កាសែតកូរ៉េខាងត្បូង ជាភាសាអង់គ្លេស ផ្សាយប្រចាំថ្ងៃឈ្មោះ ឆូសុន ដេលី (The Chosun Daily) បានផ្សាយអត្ថបទពណ៌នាមួយអំពីបញ្ហាឧក្រិដ្ឋកម្មឆបោកនៅស្រុកខ្មែរ ដោយសរសេរពាក្យហៅរាជាណាចក្រកម្ពុជា Scambodia ព្រោះតែឧក្រិដ្ឋកម្មឆបោកបានរីកសាយក្នុងស្រុកខ្មែរ បោកយកប្រាក់ពលរដ្ឋពីប្រទេសជាច្រើនក្នុងតំបន់ និងឆ្លងទ្វីប ព្រមទាំងទាក់ទងនឹងការរត់ពន្ធមនុស្សយកទៅធ្វើការងារដូចទាសករ និងធ្វើទារុណកម្ម ដែលគេចោទថាជាការរំលោភសិទ្ធិមនុស្ស។
កាសែតកូរ៉េខាងត្បូង ផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ នេះថា តើប្រទេសកម្ពុជាអាចលុបលាងសម្អាតមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិជ្រះស្អាតបានឬទេ ព្រោះថារឿងនេះមិនមែនជារឿងតូចតាចទើបនឹងកើតមាននោះឡើយ។
តាមការស្រាវជ្រាវពីប្រភពនានាដូចដែលសារព័ត៌មាន The Cambodia Daily បានផ្សាយកន្លងមក កាសែតសរសេរថា ចំណូលថវិកាមណ្ឌលឆបោកអនឡាយចំនួន ៥០ ក្នុងស្រុកខ្មែរពីមុខរបរឧក្រិដ្ឋ វាមានចំនួនច្រើនសន្ធឹកសន្ធាប់ពេក គឺពី ១២ពាន់ ៥០០លានដុល្លារទៅ ១៩ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ឬស្មើនឹងផលទុនសរុបក្នុងស្រុក GDP ដល់ទៅ ៦០% នៃចំណូលក្នុងសេដ្ឋកិច្ចជាតិ។ បើគិតជាតម្លៃទឹកប្រាក់ផ្ទេរ ដោះដូរជាប្រាក់ដុល្លារសហរដ្ឋអាមេរិក និងទឹកប្រាក់ជា Bitcoin ស្មើនឹងតម្លៃប្រមាណ ២១ម៉ឺនលានដុល្លារ។
មេខ្លោងធំ ចេន ហ្ស៊ី បានធ្វើប្រតិបត្តិការខាងមុខរបរនេះជាយូរឆ្នាំមកហើយ មានមុខនាទីជាទីប្រឹក្សាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ហើយគេសង្កេតឃើញមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាទៀត។
មណ្ឌលឆបោកចំនួន ៥០ ដែលមានសាខាប្រមាណ ២០០ ទូទាំងប្រទេស ក្រុមជនរងគ្រោះចាញ់បោកពី ១សែនទៅ ១សែន ៥ម៉ឺននាក់។ ប្រភពព័ត៌មានខ្លះនិយាយថា ការបញ្ជូនចេញពីប្រទេសកម្ពុជា ទាំងមេខ្លោង មេកង មេក្រុមឆបោក ទាំងជនរងគ្រោះ មានចំនួនត្រឹមតែប្រមាណ ២០% ប៉ុណ្ណោះមកទល់ពេលនេះ។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈថា បេសកកម្មរំលើងឫសគល់ឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាជាអាទិភាពជាតិ ហើយចាប់ពីឆ្នាំ២០២៥ ប្រទេសកម្ពុជា ចុះអនុសញ្ញាជាមួយអង្គការសហប្រជាជាតិ ប្ដេជ្ញាបំបាត់ឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា cybercrime។
ម្យ៉ាងវិញទៀត តាមការសរសេរក្នុងកាសែត គេសួរថា តើប្រទេសកម្ពុជាអាចចេញរួចពីកណ្ដាប់ដៃចិន បានឬទេ ខណៈនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងព្យាយាមអែបអបប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ព្រោះថាប្រទេសចិន ជាអ្នកដាក់ទុននៅស្រុកខ្មែរច្រើនជាងគេ គឺរហូតដល់ទៅ ៧៣% ស្មើនឹងទឹកប្រាក់ ៣ពាន់ ៤០០លានដុល្លារសហរដ្ឋអាមេរិក។ ចំណែកឯទុនចិន លើគម្រោងព្រែកជីកហ្វូណនតេជោ មានចំនួន ១ពាន់ ៧០០លានដុល្លារ ក៏គេសង្កេតឃើញដូចជានៅទ្រឹងគាំងត្រឹមខេត្តកណ្តាល ហើយធនធានក៏ដូចជាស្បើយទៀត៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

