នគរបាលបាននិយាយកាលពីម្សិលមិញថា ក្មេងស្រីអាយុ២ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃសៅរ៍នៅក្នុងស្រុកចម្ការលើ ខេត្តកំពង់ចាម នៅពេលរថយន្តតូយ៉ូតាកាមរីមួយគ្រឿងបានបុកម៉ូតូពីក្រោយដែលនាងកំពុងជិះជាមួយក្រុមគ្រួសាររបស់នាង។
យោងតាមលោក លឹម សុធី នាយនគរបាលចរាចរស្រុកបានឲ្យដឹងថា ក្មេងស្រីរូបនេះឈ្មោះ ពៅ ហោ បានស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុកម៉ូតូដែលនាងកំពុងជិះជាមួយយាយតារបស់នាង ឈ្មោះ នុត តាំងងីម អាយុ៤៥ឆ្នាំ និង ពៅ ចន្ធី អាយុ៤៣ឆ្នាំ។
លោក សុធី បានមានប្រសាសន៍ថា ”នៅពេលជនរងគ្រោះជិះម៉ូតូតាមផ្លូវ ស្រាប់តែរថយន្តនេះបានបុកពួកគេពីក្រោយតែម្តង។អ្នករួមដំណើរត្រូវបានគ្រវែងមកលើដី ហើយក្មេងស្រីអាយុ២ឆ្នាំរូបនេះបានស្លាប់នៅកន្លែងកើតហេតុ”។
លោក សុធី បានមានប្រសាសន៍ថា លោក តាំងងីម បានរងរបួសក្បាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ហើយអ្នកស្រី ចន្ធី រងរបួសស្រាល។ លោកបានបន្ថែមថា ពួកគាត់ទាំងពីរបានធូរស្រាលហើយនៅមន្ទីរពេទ្យខេត្ត។
លោក សុធី បានមានប្រសាសន៍ថា “សាក្សីបានលើកឡើងថា អ្នកបើកបរបានបង្កើនល្បឿនបើកចេញពីកន្លែងកើតហេតុ ហើយបានចតរថយន្តចោលនៅចម្ងាយប្រហែល៥គីឡូម៉ែត្រនៅតាមផ្លូវ រួចរត់ចូលក្នុងព្រៃ”។
លោក សុធី បានមានប្រសាសន៍ថា ទាំងម៉ូតូនិងរថយន្តត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។
លោក ថេង ប៊ុនធឿន នាយរងនគរបាលចរាចរខេត្ត បានមានប្រសាសន៍ថា លោកបានបញ្ជូនស្លាកលេខរថយន្តនេះទៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ហើយកំពុងរង់ចាំការឆ្លើយតបទាក់ទងអត្តសញ្ញាណម្ចាស់រថយន្ត៕សារុន