28 C
Phnom Penh

សារព័ត៌មាន​បរទេស​ចុះ​ផ្សាយ​ថា​នយោបាយ​ក្រៅ​ប្រទេស​ខ្មែរ​លេង​ល្បែង​ចាក់​ខ្សែ​ជាមួយ​មហាអំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រឈមមុខ​នឹង​ការ​រិះគន់​ពី​គ្រប់​ជ្រុងជ្រោយ​ចំពោះ​គោលនយោបាយ​ដឹកនាំ​ប្រទេស​ដែល​បណ្តោយ​ឲ្យ​មាន​របរ​ឆបោក​រីក​ស្គុះស្គាយ​លើ​ទឹកដី​ខ្មែរ​ជាច្រើន​ឆ្នាំ អ្នក​តាមដាន​ស្ថានការណ៍​ស្រុក​ខ្មែរ ទាំង​បរទេស ទាំង​ជាតិ​ខ្មែរ មើល​ឃើញ​ថា ការ​ស្ទុះស្ទា​តក់ក្រហល់​បង្ក្រាប បោស​សំអាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អន្តរ​បណ្ដាញ ហៅថា online scam ឬ cybercrime នៅ​ខណៈ​នេះ សុទ្ធតែ​ជា​ការ​សម្ដែង​ប៉ាហ៊ី ឬ​ល្បែង​ថ្ពឹន​ឱ្យ​ល្អ​ភ្នែក​ដល់​ពិភពលោក។ មេដឹកនាំ​ចិន អស់​សេចក្តី​អំណត់​អត់ធ្មត់​នឹង​អសមត្ថភាព​ខាង​រាជរដ្ឋាភិបាល​ខ្មែរ​តទៅទៀត។

ទស្សនាវដី្ត The Diplomat នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ នេះ ផ្សាយ​អត្ថបទ​មួយ​និយាយ​អំពី​វាសនា​ប្រទេស​កម្ពុជា ថា​រាជាណាចក្រ​នេះ​បោះ​ជំហាន​ធ្វើ​ដំណើរ​ប្រកប​ដោយ​ប្រុងប្រយ័ត្ន​ជាមួយ​សហរដ្ឋ​អាមេរិក ចិន និង​ប្រទេស​ថៃឡង់ដ៍ ខណៈ​បង្កើន​សកម្មភាព​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​ក្នុង​ប្រទេស ហើយ​ប្រទេស​ថៃ បោះឆ្នោត​រើស​យក​បេក្ខជន​អភិរក្ស​និយម។

គេ​ប្រមើល​ថា រាជរដ្ឋាភិបាល​កំពុង​ដើរ​ទៅ​មុខ​ក្នុង​មាគ៌ា​ប្រកប​ដោយ​ឧបសគ្គ៖

  • សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ថៃឡង់ដ៍ ទ្រឹង​ស្តូក
  • ជំនួយ​ពី​ប្រទេស​ចិន ដែល​គេ​ធ្លាប់​ហៅថា​មិត្ត​ស្រោប​ដែក ឬ​ដែកថែប ធ្លាក់​មក​តក់ៗ​ដូច​ទឹកត្នោត​ស្រក់​ចូល​បំពង់
  • ភក្ដីភាព​ជាមួយ​ក្រុង​វ៉ាស៊ីនតុន ក៏​មិន​ទៀងទាត់។

រាជរដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​ចិន អន់​ចិត្ត៖

  • ទី​១ រឿង​មេដឹកនាំ​ខ្មែរ​ជួយ​ការពារ​មេ​បន​ឧក្រិដ្ឋជន​ឆបោក ដែល​ធ្វើ​ឲ្យ​ដើមទុន​ចាកចេញ​ពី​ប្រទេស​ចិន
  • ទី​២ ការ​អនុញ្ញាត​ឲ្យ​នាវាចម្បាំង​សហរដ្ឋ​អាមេរិក​ចូល​ចត​នៅ​កំពង់ផែ​ចិន សង់​ឲ្យ ដើម្បី​បង្ហាញ​ពិភពលោក​ថា ខ្លួន​មិន​នៅ​ក្រោម​ឥទ្ធិពល​ចិន ក៏​ធ្វើ​ឲ្យ​ចិន មិន​សប្បាយ​ចិត្ត
  • ទី​៣ គាំទ្រ​គោល​គំនិត​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បង្កើត​ក្រុម​អភិបាល​សន្តិភាព ដែល​ចិន ជំទាស់
  • និង​ទី​៤ រឿង​ចង់​ដូរ​ចិត្ត​ករណី​អនុវត្ត​ច្បាប់​សមុទ្រ​ក្នុង​លម្ហ​សមុទ្រ​ចិន​ខាងត្បូង តាម​គំនិត​សហគមន៍​អាស៊ាន ដែល​ក្រុង​ប៉េកាំង ចង់​ឲ្យ​ប្រទេស​កម្ពុជា គាំទ្រ​សិទ្ធិ​ចិន ដាច់​មុខ។ រដ្ឋការ​ក្រុង​ប៉េកាំង ចាត់ទុក​តំបន់​អាស៊ីអាគ្នេយ៍​ជា​ទឹកដី​ក្រោយ​ផ្ទះ​របស់​ខ្លួន។

ជាមួយ​គ្នា​នេះ សម្ព័ន្ធមិត្ត​បុរាណ​សហរដ្ឋ​អាមេរិក ដូចជា អូស្ត្រាលី អង់គ្លេស បារាំង អាល្លឺម៉ង់ ជាដើម កំពុង​ងាក​ទៅ​ចង​មិត្ត​ដាក់​ទុន​ធ្វើ​ជំនួញ​ជាមួយ​ចិន ខណៈ​ប្រទេស​កម្ពុជា កំពុង​ត្រូវការ​ជំនួយ​ថវិកា​ជា​អនេក​នោះ។

ទស្សនាវដី្ត The Diplomat បាន​ស្រង់​ការ​អធិប្បាយ​ពី​សាស្ត្រាចារ្យ Bart Édes នៃ​សាកលវិទ្យាល័យ McGill ប្រទេស​កាណាដា ដែល​ក្រុង​ប៉េកាំង អាច​អធ្យាស្រ័យ​ដល់​ការ​អនុញ្ញាត​ឲ្យ​នាវាចម្បាំង​សហរដ្ឋ​អាមេរិក ចូល​ចត​នៅ​កំពង់ផែ​រាម បន្ទាប់ពី​រាជរដ្ឋាភិបាល​ខ្មែរ​បាន​បំពេញ​បំណង​ចិន ដោយ​ចាប់​មេខ្លោង​ឆបោក ចេន ហ្ស៊ី ជា​ថ្នូរ​បញ្ជូន​ឲ្យ​អាជ្ញាធរ​ចិន ផ្ដន្ទាទោស។

គេ​មើល​ឃើញ​ថា ការ​លេង​ល្បិច​បង្វិល​បំភាន់​ភ្នែក​ខាង​កិច្ចការ​ក្រៅ​ប្រទេស គឺជា​សិល្បៈ​នយោបាយ​អ្នក​ដឹកនាំ​ខ្មែរ​ជាមួយ​មហាអំណាច​ជា​យូរ​មក​ហើយ ប៉ុន្តែ​ជា​ញយៗ ច្រើន​តែ​ធ្វើ​ឲ្យ​ខូច​ការ ខាតបង់​ប្រយោជន៍​ជាតិ​ទៅវិញ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស