31.9 C
Phnom Penh

មេ​ឧក្រិដ្ឋជន​ល្បែង​អនឡាញ​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ក្រុង​ព្រះសីហនុ ឆ្លុះបញ្ចាំង​ពី​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ធូររលុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើង​ថា ករណី​បាញ់​សម្លាប់​មេ​ឧក្រិដ្ឋជន​ល្បែង​អនឡាញ​ជនជាតិ​តៃវ៉ាន់ ឈ្មោះ Lin Bingwen នៅ​កណ្តាល​ក្រុង​ព្រះសីហនុ គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​ភាព​ធូររលុង​នៃ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​សន្តិសុខ​ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោក សេង វណ្ណលី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា វត្តមាន​របស់​ឧក្រិដ្ឋជន​ឆ្លងដែន​ដែល​មាន​ដីកា​ចាប់​ខ្លួន​ពី​អាជ្ញាធរ​អន្តរជាតិ ប៉ុន្តែ​នៅតែ​អាច​រស់នៅ និង​ធ្វើ​សកម្មភាព​ដោយ​សេរី​លើ​ទឹកដី​កម្ពុជា​បាន គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​វិបត្តិ​ដ៏​សែន​ជ្រៅ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​សន្តិសុខ​ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក សេង វណ្ណលី អះអាង​ថា បញ្ហា​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​អំពើពុករលួយ​ជា​ប្រព័ន្ធ​ធ្ងន់ធ្ងរ​នៃ​ស្ថាប័ន​អនុវត្ត​ច្បាប់ ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​ឥទ្ធិពល​ទឹកប្រាក់​ដើម្បី​ទិញ​យក​នូវ «ភាព​រស់រាន» និង «ការ​ការពារ» ពី​សំណាក់​មន្ត្រី​មាន​អំណាច​ខិលខូច​មួយ​ចំនួន។

លោក​បន្ត​ថា នៅ​ពេល​ដែល​ឧក្រិដ្ឋជន​កម្រិត​ធ្ងន់​អាច​ជ្រកកោន​ក្រោម​រូបភាព​ជា​អ្នក​វិនិយោគ ឬ​មាន​ខ្នង​បង្អែក​រឹងមាំ វា​មិន​ត្រឹមតែ​ជា​ការ​បរាជ័យ​នៃ​ផ្នែក​ចារកម្ម និង​នគរបាល​យុត្តិធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ការ​ដាក់​សញ្ញា​សួរ​ទៅ​លើ​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​របស់​រដ្ឋាភិបាល ក្នុង​ការ​សម្អាត​ផ្ទះ​ខ្លួនឯង​ផង​ដែរ។

អ្នក​ឃ្លាំមើល​រូប​នេះ​លើកឡើង​ថា ស្ថានភាព​នេះ​បាន​ប្រែ​ក្លាយ​កម្ពុជា​ឱ្យ​ទៅ​ជា​ជម្រក​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​មេខ្លោង​ឧក្រិដ្ឋកម្ម ដែល​វា​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ ប៉ុន្តែ​វា​ជា​លទ្ធផល​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ដែល​ផ្តល់​អាទិភាព​លើ​ផលប្រយោជន៍​សេដ្ឋកិច្ច​កខ្វក់ និង​បណ្ដាញ​បក្សពួក​និយម ជាង​ការ​រឹត​បន្តឹង​យន្តការ​ត្រួតពិនិត្យ​ជនបរទេស និង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍។

លោក សេង វណ្ណលី បញ្ជាក់​ថា ប្រសិនបើ​របប​ក្រុង​ភ្នំពេញ​នៅតែ​បន្ត​ការ​គ្រប់គ្រង​បែប​ធូររលុង និង​បណ្តោយ​ឱ្យ​មាន​អភ័យឯកសិទ្ធិ​សម្រាប់​ឧក្រិដ្ឋជន​ដែល​មាន​ប្រាក់ នោះ​នឹង​រុញច្រាន​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ម៉ាហ្វីយ៉ា​ជាមិនខាន ហើយ​ចុងក្រោយ អ្នក​ដែល​រងគ្រោះ​ពិតប្រាកដ​គឺ​ប្រជាពលរដ្ឋ​ស្លូតត្រង់ និង​អស្ថិរភាព​សង្គម​ទាំងមូល​តែម្តង។

កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៦ គម្រោង​រាយការណ៍​ស្ដីពី​ឧក្រិដ្ឋកម្ម និង​អំពើពុករលួយ ឬ​ហៅថា OCCRP បាន​បង្ហាញ​ថា​មេ​ឧក្រិដ្ឋជន​ល្បែង​អនឡាញ​ឈ្មោះ Lin Bingwen ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​ប្រហែល ៣​នាក់​ទៅ ៤​នាក់ បាញ់​ស្លាប់​ភ្លាមៗ​នៅ​លើ​ផ្លូវលំ​មួយ​កន្លែង​ក្នុង​សង្កាត់លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​២៣ ខែ​មីនា ខណៈ​ជន​នេះ​ក៏​ត្រូវ​បាន​រក​ឃើញ​ថា​ជាប់​ក្នុង​បញ្ជីខ្មៅ​តាម​ចាប់​ខ្លួន​របស់​ការិយាល័យ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​តៃវ៉ាន់ ដែរ។

ប្រភព​ដដែល អះអាង​ថា មុន​ហេតុការណ៍​ដ៏​អកុសល​នេះ មេ​ឧក្រិដ្ឋជន​ល្បែង​អនឡាញ​ឈ្មោះ Lin Bingwen បាន​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​តៃវ៉ាន់ ក្នុង​បទល្មើស​ល្បែង​អនឡាញ​ខុស​ច្បាប់​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ (១,០៣​ពាន់​លាន​ដុល្លារ) និង​ក្នុង​បទ​ប្រតិបត្តិការ​ផ្ទេរ​លុយ​ខុស​ច្បាប់​តាម​ប្រព័ន្ធ​ធនាគារ​ផង​ដែរ។

ក្នុង​បទល្មើស​នេះ សមត្ថកិច្ច​តៃវ៉ាន់ បាន​រក​ឃើញ​ថា ឈ្មោះ Lin Bingwen បាន​ផ្ទេរ​លុយ​ខុស​ច្បាប់​ជាង ២០​ពាន់​លាន​ដុល្លារ (២១,៧​ពាន់​លាន​ដុល្លារ) ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ប្រតិបត្តិការ​ល្បែង​អនឡាញ ហើយ​ក៏​ជា​អ្នក​រកស៊ី​ក្នុង​ទីផ្សារ​ងងឹត​ក្នុង​ទីក្រុង​ម៉ាកាវ និង​បាន​យក​លុយ​ខុស​ច្បាប់​ទៅ​លាង​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​តៃវ៉ាន់ ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ កាសែត​បរទេស​ជាច្រើន​បាន​ចុះផ្សាយ​ថា ឈ្មោះ Lin Bingwen មាន​ភាគហ៊ុន​រកស៊ី​ជាមួយ​ដៃគូ​សហការ​របស់​ជនជាតិ​ចិន ក្នុង​វិស័យ​កាស៊ីណូ និង​សណ្ឋាគារ​ក្នុង​ទីក្រុង​ព្រះសីហនុ បន្ទាប់ពី​មក​ស្នាក់នៅ​ខេត្ត​នេះ កាលពី​ចុង​ឆ្នាំ​២០២៤ ក្រោយ​ខកខាន​ចូល​សវនាការ​តាម​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​តៃវ៉ាន់ ពាក់ព័ន្ធ​នឹង​បទល្មើស​ល្បែង​អនឡាញ​ខុស​ច្បាប់​ជុំវិញ​រឿងអាស្រូវ​នៃ​ក្លឹប​៨៨ ក្នុង​អំឡុង​ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស