្រាក់ចំនួន ១៥ពាន់លានដុល្លារអាមេរិកជា bitcoin ពាក់ព័ន្ធរូបិយប័ណ្ណគ្រីបតូរបស់ប្រធានក្រុមហ៊ុន Prince Holding Group (Prince Group) លោក ចេន ហ្ស៊ី (Chen Zhi) ទាក់ទិននឹងការក្លែងបន្លំក្នុងអំពើឆបោកតាមអនឡាញ។
ក្រោយការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិពីការចាប់ខ្លួនលោក ចេន ហ្ស៊ី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធិ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនដែលទំនងជាសំដៅដល់ការចាប់ខ្លួនមេឧក្រិដ្ឋជនអនឡាញរូបនេះថា បុគ្គលទាំងឡាយណាដែលប្រព្រឹត្តខុសច្បាប់ ទោះមានមុខនាទីអ្វីក៏ដោយ មិនអាចរួចផុតពីសំណាញ់ច្បាប់បានឡើយ។
លោក ជា ធីរិទ្ធិ ព្រមានថា ជនដែលព្យាយាមភ្ជាប់ឈ្មោះថ្នាក់ដឹកនាំ ជាពិសេសមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត ដើម្បីការពារ និងបិទបាំងទង្វើបំពានច្បាប់របស់ខ្លួនដែលបានធ្វើបាបប្រជាពលរដ្ឋ សុទ្ធសឹងតែជាក្រុមគោលដៅដែលបក្សកាន់អំណាចត្រូវបោសសម្អាតចោលទាំងអស់។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក ចេន ហ្ស៊ី (Chen Zhi) ត្រូវបានប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន តែងតាំងជាទីប្រឹក្សាផ្ទាល់ខ្លួន បន្ទាប់ពីទទួលបានគោរមងារជាអ្នកឧកញ៉ា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ តាមការទូលថ្វាយរបស់លោក ហ៊ុន សែន ទៅព្រះមហាក្សត្រ។
លើសពីនេះ ក្រោយលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តពីលោក ហ៊ុន សែន លោក ចេន ហ្ស៊ី ក៏ត្រូវបានតែងតាំងជាទីប្រឹក្សានាយករដ្ឋមន្ត្រីបន្ថែមទៀតផងដែរ។ លោក ចេន ហ្ស៊ី បានបោះទីតាំងក្នុងទឹកដីប្រទេសកម្ពុជា អំឡុងឆ្នាំ២០១០-២០១១។ មុនទៅធ្វើទីប្រឹក្សាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត លោក ចេន ហ្ស៊ី ធ្វើទីប្រឹក្សាឲ្យលោក ស ខេង និងលោក ស សុខា។
ការវិវឌ្ឍដោយឡែកទាក់ទងនឹងលោក ចេន ហ្ស៊ី តុលាការសិង្ហបុរី បានបដិសេធពាក្យស្នើសុំបើកប្រាក់ជិតកន្លះលានដុល្លារពីធនាគារដែលក្រុមហ៊ុនរបស់ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សាលោក ហ៊ុន សែន ដែលបុគ្គលិកឈ្មោះ អ៊ិង ជាអ្នកផ្តើមសុំ។
តាមសារព័ត៌មាន The Straits Times ផ្សាយថ្ងៃទី៧ ខែមករា ស្ត្រីឈ្មោះ ឃែរ៉ិន ចេន ហ្ស៊ីវលិង (Karen Chen Xiuling) អតីតនាយិកានៃសាខាក្រុមហ៊ុន Prince Group នៅប្រទេសសិង្ហបុរី ឈ្មោះក្រុមហ៊ុន DW Capital បានស្នើសុំដកប្រាក់ជាង ៣សែនដុល្លារសម្រាប់បើកប្រាក់ខែ ជិត ៥សែនដុល្លារសម្រាប់បង់ពន្ធដាររដ្ឋដែលជំពាក់ និងជាង ១សែនដុល្លារសម្រាប់ការចំណាយប្រចាំខែទៅថ្ងៃក្រោយ បន្ទាប់ពីការបិទបង្ខាំងប្រាក់ក្នុងធនាគារដោយអាជ្ញាធរអាមេរិកាំង និងអាជ្ញាធរអង់គ្លេស។
ចៅក្រម កុក ស៊្ហូអេន (Kok Shu-en) បញ្ជាក់ប្រាប់អ្នកស្រី អ៊ិង ថា អ្នកស្រីបានលាឈប់ពីតំណែងក្នុងក្រុមហ៊ុននៅខែតុលា ឆ្នាំ២០២៥ ហើយដាក់ពាក្យសុំបើកប្រាក់ក្នុងនាមក្រុមហ៊ុននៅខែវិច្ឆិកា ឆ្នាំ២០២៥។ មូលហេតុពីរផ្សេងទៀតដែលចៅក្រមបដិសេធនោះ គឺក្រុមហ៊ុនអ្នកស្រីធ្លាប់គ្រប់គ្រងជាក្រុមហ៊ុនជាប់ជំពាក់នឹងឧកញ៉ាឆបោក ចេន ហ្ស៊ី ហើយក្រុមហ៊ុនខ្លះមិនទាំងមានទីតាំងក្នុងប្រទេសសិង្ហបុរី ហើយអ្នកស្រី អ៊ិង ក៏មិនរស់នៅក្នុងប្រទេសសិង្ហបុរី ទៀតផង។ ចៅក្រមគិតថា ធនធានស្នើសុំនោះជារបស់ឧកញ៉ា ចេន ហ្ស៊ី។
អាជ្ញាធរអង់គ្លេស រឹបអូសទ្រព្យសម្បត្តិទាក់ទងនឹងក្រុមហ៊ុន Prince Group ចំនួន ១៩កន្លែងនៅក្រុងឡុងដ្រ៍ មានតម្លៃជិត ១៦០លានដុល្លារ នៅក្រុងតៃប៉ិ អាជ្ញាធរតៃវ៉ាន់ រឹបអូសទ្រព្យសម្បត្តិជិត ១៦០លានដុល្លារ និងអាជ្ញាធរហុងកុង រឹបអូសទ្រព្យសម្បត្តិជិត ៤០០លានដុល្លារ មានឈ្មោះក្នុងធនាគារ Maybank។ នៅឯប្រទេសសិង្ហបុរី វិញ អាជ្ញាធររឹបអូសយកបានទ្រព្យសម្បត្តិ ៦កន្លែង កាណូតប្រណីត១ និងរថយន្តប្រណីត ១១គ្រឿង កាលពីដំណាច់ខែតុលា ឆ្នាំ២០២៥៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

