32 C
Phnom Penh

អាជ្ញាធរ​ខ្មែរ និង​កូរ៉េខាងត្បូង សហការ​គ្នា​បំបែក​បណ្ដាញ​ឆបោក​នៅ​ក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន​បរទេស​ជាច្រើន ផ្សាយ​ថ្ងៃ​ចន្ទ ទី​១២ ខែ​មករា ឆ្នាំ​២០២៦ ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ខ្មែរ និង​កូរ៉េខាងត្បូង បាន​ធ្វើ​សហប្រតិបត្តិការ​រួម​គ្នា​បំបែក​បណ្ដាញ​ឆបោក​នៅ​ក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដោយ​ជោគជ័យ ហើយ​ឃាត់​ខ្លួន​មនុស្ស ២៦​នាក់ ដែល​បាន​ឆបោក​ពលរដ្ឋ​កូរ៉េខាងត្បូង ១៦៥​នាក់​បាន​ប្រាក់​សរុប​ជាង ១៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ដំណាល​ពេល​នៃ​ការ​ចាប់​ខ្លួន​មេបន​ឆបោក ចេន ហ្ស៊ី (Chen Zhi) នៅ​ថ្ងៃទី​៦ ខែ​មករា អាជ្ញាធរ​ក៏​ចាប់​ខ្លួន​ពលរដ្ឋ​កោះ​ចាមៃកា (Jamaica) ដែល​បាន​ឆបោក​តាម​អនឡាញ​លើ​ជនរងគ្រោះ​ចំនួន ២០០​នាក់​ដែរ។ នៅ​ថ្ងៃទី​១០ ខែ​មករា អាជ្ញាធរ​ចាប់​បាន​ពលរដ្ឋ​កូរ៉េខាងត្បូង ៣២​នាក់ ចិន ៤​នាក់ នេប៉ាល់ ២​នាក់ ដែល​បាន​បង្កើត​បណ្ដាញ​ឆបោក​ជាច្រើន​កន្លែង​ក្នុង​ស្រុក​ខ្មែរ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ក្រុង​ប៉េកាំង បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ចិន នឹង​បញ្ចេញ​ឈ្មោះ​បក្ខពួក​មេបន​ឆបោក ចេន ហ្ស៊ី នៅ​ស្រុក​ខ្មែរ​បន្ថែម​ទៀត​ឆាប់ៗ​នេះ។

តាម​សេចក្តី​រាយការណ៍​ខ្លះ បណ្ដាញ​ឆបោក​នៅ​ប្រទេស​កម្ពុជា មាន​ជាប់​ឈ្មោះ​មនុស្ស និង​ក្រុមហ៊ុន​យ៉ាងតិច​ចំនួន ១៤៦។

សារព័ត៌មាន The Cambodia Daily នឹង​ព្យាយាម​ផ្សាយ​ឈ្មោះ​បុគ្គល និង​ក្រុមហ៊ុន​ទាំងនោះ​នា​ថ្ងៃ​អនាគត។

ក្នុង​ករណី​នេះ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​រត់ពន្ធ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់​កាសែត​ក្នុង​ស្រុក​ផ្សាយ​ថ្ងៃទី​១២ ខែ​មករា ដូចជា​មិន​យល់​ច្បាប់​ថា៖ «មិន​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា​សោះ ព្រោះ​ថា​ជនឧក្រិដ្ឋ​រកស៊ី​ទុច្ចរិត​ទាំងអស់​នោះ​ជា​ជនបរទេស ហើយ​ទាក់ទាញ​បរទេស​ឲ្យ​ចូល​អន្ទាក់​ឆបោក ហើយ​បែរ​ជា​ចោទ​ប្រទេស​កម្ពុជា។»

អ្នកស្រី​បន្ថែម​ថា អ្នកស្រី​ដូចជា​មិន​យល់​ហេតុ​អ្វី​ឧក្រិដ្ឋជន​ឆបោក​រត់ពន្ធ​មនុស្ស​ទាំងនោះ រើស​យក​ស្រុក​ខ្មែរ​ដើម្បី​ធ្វើ​ប្រតិបត្តិការ។

ទោះជា​យ៉ាងណាក៏ដោយ ពិភពលោក​មិន​យល់​ដូច​អ្នកស្រី​ទេ សម្បុក​ចោរ​ឆបោក​នៅ​ក្បែរ​ផ្ទះ​អ្នកស្រី អាជ្ញាធរ​ជួយ​លាក់បាំង​ដោយសារ​បាន​ប្រយោជន៍​ទាំងអស់​គ្នា៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស