រយៈពេលបួនថ្ងៃ បន្ទាប់ពីការបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ និងជាអ្នកនិយាយឥតសំចៃ ក្រុមអ្នកគាំទ្រប្រឆាំងការកាប់ឈើក្នុងស្រុកបានលើកឡើងកាលពីម្សិលមិញថា ពួកគេនឹងមិនបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ។
លោកសេងសុខេងអ្នកសម្របសម្រួលប្រចាំបណ្ដាញការពារព្រៃឡង់ ដែលរៀបចំការដើរល្បាតការពារព្រៃឈើជាហូរហែដោយមានការចូលរួមពីអ្នកភូមិជាច្រើនក្រុមធំៗ ដើម្បីលុបបំបាត់ការកាប់ឈើខុសច្បាប់នៅក្នុងមូលដ្ឋាននេះបានមានប្រសាសន៍ថា“ការស្លាប់របស់លោក ឈុត វុទ្ធី មិនអាចបញ្ចប់សកម្មភាពប្រឆាំងការកាប់ឈើបានឡើយ”។
លោក សុខេង បានមានប្រសាសន៍ថានៅមាន ឈុត វុទ្ធី រាប់រយនាក់ទៀត។ យើងមានសកម្មជនការពារព្រៃឈើរាប់រយនាក់ ដែលមានឆន្ទៈពិតប្រាកដ ដើម្បីតស៊ូការពារព្រៃឈើ និងប្រយុទ្ធប្រឆាំងនឹងការកាប់ឈើ”។ កាលពីថ្ងៃព្រហស្បតិ៍ លោក ឈុត វុទ្ធីត្រូវបានមន្ត្រីកងរាជអាវុធហត្ថបាញ់សម្លាប់ នៅេពលលោកកំពុងស៊ើបអង្កេតសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងខេត្តកោះកុង។
អង្គការសិទ្ធិមនុស្សបានប្រតិកម្មយ៉ាងរហ័ស ដោយអំពាវនាវឲ្យរដ្ឋាភិបាលស៊ើបអង្កេតឲ្យបានហ្មត់ចត់។ក្រុមអ្នកសង្កេតការណ៍ បានលើកឡើងអំពីការព្រួយបារម្ភរបស់ខ្លួនថា ការស្លាប់របស់លោក ឈុត វុទ្ធី អាចជះឥទ្ធិពលយ៉ាងខ្លាំង ដល់ចលនាការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា។
លោក ភីល រ៉ូប៊ើតសុន (Phil Robertson) អនុប្រធានក្រុមបញ្ចុះបញ្ចូលរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ី បានថ្លែងថា “ការស្លាប់របស់សកម្មជនដ៏លេចធ្លោម្នាក់នេះ ពិតជាបានបញ្ជូនសារព្រមានដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដល់អ្នកផ្សេងទៀត ដែលចង់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងព្យាយាមជួយសង្គ្រោះព្រៃឈើនៅក្នុងកម្ពុជា។រដ្ឋាភិបាលកម្ពុជាត្រូវតែស៊ើបអង្កេតឲ្យបានហ្មត់ចត់និងត្រឹមត្រូវបំផុត”។
ការអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ចំពោះការស្លាប់របស់លោកឈុត វុទ្ធី ត្រូវបានបន្ទរដោយលោក ចាន់សុវេ៉ត អនុប្រធានផ្នែកកម្មវិធីសិទ្ធិមនុស្សរបស់អង្គការអាដហុក ដែលបាននិងកំពុងស៊ើបអង្កេតចំពោះការបាញ់ប្រហារកាលពីថ្ងៃព្រហស្បតិ៍នេះ។
លោកសុវ៉េតបានមានប្រសាសន៍ថា“ខ្ញុំព្យាយាមសាកសួរអ្នកដែលធ្វើការជាមួយលោក ឈុត វុទ្ធី ហើយពួកគេទំនងជាខ្លាចមិនហ៊ានធ្វើសកម្មភាព។ តែវាមិនបញ្ហាទេនៅពេលពួកគេមានជម្លោះ។ ពេលនេះពួកគេខ្លាចគេសម្លាប់”។ លោកបន្ថែមថាលោកបានជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានខ្លាំងក្លាប្រឆាំងនឹងជនល្មើស ដើម្បីបញ្ជូនសញ្ញាមួយថា សកម្មជនអាចបន្ដការងាររបស់ខ្លួន ដោយគ្មានការគំរាមកំហែង។
សកម្មជនខ្លះបានទទូចថា ពួកគេមិនខ្លាចការគាបសង្កត់បែបនោះទេ ថ្វីបើមានការភ័យខ្លាចផ្ទាល់ខ្លួនកាន់តែកើនឡើងក៏ដោយ។ លោក គុច វ៉េង អ្នកការពារបរិស្ថានមានមូលដ្ឋាននៅក្នុងខេត្តពោធិ៍សាត់បានថ្លែងថា“ពិតមែនហើយខ្ញុំខ្លាច ហើយខ្ញុំព្រួយណាស់បារម្ភណាស់ អំពីសុវត្ថិភាពរបស់មេដឹកនាំសកម្មជនការពារព្រៃឈើផ្សេងទៀត ដែលប្រឈមនឹងសោកនាដកម្ម នៅពេលខ្ញុំបានឮដំណឹងអំពីការស្លាប់របស់លោក ឈុត វុទ្ធីភ្លាម។ក៏ប៉ុន្ដែឧត្តមគតិរបស់ខ្ញុំបានលើកឡើងថាក្រុមអ្នកកាប់ឈើ និងឧក្រិដ្ឋជនកាប់ឈើតាមពិតខ្លាចយើងវិញទេ។នេះជាមូលហេតុដែលពួកគេសម្លាប់លោក ដើម្បីគំរាមអ្នកផ្សេងទៀតឲ្យខ្លាច”។
