34.5 C
Phnom Penh

សហគមន៍​អន្តរជាតិ​នៅតែ​ផ្ដោត​ការ​ចាប់អារម្មណ៍​លើ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ច្បាប់​នៅ​ប្រទេស​កម្ពុជា លើកឡើង​ថា សហគមន៍​អន្តរជាតិ​នៅតែ​ផ្ដោត​ការ​ចាប់អារម្មណ៍​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ព្រោះ​ពួកគេ​ចង់​ឃើញ​ដំណោះស្រាយ​នយោបាយ​នៅ​ប្រទេស​នេះ ជាពិសេស​ការ​ផ្សះផ្សា​ជាតិ​ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។

សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ មករា នេះ​ថា ស្ថិត​ក្នុង​ស្ថានភាព​ប្រទេស​ជាតិ​ទទួល​រង​នូវ​អំពើ​ឈ្លានពាន​ពី​បរទេស ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ការ​ឈឺចាប់ បំផុស​នូវ​ចរន្ត​ចង់​ឲ្យ​មេដឹកនាំ និង​អ្នក​នយោបាយ​ខ្មែរ​ផ្សះផ្សា បង្រួបបង្រួម សាមគ្គី និង​ឯកភាព​ជាតិ។

មេធាវី​រូប​នេះ​លើកឡើង​ថា រហូត​ដល់​ពេលនេះ សហគមន៍​អន្តរជាតិ ដូចជា​សហភាព​អឺរ៉ុប កាណាដា អូស្ត្រាលី និង​សហរដ្ឋ​អាមេរិក ជាដើម នៅតែ​ផ្ដោត​ការ​ចាប់អារម្មណ៍​លើ​ករណី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នៅ​ប្រទេស​កម្ពុជា សព្វថ្ងៃ​នេះ។

អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា បរទេស​ទាំងនោះ​នៅតែ​ចង់​ឃើញ​ការ​ផ្សះផ្សា​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​ប្រយោជន៍​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ទោះបីជា​មាន​បុគ្គល​ខ្លះ​កំពុង​បំបែក​បំបាក់​មិន​ឲ្យ​ខ្មែរ​ផ្សះផ្សា រួបរួម​សាមគ្គី​ជាតិ​ក៏ដោយ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ទំនាស់​អ្នក​នយោបាយ​ខ្មែរ​នៅតែ​ក្តៅ​គគុក ទោះបីជា​ប្រទេស​ជាតិ​បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នៃ​ចម្បាំង​រាំងជល់​ជាមួយ​ប្រទេស​ជិតខាង​ក៏ដោយ។

កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៦ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក​ពិត​ជា​បាន​ឃើញ​ច្បាស់​នូវ​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ​រឹងមាំ​រវាង​ខ្មែរ និង​ខ្មែរ ជាមួយ​នឹង​ការ​ប្ដេជ្ញាចិត្ត​ដ៏​មោះមុត​របស់​ប្រជាជន​នៅ​គ្រប់​ទិសទី​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ឱ្យ​បាន​រឹងមាំ ក្នុង​គ្រា​ដ៏​លំបាក​ដែល​ប្រទេស​ជាតិ​បាន​ទទួល​រង​នូវ​ការ​វាយប្រហារ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ខ្លួន។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ស្ថានភាព​ចាំបាច់​ចំពោះ​មុខ​នា​ពេលនេះ កម្ពុជា​ត្រូវការ​ការ​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​នឹង​ការ​ប្ដេជ្ញាចិត្ត​រួម​របស់​ជាតិ ដើម្បី​ពង្រឹង​សក្ដានុពល​ជាតិ​លើ​គ្រប់​វិស័យ និង​លុបបំបាត់​អសកម្មភាព​ទាំងឡាយ​ក្នុង​សង្គម​ជាតិ ដែល​ធ្វើ​ឱ្យ​ជាតិ​ចុះ​ខ្សោយ។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា គន្លឹះ​សំខាន់​នា​ពេលនេះ គឺ​កម្ពុជា​ត្រូវ​ប្រែ​ក្លាយ​ការ​លំបាក​របស់​ជាតិ និង​ការ​ប្ដេជ្ញាចិត្ត​ដ៏​មោះមុត​របស់​ខ្មែរ​គ្រប់​រូប ឱ្យ​ក្លាយ​ទៅ​ជា​កម្លាំង​តស៊ូ​ដ៏​រឹងមាំ ពោល​គឺ​ការ​រួម​សាមគ្គីភាព​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ការពារ​ជាតិ​មាតុភូមិ និង​ធ្វើ​ឱ្យ​ជាតិ​ខ្មែរ​រឹងមាំ​យូរអង្វែង។

