ភ្នំពេញ៖ ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី បានអំពាវនាវសុំជំនួយពីសាធារណជន ដើម្បីប្រមូលប្រាក់បង់ពិន័យតាមការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ។
លោក ម៉ម រិទ្ធី បានបង្ហោះសារអំពាវនាវនេះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន កាលពីថ្ងៃទី១៥ ខែឧសភា ដោយភ្ជាប់ជាមួយលិខិតជូនដំណឹងរបស់តុលាការ។ លិខិតនោះបានកំណត់ឱ្យលោកបង់ប្រាក់ពិន័យមុនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។ បើមិនអនុវត្តតាមទេ តុលាការអាចចេញដីកាបញ្ជាឱ្យបង្ខំ និងឃុំខ្លួនតាមនីតិវិធី។
លោក ម៉ម រិទ្ធី ត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីឆ្នាំ២០២៤ បន្ទាប់ពីតុលាការចោទប្រកាន់ និងកាត់ទោសលោកពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស តាមមាត្រា ៤៩៤, ៤៩៥ និង ៥២៣ នៃក្រមព្រហ្មទណ្ឌ។ ករណីនេះកើតឡើងបន្ទាប់ពីមានបណ្តឹងពីក្រុមហ៊ុន ជីនប៉ី គ្រុប ដែលមានម្ចាស់ជាជនជាតិចិន។
លោកបានជាប់ពន្ធនាគារ១៨ខែ ហើយបានចេញពីពន្ធនាគារបន្ទាប់ពីអនុវត្តទោសរួចរាល់ ប៉ុន្តែមិនទាន់បានបង់ប្រាក់ពិន័យជូនតុលាការនៅឡើយ។
លោកបាននិយាយថា សព្វថ្ងៃលោករស់នៅផ្ទះជួល ខណៈភរិយាប្រកបរបរលក់គុយទាវ ហើយលោកជួយរត់តុ។ លោកថា គ្រួសាររបស់លោកកំពុងជាប់បំណុលធនាគារ និងកម្ចីក្រៅផ្លូវការ ប្រហែលជិត២ម៉ឺនដុល្លារ ខណៈត្រូវផ្គត់ផ្គង់កូន៤នាក់ ដែលកំពុងសិក្សា។ លោក ម៉ម រិទ្ធី បាននិយាយថា បំណុលទាំងនេះកើនឡើងខ្លាំងក្នុងអំឡុងពេលលោកជាប់ពន្ធនាគារ១៨ខែ ពេលដែលគ្រួសារមិនមានចំណូលគ្រប់គ្រាន់សម្រាប់ទប់ទល់ជីវភាព។
កាលពីឆ្នាំ២០២៥ គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ ឬ OCCRP បានចេញរបាយការណ៍មួយអំពីម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជីនប៉ី នៅខេត្តព្រះសីហនុ។ របាយការណ៍នោះបានភ្ជាប់ទ្រព្យសម្បត្តិរបស់ម្ចាស់ក្រុមហ៊ុននេះទៅនឹងការចោទប្រកាន់អំពីឆបោកអនឡាញ និងលាងលុយកខ្វក់។ នៅខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានប្រកាសព្យួរ និងលុបអាជ្ញាប័ណ្ណកាស៊ីណូចំនួន៥ រួមទាំងកាស៊ីណូ ជីនប៉ី ផងដែរ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