លោក គុច វ៉េង ដែលធ្លាប់បានសហការយ៉ាងជិតស្និទជាមួយលោក ឈុត វុទ្ធី ចាប់តាំងពីមានការតស៊ូប្រឆាំងនឹងការបំផ្លាញព្រៃឈើនាឆ្នាំ២០០៦ នៅតាមជួរភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ថ្លែងថាការបំភិតបំភ័យកើតមានជាទូទៅទៅហើយក្នុងការងាររបស់លោក។
លោក ទីល ធី សមាជិកជនជាតិដើមភាគតិចព្នង ដែលពាក់ព័ន្ធក្នុងសកម្មភាពប្រឆាំងការកាប់ឈើនៅក្នុងខេត្តមណ្ឌលគិរី និយាយថាការសម្លាប់នេះនឹងមិនអាច “ បំបិទមាត់ និងទប់ស្កាត់យើងមិនឲ្យតបតវិញនោះទេ”។
លោកនិយាយថា“នៅពេលមានការដៅសម្លាប់សកម្មជនការពារព្រៃឈើនោះ ពេលនោះនឹងមានសកម្មជនក្រោកឈរកាន់តែច្រើនឡើងដើម្បីតវ៉ាប្រឆាំងការកាប់ឈើខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីនោះ ”។
នៅក្នុងសេចក្ដីប្រកាសមួយចេញកាលពីម្សិលមិញ អង្គការសម្ពន្ធភាពប្រជាពលរដ្ឋដើម្បីគណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជាបានសន្និដ្ឋានថាការបាញ់សម្លាប់នេះគឺជា“ការគំរាមកំហែងដល់សកម្មជនការពារព្រៃឈើនិងសកម្មជនសិទ្ធិមនុស្សផ្សេងទៀត”។ក្រុមនេះបានបន្ថែមថា “យើងជំរុញឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញនូវកិច្ចសន្យាសម្បទានទាំងអស់ ដែលពាក់ព័ន្ធជាមួយការកាប់បំផ្លាញព្រៃឈើ”។
បណ្ដាញសកម្មជនការពារព្រៃឈើនៅក្នុងខេត្តកោះកុង មណ្ឌលគិរី រតនគិរី និងព្រៃឡង់ នៅក្នុងខេត្តកំពង់ធំបានលើកឡើងថា ពួកគេមានផែនការដើរក្បួននៅក្នុងរាជធានីភ្នំពេញ ដើម្បីអំពាវនាវឲ្យមានការកែទម្រង់ច្បាប់ និងការពារសកម្មជនការពារបរិស្ថានឲ្យបានខ្លាំងក្លាជាងនេះ។
លោក សុខេងអ្នកសម្របសម្រួលបណ្ដាញព្រៃឡង់ បានថ្លែងថា “យើងកំពុងតែមានផែនការដើរក្បួនមួយ ដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលចាប់ខ្លួនជនដៃដល់ និងបក្ខពួកដែលពាក់ព័ន្ធក្នុងការបាញ់សម្លាប់លោក ឈុត វុទ្ធីនិងសកម្មជនការពារព្រៃឈើផ្សេងទៀត។យើងមិនបោះបង់ទេ។ធនធានធម្មជាតិគឺជាជីវិតរបស់យើង វាជាឆ្នាំងបាយរបស់អ្នកជំនាន់ក្រោយរបស់យើង”។
អង្គការអាដហុក បានអំពាវនាវឲ្យរដ្ឋាភិបាល “ បង្ហាញពីការតាំងចិត្តរបស់ខ្លួន ដើម្បីការពារសកម្មជនផ្នែកបរិស្ថាន ព្រមទាំងការពារតំបន់ធនធានធម្មជាតិនានា ហើយតាមចាប់ខ្លួនអ្នកទាំងឡាយណាដែលទទួលខុសត្រូវចំពោះទង្វើខុសច្បាប់ ដោយមិនគិតពីបុណ្យសក្ដិ ឬឋានៈឡើយ”។ អង្គការ Global Witness បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ មរណភាពដ៏សោកសង្រេងរបស់លោក ឈុត វុទ្ធី ស្ដែងឲ្យឃើញនូវភស្ដុតាងថ្មីមួយទៀត អំពីគ្រោះថ្នាក់ ដែលអ្នកផ្សេងទៀតអាចជួបប្រទះនៅពេលព្យាយាមការពារដី និងព្រៃឈើក្នុងប្រទេសកម្ពុជា ព្រមទាំងបង្ហាញឲ្យឃើញពីអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សដែលកំពុងតែកើតមានដោយសារតែការគ្រប់គ្រងមិនត្រឹមត្រូវ”៕
ប្រែសម្រួលដោយ ចេវប៊ុននី