អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា ខ្លួនបានបើកការសើុបអង្កេតនៅក្នុងករណីដែលសង្ស័យថាមានការជំរិតទារប្រាក់ហើយ ប៉ុន្តែ អង្គភាពនេះបានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយកុំអាលទាន់ចុះផ្សាយអំពីបញ្ហានេះអី បន្ទាប់ពីបញ្ជីឈ្មោះជនសង្ស័យ និងលេខទូរស័ព្ទរបស់ពួកគេត្រូវបានបង្ហោះតាមអីុនធើណិតដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។
នៅពេលទាក់ទងតាមរយៈសារកាលពីយប់ថ្ងៃច័ន្ទ លោក ឱម យិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា វា “លឿនពេកហើយដែលនិយាយ” ថា តើមនុស្សដែលមានឈ្មោះនៅក្នុងបញ្ជីនេះមានទោសកំហុសពីបទជំរិតទារប្រាក់ឬក៏អត់នោះ។
លោកបានលើកឡើងទៀតថា អង្គភាពប្រឆាំងអំពើពុករលួយបានដាក់បុគ្គលទាំងនោះនៅក្នុង “បញ្ជីប្រផេះ” របស់ខ្លួនហើយ។
ប៉ុន្តែ លោក ឱម យិនទៀង បានរអ៊ូរទាំថា អ្នកដែលបង្ហោះបញ្ជីនេះនៅលើអីុនធើណិតបានធ្វើឲ្យការងាររបស់លោកកាន់តែលំបាកទៅវិញទេ។
លោកបានមានប្រសាសន៍ថា “លេខទូរស័ព្ទដែលយើងរកឃើញគ្មានប្រយោជន៍សម្រាប់យើងដើម្បីសើុបអង្កេតឡើយ ព្រោះលេខទូរស័ព្ទទាំងនេះត្រូវបានលាតត្រដាងជាសាធារណៈដែលជាហេតុនាំឲ្យជនល្មើសគេចខ្លួនបាត់ហើយមើលទៅ។ អ្នកបង្ហោះបញ្ជីនេះមិនគួរវាយស្មៅបង្អើលពស់ឡើយ ពួកគេគួរតែទុកឲ្យអង្គភាពប្រឆាំងអំពើពុករលួយធ្វើការសើុបអង្កេតដោយស្ងាត់ៗ”។
លោក ជិន សុផាត នាយផ្នែកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា នគរបាលនៅក្នុងខេត្តកំពង់ឆ្នាំងបានរកឃើញបញ្ជីនេះកាលពីថ្ងៃ២៦ ខែមករានៅក្នុងរថយន្តមួយគ្រឿងដែលពួកគេបានឃាត់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដោយសង្ស័យពីបទដឹកឈើខុសច្បាប់។
រថយន្តនេះមានដឹកតុចំនួនពីរ ទ្វារចំនួនប្រាំ និងគ្រោងគ្រែមួយដោយសុទ្ធតែធ្វើពីឈើប្រភេទធ្នង់និងមានដឹកឈើម្រះព្រៅចំនួនប្រាំដុំផងដែរ។
នៅក្នុងបញ្ជីដែលរកឃើញនេះគឺមានឈ្មោះ លេខទូរស័ព្ទ និងទីតាំងរបស់នគរបាល កងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋបាលព្រៃឈើចំនួន៤៩រូប។
កាលពីម្សិលមិញ លោក សុផាត បានលើកឡើងបន្ថែមថា លោកសង្ស័យថា អ្នកដែលមានឈ្មោះនៅក្នុងបញ្ជីគឺជាមន្ត្រីដែលអ្នកបើកបររថយន្តត្រូវបង់ប្រាក់ទៅឲ្យ ខណៈដឹកទំនិញខុសច្បាប់។
លោកបានមានប្រសាសន៍ថា “យើងសង្ស័យថា អ្នកដែលនៅក្នុងបញ្ជីកំពុងប្រព្រឹត្តអំពើជំរិតទារប្រាក់ ប៉ុន្តែ យើងត្រូវការភ័ស្តុតាងមកបញ្ជាក់សិន”។
លោក សុផាត បានលើកឡើងទៀតថា អ្នកយកព័ត៌មានម្នាក់នៅកន្លែងដែលរថយន្តនេះត្រូវនគរបាលឃាត់ បានថតបញ្ជីនេះរួចហើយ។ ហើយមុនពេលបញ្ជីនេះត្រូវបានបង្ហោះតាមអីុនធើណិត លោកបាននិយាយថា លោកបានស្នើឲ្យមន្ត្រីដែលរកឃើញបញ្ជីនេះគឺលោក ឃ្លោក ស្រឿង នាយផ្នែកនគរបាលកម្រិតធ្ងន់ខេត្តបង្ហាញបញ្ជីនេះដែរ ប៉ុន្តែ លោកឃ្លោក ស្រឿង មិនបានបង្ហាញនោះឡើយ។
លោក សុផាត បានមានប្រសាសន៍ថា “ខ្ញុំគិតថា លោក ស្រឿង មិនមែនលាក់ទុកបញ្ជីនេះដោយសារឈ្មោះរបស់លោកមាននៅក្នុងបញ្ជីហ្នឹងទេ។ ប្រហែលជាគាត់ចង់រក្សាទុកបញ្ជីនេះដើម្បីសើុបអង្កេតហើយមើលទៅ”។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក ឃ្លោក ស្រឿង បានលើកឡើងថា លោកគ្មានបញ្ជីនេះនៅក្នុងដៃឡើយពេលលោក សុផាត ស្នើសុំ ព្រោះលោកបានបញ្ជូនវាទៅឲ្យលោក ឈូ ចាន់ឌឿន អភិបាលខេត្តនេះបាត់ហើយ៕ស៊ុយឈាង