កម្ពុជាបានប្រកាសជាថ្មីថា ខ្លួន “មិនទទួលស្គាល់ដាច់ខាត” ចំពោះខ្សែបន្ទាត់ព្រំដែនដែលប្រទេសថៃទាមទារដោយឯកតោភាគី ខណៈរបបក្រុងភ្នំពេញចោទប្រកាន់ថា កងកម្លាំងយោធាថៃបានបន្តរំលោភកិច្ចព្រមព្រៀងព្រំដែន និងរុលចូលទឹកដីកម្ពុជាក្នុងខេត្តឧត្តរមានជ័យ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងថា ចាប់តាំងពីដើមខែមិថុនាមក កងទ័ពថៃបានធ្វើសកម្មភាពកាប់ឆ្ការព្រៃ និងរាយបន្លាលួសនៅតំបន់ក្បែរបង្គោលព្រំដែនលេខ២៦ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលកម្ពុជាចាត់ទុកថាជាការរំគិលព្រំដែនចូលក្នុងទឹកដីរបស់ខ្លួន។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់ការទាមទារខ្សែបន្ទាត់ព្រំដែនរបស់ថៃ ដែលធ្វើឡើងដោយឯកតោភាគីនោះទេ ហើយចាត់ទុកសកម្មភាពរបស់យោធាថៃថា បានរំលោភលើកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក។
តាមការលើកឡើងរបស់កម្ពុជា ការបំពាននេះរួមមាន មាត្រា ៥ នៃអនុស្សរណៈយោគយល់ឆ្នាំ២០០០ (MoU 2000) ស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក និងចំណុចទី១ នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្តការវាស់វែង និងបោះបង្គោលព្រំដែន ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។
កម្ពុជាបានអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពដែលខ្លួនហៅថាជា “អរិភាព” និងគោរពការប្ដេជ្ញារួម ដើម្បីបន្ធូរបន្ថយភាពតានតឹង និងដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី។ ប៉ុន្តែក្រសួងការបរទេសអះអាងថា សកម្មភាពរបស់យោធាថៃនៅតែបន្ត ដោយរួមមានការកាន់កាប់ទីតាំងមួយចំនួនដែលកម្ពុជាអះអាងថាស្ថិតក្នុងទឹកដីរបស់ខ្លួន និងការសាងសង់របងព្រំដែនជាឯកតោភាគី។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានផ្ញើកំណត់ទូតតវ៉ាជាផ្លូវការចំនួន ៤២ លើក ជុំវិញអ្វីដែលខ្លួនចាត់ទុកថាជាការឈ្លានពានរបស់ថៃ។ លោកបន្ថែមថា ក្នុងចំណោមនោះ កម្ពុជាបានផ្ញើកំណត់ទូត ៩ លើក ដើម្បីស្នើឱ្យភាគីថៃរៀបចំកិច្ចប្រជុំរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងបញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារនៅទីតាំងជាក់ស្ដែង។
កម្ពុជាបានអះអាងជាយូរមកហើយថា ការកំណត់ព្រំដែនរវាងប្រទេសទាំងពីរគួរតែផ្អែកលើផែនទីខ្នាត ១/២០០,០០០ដែលរៀបចំឡើងដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន–សៀម ស្របតាមអនុសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧។ របបក្រុងភ្នំពេញបានចោទថា ថៃកំពុងប្រើផែនទីខ្នាត ១/៥០,០០០ ដែលខ្លួនអះអាងថាត្រូវបានគូសឡើងដោយឯកតោភាគី ដើម្បីគាំទ្រការទាមទារទឹកដី។
រហូតមកដល់ពេលនេះ ភាគីថៃមិនទាន់ឆ្លើយតបជាសាធារណៈចំពោះសេចក្ដីប្រកាសចុងក្រោយរបស់កម្ពុជានៅឡើយ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

