សាលាឧទ្ធរណ៍ សម្រេចតម្កល់ទុកសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ទុកជាបានការដដែល ដោយកំណត់ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នេះបានបើកសវនាការជំនុំជម្រះលើបណ្តឹងលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ដោយតម្កល់ទុកសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។
លោក កើត សារ៉ាយ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជុំវិញការដឹកនាំនិស្សិតចុះទៅសិក្សា និងតាមដានករណីពលរដ្ឋមានជម្លោះដីធ្លីនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងពេលដែលពលរដ្ឋទាំងនោះកំពុងរត់គេចខ្លួនពីការតាមចាប់របស់អាជ្ញាធរ។
ក្រោយចាប់ខ្លួននៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល (ប្រមាណ ៥០០ដុល្លារអាមេរិក) ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
បន្ថែមពីនេះ តុលាការក៏ចោទប្រកាន់ពីបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម» តាមមាត្រា ៨៨ បន្ថែមលើបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ថែមទៀត ដែលបានធ្វើឱ្យកម្រិតទោសពន្ធនាគារកើនទ្វេដងនៃទោសក្នុងបទល្មើសញុះញង់នោះ។
លោក កើត សារ៉ាយ ធ្លាប់ត្រូវសមត្ថកិច្ចចាប់ដាក់ពន្ធនាគារម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០២០ បន្ទាប់ពីលោកអំពាវនាវឱ្យមានការដោះលែងថ្នាក់ដឹកនាំសហជីព លោក រ៉ុង ឈុន ក្នុងនោះ លោកត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ (១ឆ្នាំ ៨ខែ) ប៉ុន្តែតុលាការបានដោះលែងឱ្យមានសេរីភាពឡើងវិញមុនថ្ងៃកំណត់ ដោយព្យួរទោសដែលនៅសល់។
ជុំវិញបញ្ហានេះ អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ មករា ថា លោក កើត សារ៉ាយ គឺជាជនរងគ្រោះម្នាក់ដែលស្ថិតក្នុងចំណោមអ្នកជាប់ឃុំដោយប្រើសិទ្ធិជិត ១០០នាក់ (៩១នាក់) ផ្សេងទៀត ដែលកំពុងត្រូវបានឃុំខ្លួនដោយសារការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងច្បាប់។
អង្គការលីកាដូ អះអាងថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ មានមនុស្សជិត ១០០នាក់ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនក្នុងពន្ធនាគារ ដោយសារតែការប្រើប្រាស់សិទ្ធិបញ្ចេញមតិ និងរិះគន់ទៅលើរដ្ឋាភិបាល ហើយមនុស្សដែលអាជ្ញាធរបានចាប់ខ្លួនទាំងនោះ រួមមាន អ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។
មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិយោបល់ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ ជាដើម។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា សព្វថ្ងៃនេះ ត្រូវគេមើលឃើញថាកំពុងអនុវត្តការដឹកនាំបញ្ច្រាសពីខ្លឹមសាររដ្ឋធម្មនុញ្ញរបស់ខ្លួនទាំងស្រុង ដោយចាប់ខ្លួនអ្នកបញ្ចេញមតិគ្រប់ទម្រង់ និងគ្រប់រូបភាព ឱ្យតែការបញ្ចេញមតិទាំងនោះមិនស្របនឹងការដឹកនាំរបស់រដ្ឋាភិបាលបក្សកាន់អំណាច។
ពាក់ព័ន្ធនឹងបញ្ហានេះ គម្រោងយុត្តិធម៌ពិភពលោក World Justice Project (WJP) បានចេញផ្សាយរបាយការណ៍របស់ខ្លួនស្ដីពីនីតិរដ្ឋរបស់ប្រទេសទាំង ១៤៣ នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាននីតិរដ្ឋទាបបំផុតក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង ១១ ប៉ុន្តែស្ថិតលំដាប់លេខរៀងទី១៤១ ក្នុងចំណោមប្រទេសទាំង ១៤៣ នៅលើពិភពលោក។
ការកំណត់នីតិរដ្ឋរបស់អង្គការគម្រោងយុត្តិធម៌ពិភពលោក គឺផ្អែកទៅលើពីវិសាលភាពនៃការប្រើអំណាចរបស់មេដឹកនាំ ជុំវិញការធានានូវរដ្ឋធម្មនុញ្ញ ការអនុវត្តច្បាប់ផ្សេងៗ រួមទាំងការធានានូវសេរីភាពសារព័ត៌មានផងដែរ។
ជាងនេះទៀត ក៏វាស់វែងទៅលើការប្រព្រឹត្តអំពើពុករលួយ ការបើកចំហសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាដើម៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

