កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្តើមសាកសួរលោក សៀង រិទ្ធី មេដឹកនាំសហជីពដែលត្រូវបានចាប់ខ្លួននៅខាងក្រៅរោងចក្រកាត់ដេរមួយក្នុងខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃអង្គារ ខណៈកំពុងដឹកនាំអ្វីដែលនគរបាលបានហៅថា ជាកូដកម្មខុសច្បាប់។
លោក សៀង រិទ្ធី ដែលជាប្រធានសហពន្ធ័សហជីពសាមគ្គីភាពការងារត្រូវបាននាំមកបង្ហាញខ្លួននៅចំពោះមុខលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅពេលព្រឹក និងពេលរសៀលសម្រាប់ការសាកសួរ ប៉ុន្តែ ទីបំផុតលោកមិនត្រូវបានចោទប្រកាន់ឡើយ។
យោងតាមលោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីបានឲ្យដឹងថា ក្រោយពីការសាកសួររួច មេដឹកនាំសហជីពរូបនេះត្រូវបានបញ្ចូនទៅឃុំឃាំងនៅស្នងការដ្ឋាននគរបាលរាជធានីវិញកាលពីល្ងាចម្សិលមិញ ដើម្បីរង់ចាំការសាកសួរបន្ថែមនៅថ្ងៃនេះ។
ពេលចាកចេញពីសាលាដំបូងរាជធានីវិញអំឡុងពេលព្រឹក លោក សៀង រិទ្ធី ដែលសហជីពរបស់លោកគាំទ្រដល់ការធ្វើកូដកម្មបានលើកឡើងថា លោក គ្រាន់តែគាំទ្រកម្មករនៅរោងចក្រកាត់ដេរអប្សរាដែលកំពុងទាមទារឲ្យមានការដំឡើងប្រាក់ខែចំនួន២៨ដុល្លារប៉ុណ្ណោះ។
លោក សៀង រិទ្ធី បានប្រាប់អ្នកយកព័ត៌មានដោយបដិសេធចំពោះការចោទប្រកាន់ដែលថា លោកមានបំណងដឹកជញ្ជូនដំបងឫស្សីចំនួន៥១ដើមយកទៅប្រើប្រាស់ក្នុងគោលបំណងបង្កអំពើហិង្សានោះថា “ការចោទប្រកាន់បែបនេះគឺមិនត្រឹមត្រូវទេ ព្រោះកម្មករដែលជាសមាជិករបស់ខ្ញុំ និងខ្ញុំមិនបានប្រព្រឹត្តអំពើើហិង្សាណាមួយប្រឆាំងរោងចក្រឡើយ”។
មេដឹកនាំសហជីពរូបនេះបាននិយាយថា “មន្ត្រីតុលាការសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំដឹកជញ្ជូនឫស្សីទៅទីនោះ? ខ្ញុំប្រាប់ពួកគេថា ខ្ញុំគ្រាន់តែចង់យកវាទៅធ្វើជាដងទង់ជាតិ និងដងបដាប៉ុណ្ណោះ”។
នៅក្នុងសន្និសីទកាសែតមួយដែលរៀបចំដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅពេលរសៀលលោក ខូវ ឆាយ នាយកគ្រប់គ្រងរោងចក្រកាត់ដេរអប្សរាបានលើកឡើងថា រោងចក្ររបស់លោកបានខាតបង់ជាង៣០.០០០ដុល្លារ ចាប់តាំងពីថ្ងៃសុក្រមកដោយសារការធ្វើកូដកម្ម។
លោក ខូវ ឆាយ ក៏បានអះអាងផងដែរថា បំណងប្រើអំពើហិង្សារបស់លោក សៀង រិទ្ធី អាចបញ្ជាក់បានតាមរយៈរូបភាពដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមដែលមេដឹកនាំសហជីពរូបនេះបានចែករំលែកតាមហ្វេសប៊ុក។ លោក ខូវ ឆាយ បានបង្ហាញរូបភាពនេះតាមរយៈទូរស័ព្ទដៃរបស់លោកឲ្យអ្នកយកព័ត៌មានបានឃើញអំឡុងការធ្វើសន្និសីទកាសែត។
លោក ខូវ ឆាយ បាននិយាយថា “លោក សៀង រិទ្ធី បានសរសេរថា ‘នេះគឺជាអំណោយនៅក្នុងថ្ងៃបុណ្យមាឃបូជាសម្រាប់ក្រុមទំនើងដែលគ្រប់គ្រងរោងចក្រ’ “។
លោក ខូវ ឆាយ បានលើកឡើងទៀតថា ការបង្ហោះរូបភាពដំបងឫស្សី គឺត្រូវបានធ្វើឡើងដោយលោក ឡោ សុភ័ក្រ ដែលជាអនុប្រធានសម្ព័ន្ធសហជីពសាមគ្គីភាពការងារ ហើយបន្ទាប់មកត្រូវបានចែករំលែកដោយលោក សៀង រិទ្ធី ដែលបានសរសេរសារគំរាមបន្ថែម។
គ្មានការបង្ហោះបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោក សៀង រិទ្ធី ឡើយកាលពីល្ងាចម្សិលមិញ ហើយលោក សុភ័ក្រ បានអះអាងថា រូបភាពនេះត្រូវបានបង្ហោះតាមអីុនធើណិតដោយគ្មានសារណាមួយឡើយ។
លោក សុភ័ក្រ បានទទួលស្គាល់ថា សហជីពរបស់លោកមិនទាន់ចុះបញ្ជីដើម្បីធ្វើប្រតិបត្តិការនៅរោងចក្រកាត់ដេរអប្សរាដែលច្បាប់ការងារតម្រូវនៅឡើយទេ ប៉ុន្តែ ថាលោក ហើយនិងលោក សៀង រិទ្ធី ត្រូវកម្មករដែលកំពុងធ្វើកូដកម្មស្នើឲ្យមកជួយ។
លោកបាននិយាយបន្ថែមថា “យើងនឹងស្នើសុំក្រសួងការងារឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីចុះបញ្ជីសហជីពរបស់យើងនៅក្នុងរោងចក្រនេះ”។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរកាលពីម្សិលមិញ ដោយបដិសេធចំពោះការអះអាងរបស់សហជីពដែលថា អ្នកគ្រប់គ្រងរោងចក្រ និងអាជ្ញាធរ បានរួមគំនិតគ្នាដើម្បីប្រើប្រាស់តុលាការមកចាប់ខ្លួន ឬបណ្តេញកម្មករដែលកំពុងធ្វើកូដកម្មចេញពីការងារ។
កាលពីសប្តាហ៍មុន សម្ព័ន្ធសហជីពចលនាកម្ពុជាបានលើកឡើងថា រោងចក្រមួយចំនួនបានបណ្តេញតំណាងសហជីពអស់ជាច្រើននាក់ដោយខុសច្បាប់កាលពីឆ្នាំមុន ហើយសម្ព័ន្ធសហជីពនេះក៏បានចោទប្រកាន់តុលាការផងដែរថា នៅខាងរោងចក្រ។
នៅក្នុងសេចក្តីថ្លែងការរបស់ខ្លួន សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបន្តរិះគន់ចំនួនសហជីពដែលចេះតែកើនឡើងនៅក្នុងប្រទេសកម្ពុជា ដោយអះអាងថា ឥឡូវនេះមានចំនួនប្រមាណ៤.០០០ហើយ ហើយថា វិស័យកាត់ដេរដែលកំពុងតែមានភាពច្របូកច្របល់នេះគួរតែបន្ទោសលើសហជីពទាំងនោះ៕ស៊ុយឈាង