លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានមានប្រសាសន៍កាលពីម្សិលមិញថា លោកបានកោះហៅស្រ្តីពីរនាក់ ក្នុងចំណោមស្រ្តីទាំងបីនាក់ដែលត្រូវបានបាញ់ប្រហារនៅតំបន់សេដ្ឋកិច្ចពិសេសមួយនៅក្នុងក្រុងបាវិតដើម្បីធ្វើការសាកសួរនៅសប្តាហ៍ក្រោយនេះ ហើយបានបដិសេធចំពោះការចោទប្រកាន់ ដែលថា ក្រុមអ្នកស៊ើបអង្កេតកំពុងពន្យារពេលមិនចង់់ដោះស្រាយរឿងក្តីនេះ។
អង្គការសិទ្ធិមនុស្សនៅតែរិះគន់ចំពោះអ្វីដែលខ្លួនគិតថា ជាដំណើរការស៊ើបអង្កេតយឺតយ៉ាវរបស់តុលាការ និងការមិនចេញដីកាចាប់ខ្លួនលោក បណ្ឌិត អតីតអភិបាលក្រុងបាវិតដែលសាក្សីបានប្រាប់អត្តសញ្ញាណថា ជាអ្នកបាញ់ ហើយអាជ្ញាធរបានបញ្ជាក់ប្រាប់ថាជាជនសង្ស័យតែម្នាក់គត់ក្នុងការបាញ់ប្រហារនេះ។
លោកប៊ុនជា បានមានប្រសាសន៍ថា កាលពីថ្ងៃសុក្រ លោកបានចេញដីកាកោះហៅជនរងគ្រោះពីរនាក់ គឺនាង ប៊ុន ចិន្តា អាយុ២១ឆ្នាំនិងនាងនុត សុខន អាយុ២៣ឆ្នាំ មកសាកសួរនៅថ្ងៃទី២៨ខែមីនា។ លោកបានមានប្រសាសន៍ថា “វាមិនយឺតយ៉ាវទេ ពីព្រោះយើងកំពុងខិតខំប្រឹងប្រែងដោះស្រាយរឿងនេះ”។
តុលាការអាចចេញដីកាចាប់ខ្លួនលោក បណ្ឌិត បាន ប្រសិនបើព្រះរាជអាជ្ញាបញ្ជូនរឿងក្តីនេះទៅឲ្យចៅក្រមស៊ើបសួរ។លោកប៊ុនជា ក៏បានប្រកាន់ខ្ជាប់ផងដែរចំពោះការអះអាងរបស់លោក កាលពីថ្ងៃសុក្រថា អំឡុងពេលសាកសួរ កាលពីថ្ងៃព្រហស្បតិ៍លោកបណ្ឌិតសារភាពថានៅថ្ងៃផ្ទុះអាវុធនោះ លោកគ្រាន់តែដកកាំភ្លើងខ្លីរបស់លោកគ្រវី និងបញ្ចូលគ្រាប់ប៉ុណ្ណោះ ប៉ុន្តែមិនបានដឹងថា លោកបានបាញ់ឬអត់នោះទេ។ លោកបានមានប្រសាសន៍ថា “លោកបណ្ឌិត គ្រាន់តែសារភាពថា លោកពិតជាមានកាំភ្លើងខ្លីមែន ហើយលោកមិនដឹងថាតើលោកបានបាញ់ឬក៏អត់ទេ”។
កាលពីថ្ងៃព្រហស្បតិ៍លោកប៊ុនជាបានមានប្រសាសន៍ថា អតីតអភិបាលក្រុងរូបនេះបានសារភាពថា លោកបានបាញ់ឡើងលើនៅពេលមានការប្រឈមមុខជាមួយក្រុមអ្នកតវ៉ានោះ។ លោកមឿនតុលាប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានចោទលោក ប៊ុនជា ថាបាន “សម្របសម្រួល” ការសើុបអង្កេតនេះ។
លោកបានមានប្រសាសន៍ថា “ យើងមិនយល់ថា ហេតុអ្វី បានជាចម្លើយរបស់គាត់ផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ យើងមិនដឹងថា តើព្រះរាជអាជ្ញារូបនេះកំពុងតែព្យាយាមធ្វើរបាយការណ៍ក្លែងក្លាយដើម្បីធ្វើឲ្យលោក បណ្ឌិតរួចផុតពីពិរុទ្ធភាពឬយ៉ាងណានោះទេ”។
លោកតុលាបានមានប្រសាសន៍ថា ដំបូងលោកសង្ឃឹមថា អាជ្ញាធរនឹងចាប់ខ្លួនលោក បណ្ឌិត។ លោកបានមានប្រសាសន៍ថា “ ពេលនេះខ្ញុំបាត់បង់ក្តីសង្ឃឹមខ្លះហើយ ពីព្រោះតុលាការព្យាយាមសម្របសម្រួល”។
កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC)របស់អង្គការពលកម្មអន្តរជាតិក៏បានលើកឡើងពី “ការព្រួយបារម្ភចំពោះការសើុបអង្កេតដ៏គួរឲ្យភ្ញាក់ផ្អើលអំពីការបាញ់ប្រហារនេះផងដែរ”។ កម្មវិធីនេះបានលើកឡើងក្នុងសេចក្តីប្រកាសខ្លីមួយថា “ខ្លួនជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់ឲ្យបានពេញលេញ មានតម្លាភាព និងមានសមភាព ព្រមទាំងបន្តស្វែង
រកយុត្តិធម៌ក្នុងរឿងក្តីនេះ”។
នាងចិន្តានិង នាងសុខនដែលទាំងពីរនាក់ជាកម្មការិនីនៅតំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាតតាន់ ក្នុងក្រុងបាវិត បានប្តឹងលោក បណ្ឌិត កាលពីសប្តាហ៍មុនដោយនាង ចិន្តា ទាមទារសំណង៥០.០០០ដុលា្លារ និងនាង សុខនទាមទារ៤៥.០០០ដុល្លារ។ ជនរងគ្រោះទីបីឈ្មោះកែវនាអាយុ១៨ឆ្នាំ បានបញ្ជាក់ថា នាងក៏នឹងធ្វើពាក្យប្តឹងនៅថ្ងៃនេះដែរ។
នាងបាននិយាយថា “ខ្ញុំនឹងប្តឹង លោក ឈូកបណ្ឌិតអតីតអភិបាលក្រុង នៅសាលាដំបូងខេត្តនៅថ្ងៃនេះ និងទារសំណង៤០.០០០
ដុល្លារ។ គាត់គឺជាមន្ត្រីរដ្ឋាភិបាលអាក្រក់ម្នាក់ ដែលបានបាញ់ប្រហារទៅលើកម្មករ ធ្វើឲ្យពួកគេរងរបួស”។
អ្នកស្រី សំ សាម៉េត ជាម្តាយរបស់នាងកែវ នា បានមានប្រសាសន៍កាលពីសប្តាហ៍មុនថាកូនស្រីរបស់អ្នកស្រីបានសម្រេចចិត្តប្តឹង ពីព្រោះពីដំបូងអាជ្ញាធរមូលដ្ឋានបានប្រាប់កុំឲ្យនាងប្តឹង៕
ប្រែសម្រួលដោយ ចេវប៊ុននី