លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះ ជាតិ បានចុះទៅជួបសំណេះសំណាល ជាមួយ អាជីវករនៅផ្សារទួលទំពូងស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីម្សិលមិញ ដោយលោកបានទិញត្រី និងបានផ្ដល់ប្រាក់ចំនួន២៥ដុល្លារដល់ស្ត្រីចំណាស់លក់សណ្ដែកដីម្នាក់ ដើម្បីជួយដល់មុខរបរតូចតាចរបស់គាត់។
លោក សម រង្ស៊ី បានមានប្រសាសន៍បន្ទាប់ពីការចុះទៅជួបសំណេះសំណាលនោះថា “ ខ្ញុំចង់ចុះទៅជួបសំណេះសំណាល ជាមួយអាជីវករដើម្បីស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ពួកគាត់ ពីព្រោះពួកគាត់គឺជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ”។
លោកបានមានប្រសាសន៍បន្ថែមថា “ ខ្ញុំមិនបានប្រាប់អាជ្ញាធរមូលដ្ឋានថា ខ្ញុំមានគម្រោងទៅទេ ពីព្រោះខ្ញុំបារម្ភថា ពួកគេនឹងព្យាយាមរារាំងខ្ញុំមិនឲ្យជួបជាមួយអ្នកគាំទ្រ។ ជារឿយៗពួកគេបានរំខានពួកយើងនៅពេលពួកយើងព្យាយាមជួបប្រជាពលរដ្ឋ”។
ទោះជាយ៉ាងណា ថ្វីបើមានកងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយនៅច្រកចូលផ្សារក៏ដោយ ក៏លោក សម រង្ស៊ី បានជួបសំណេះសំណាលជាមួយអាជីវករដោយគ្មានបញ្ហាអ្វីឡើយ។
រូបភាពវីដេអូស្ដីពីការចុះទៅសំណេះសំណាលដែលបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បង្ហាញពីមេដឹកនាំគណបក្សប្រឆាំងរូបេនះត្រូវអម ការពារដោយអង្គរក្សមួយចំនួន ឈរថតរូបជាមួយ អាជីវករដែលមានទឹកមុខញញឹម និយាយជាមួយទារក ស្វាគមន៍ភ្ញៀវទេសចរដែលមានការភ្ញាក់ផ្អើល ហើយបានសាកសួរអំពីតម្លៃលក់ត្រីទៀតផង។
អ្នកស្រី តុល ភិន អាយុ៧៥ឆ្នាំ ដែលលក់សណ្ដែកដីមួយកញ្ច្រែងនៅផ្សារទួលទំពូងបាននិយាយថា លោក សម រង្ស៊ី បានឲ្យប្រាក់ខ្ញុំ២៥ដុល្លារដើម្បីពង្រីកមុខរបររបស់ខ្ញុំ។
អ្នកស្រីបាននិយាយថា “ខ្ញុំបានស្វាគមន៍រូបលោកនៅពេលលោកចុះមកទីនេះ ហើយខ្ញុំបានជូនពរឲ្យលោកមានអាយុវែង និងសូមឲ្យលោកជួយប្រជាពលរដ្ឋក្រីក្រ និងសង្គ្រោះប្រទេសជាតិ”។
កាលពីសប្ដាហ៍មុន លោក បា៉ សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបញ្ជាឲ្យមន្ត្រីសាលារាជធានីពិនិត្យមើលក្រុមហ៊ុនដែលគ្រប់គ្រងផ្សារក្នុងរាជធានី ដែលជារឿយៗពួកគេបានយកភាស៊ីប្រចាំថ្ងៃលើសចំនួនពីអាជីវករ ហើយក៏បានយកតម្លៃលើសចំពោះការផ្ញើយានយន្តផងដែរ។
ចំណាត់ការរបស់លោក ប៉ា សុជាតិវង្ស ធ្វើឡើងតាមការណែនាំផ្ទាល់ពីលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្មីៗនេះបានធ្វើកំណែ ទម្រង់អំពើពុករលួយនៅតាមទីផ្សារដែលជាបញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ៗ។
លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីសប្ដាហ៍មុនថា អាជីវករលក់ដូរនៅតាមទីផ្សារបានបន្ទោសរូបលោកចំពោះការដែលបុគ្គលិកក្រុមហ៊ុនមានភាពមិនស្មោះត្រង់បានយកតម្លៃលើសពីពួកគាត់ ធ្វើបាបពួកគាត់ និងបានទារភាស៊ីពីពួកគាត់ទាំងព្រឹកព្រលឹមនៅពេលដែលពួកគាត់មិនទាន់ទាំងលក់ដាច់ផងនោះ៕សារុន