យ៉ាងណាក៏ដោយ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១០ ធ្នូ កន្លង​ទៅ​ថា ក្នុង​ពេល​ដែល​សង្គ្រាម​កម្ពុជា-ថៃ ផ្ទុះ​ឡើង ពលរដ្ឋ​ខ្មែរ​មាន​ស្មារតី​រួបរួម​រួច​ជាស្រេច​ហើយ តែ​បញ្ហា​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​អាច​ប្រមូល​ស្មារតី​នៃ​ការ​រួបរួម​នេះ​បាន ឬ​ក៏​អត់​ប៉ុណ្ណោះ។

លោក ម៉ែន ណាត លើកឡើង​ថា កត្តា​ដែល​នាំ​ឱ្យ​មាន​ការ​រួបរួម​កម្លាំង​សាមគ្គី​ជាតិ​ខ្មែរ ត្រូវ​ចាប់ផ្តើម​ដោយ​បក្ស​កាន់​អំណាច រីឯ​ការ​រួបរួម​ពិតប្រាកដ មិនមែន​ត្រឹមតែ​និយាយ​តែ​នឹង​មាត់​ដូច​ពេល​កន្លង​ដែល​រដ្ឋាភិបាល​ប្រកាស​រួបរួម​ហើយ តែ​នៅ​បន្ត​ចាប់​អ្នក​មិន​ស្រប​នឹង​ខ្លួន​ដាក់​គុក ឬ​ចាប់​ជំរិត​ក្រុម​ប្រឆាំង​ឱ្យ​ចុះចូល​ជាមួយ​ខ្លួន​នោះ​ទេ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ឱ្យ​មាន​ការ​រួបរួម​រវាង​ខ្មែរ និង​ខ្មែរ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់ ដូចជា​សកម្មជន​សង្គម និង​អ្នក​នយោបាយ ជាដើម ជាពិសេស​មេដឹកនាំ​បក្ស​ប្រឆាំង គឺ​លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នកវិភាគ​លើកឡើង​ថា ការ​បន្ត​ឃុំ​ខ្លួន និង​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ក្រុម​អ្នក​មាន​មតិ​ផ្ទុយ​ដែល​រិះគន់​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល គឺជា​កត្តា​នាំ​ទៅ​ដល់​ការ​បែកបាក់​សាមគ្គី​ជាតិ​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​ដំណើរ​ធ្វើ​ឱ្យ​ជាតិ​ចុះ​ខ្សោយ​ដែរ។

ក្រៅពី​បញ្ហា​ក្នុង​ស្រុក ពលរដ្ឋ​ខ្មែរ​ក៏​ជួបប្រទះ​នឹង​បញ្ហា​ពី​ខាងក្រៅ​ដែរ។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ពុធ ទី​១៤ ខែ​មករា បាន​ប្រកាស​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​សញ្ជាតិ​ខ្មែរ​ធានា​ដោយ​សមាជិក​គ្រួសារ ឬ​ម្ចាស់​ក្រុមហ៊ុន​នៅ​សហរដ្ឋ​អាមេរិក ហៅថា immigrant visa ជាមួយ​នឹង​ប្រទេស​ចំនួន ៧៥ ឯ​ទៀត​ក្នុង​ពិភពលោក ចាប់ពី​ថ្ងៃទី​២១ ខែ​មករា ខាងមុខ​នេះ​ទៅ។ ក្នុង​ចំណោម​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន មាន​ប្រទេស​បួន គឺ​ប្រទេស​កម្ពុជា ថៃឡង់ដ៍ លាវ និង​ម្ញ៉ាន់ម៉ារ៍ ឬ​ភូមា។

ក្រសួង​ការបរទេស​អាមេរិក បញ្ជាក់​ថា ក្រសួង​បាន​ដក​យក​ទិដ្ឋាការ​ដែល​ផ្តល់​ឲ្យ​ជនបរទេស​ចំនួន ១​សែន​នាក់​ក្នុង​ឆ្នាំ​២០២៥ រួម​បញ្ចូល​ទាំង​អ្នក​ស្នាក់​ហួស​ថ្ងៃ​ខែ​កំណត់ និស្សិត​ប្រមាណ ៨​ពាន់​នាក់ កម្មករ​ជំនាញ ២៥០០​នាក់ ដោយ​គេ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ មាន​តាំង​ពី​បើកបរ​រថយន្ត​ពេល​ស្រវឹង ដល់​អំពើ​លួច​ឆក់ ជាដើម៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស