39 C
Phnom Penh

ក្រុមហ៊ុន​សូគីម៉ិច​បញ្ជា​ឲ្យ​អាជីវកម្មរើ​ចេញ​ពី​ដី​មាន​ហាង​ឆេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ក្រុមហ៊ុន​សូគីម៉ិចបាន​លើកឡើង​កាល​ពី​ម្សិលមិញ​ថា ម្ចាស់​អាជីវកម្ម​រាប់​សិប​នាក់​​ ដែលមាន​អាជីវកម្ម​នៅ​លើ​ដី​ទំហំ​ជាង​​៨.០០០​ម៉ែត្រ​​ក្រឡា ​ជា​ដី​មាន​ហាង​ឆេង​ខ្ពស់​នៅ​ខាង​ក្រោយ​​វត្ត​ឧណ្ណាលោម​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ក្រុម​ហ៊ុន​សូគីម៉ិច​​គ្រុប​ ជា​ក្រុមហ៊ុន​រួម​ក្នុង​​ស្រុក​ដ៏​ធំ​មួយ​បញ្ជា​ឲ្យ​រើ​ចេញ​ពី​ដី​របស់​ខ្លួន​។

ក្រុម​​​កម្មករ​​​វាយ​​​កម្ទេច​​​ហាង​​​សាច់​​​គោអាំង​​​នៅ​​​តាម​​​ផ្លូវ​​​លេខ​​​១៣ ខាង​​​ក្រោយ​​​វត្ត​​​ឧណ្ណាលោម ក្នុង​​​រាជធានីភ្នំពេញ កាលពី​​​ម្សិលមិញ​​​។ ម្ចាស់​​​​​​អាជីវកម្ម​​​​​​បាន​​​ទទួល​​​បញ្ជា​​​​ពី​​​​​​ក្រុម​​​ហ៊ុន​​​សូគីម៉ិច ឲ្យ​​​ចាក​​​ចេញ​​​ពី​​​តំបន់​​​នោះ​​​​​​។ (Lauren Crothers​​​)
ក្រុម​​​កម្មករ​​​វាយ​​​កម្ទេច​​​ហាង​​​សាច់​​​គោអាំង​​​នៅ​​​តាម​​​ផ្លូវ​​​លេខ​​​១៣ ខាង​​​ក្រោយ​​​វត្ត​​​ឧណ្ណាលោម ក្នុង​​​រាជធានីភ្នំពេញ កាលពី​​​ម្សិលមិញ​​​។ ម្ចាស់​​​​​​អាជីវកម្ម​​​​​​បាន​​​ទទួល​​​បញ្ជា​​​​ពី​​​​​​ក្រុម​​​ហ៊ុន​​​សូគីម៉ិច ឲ្យ​​​ចាក​​​ចេញ​​​ពី​​​តំបន់​​​នោះ​​​​​​។ (Lauren Crothers​​​)

ទោះ​បី​ជា​ក្រុមហ៊ុន​នេះ​បាន​បដិសេធ​​​មិន​និយាយ​ថាមាន​គម្រោង​សាងសង់អ្វី​នៅលើ​​ដី​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ពី​រប្លុក​ពីព្រះ​បរមរាជ្យ​វាំង​នេះ​ក៏​ដោយ ក៏កាលពី​ម្សិល​មិញ ប្រជា​ពល​រដ្ឋ​នៅក្បែរ​នេះ​បាន​និយាយថា កម្មករ​មួយ​ក្រុម​បាន​​ចូល​ទៅ​ទីតាំង​​​ដី​នេះកាល​ពីសប្ដាហ៍​មុន​ ដើម្បី​វាយ​កម្ទេច​ភោជនីយដ្ឋាន​សាច់គោ​អាំង​​ពេញ​និយម​នៅ​តាម​បណ្តោយផ្លូវ​លេខ​១៣។

អាជីវកម្ម​ផ្សេង​ៗ​ទៀត​​រួម​មានក្លឹប​កម្សាន្ត​មួយ​ ភោជ​នី​យ​ដ្ឋាន​មួយ​ និង​ក្រុមហ៊ុន​លក់​សំបុត្រ​​រថយន្ត​ក្រុង​មួយ ​បាន​បិទផ្អាក​ការ​រក​ស៊ី​របស់​ខ្លួន​ហើយ។

លោក​ សេង​ ចន្ធូ លេខាផ្ទាល់​របស់​លោក​ សុខ គង់ ស្ថាបនិក​ក្រុមហ៊ុន​សូគីម៉ិច​គ្រុប​ បាន​បញ្ជាក់​ថា អាជីវកម្មនានា​ក្នុង​ទីតាំង​នេះ​ត្រូវ​បានក្រុម​ហ៊ុន​​​ជូន​ដំណឹង​ឲ្យ​រើ​ចេញ​។​ លោក​​​បាន​មាន​ប្រសាសន៍​ថា “គាត់​ [លោក​ សុខ គង់] បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រាប់​​ថា យើង​​ទើប​តែ​បានជូន​ដំណឹង​ដល់​​អ្នក​ប្រកប​អាជីវកម្ម​ទាំង​អស់​ឲ្យ​រើចេញ​ពី​ដី​នេះ​ ប៉ុណ្ណោះ​ប៉ុន្តែ​យើង​​មិន​ទាន់​មាន​គម្រោង​​ថានឹងយក​ដី​នេះ​​ធ្វើ​អ្វី​នៅ​ឡើយ​ទេ​ ពីព្រោះ​ពេល​នេះ​យើង​កំពុង​មមា​ញឹក​នឹង​ការ​​សាង​សង់​សណ្ឋា​គារ​ថ្មី​មួយ​ [ក្នុង​សង្កាត់​ជ្រោយចង្វា]”។

លោក​ស្រី រឿង ផល្លីន ចៅ​សង្កាត់​​ជ័យ​ជំនះ​ក៏​បាន​​បញ្ជាក់​ដែរ​​ថា ដី​នេះ​ជា​របស់​ក្រុម​ហ៊ុន​​សូគីម៉ិច​គ្រុប​ ប៉ុន្តែ​​​បាន​មាន​ប្រ​សាសន៍​ថា លោកស្រីមិន​ដឹង​ថា ក្រុមហ៊ុន​មាន​គម្រោង​សាង​សង់​អ្វី​លើ​ដី​នេះ​ទេ​។ លោកស្រី​​បាន​មាន​ប្រសាសន៍​ថា “ដី​នេះ​ជា​ដី​របស់​លោកឧកញ៉ា សុខ គង់។​ ពួក​គេត្រូវបាន​ខាង​ក្រុម​ហ៊ុនបញ្ជា​ឲ្យ​រើ​ចេញ​ បន្ទាប់​ពី​កិច្ច​សន្យា​ជួល​រយៈ​ពេល​ប្រាំ​ឆ្នាំ​របស់​ពួក​គេ​បាន​ផុត​កំណត់​។ ខ្ញុំ​មិន​ដឹង​ថា ម្ចាស់​ដី​​មាន​គម្រោង​​ធ្វើ​អ្វី​ទេ​”។

ដី​នេះ​មាន​ផ្ទៃ​ជាង​៨.០០០​ម៉ែត្រ​ក្រឡា​ និង​មាន​តម្លៃ​ប្រហែល​៣.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា​។ ដី​នេះ​ស្ថិត​នៅ​លើ​​អតីត​ទីតាំង​ពន្ធនាគារ​តេបី ឆ្លង​មួយផ្លូវ​ពី​វត្ត​ឧណ្ណាលោម​ និង​មាន​ទីតាំង​​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣​ និង​​ផ្លូវ​លេខ​១៥៤​។មុន​ពេល​អាជីវកម្ម​នានា​​រើ​ចេញ​ តំបន់​នេះ​ជា​តំបន់​​ដ៏​អ៊ូអរ​ ដែល​មាន​ពេញ​ទៅ​​ដោយ​ភោជនីយដ្ឋាន​​សាច់​គោ​អាំង​។

កាល​ពី​ម្សិលមិញ​អាជីវករ​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​​បាន​និយាយ​ថា ភោជនីយដ្ឋាន​នៅ​លើ​ដី​នេះ​ត្រូវ​បាន​កម្មករសំណង់​មួយ​ក្រុម​វាយ​កម្ទេចអំឡុង​ពេល​រសៀលថ្ងៃ​​មួយ​កាល​ពី​សប្ដាហ៍​មុន។

លោក​ ឡាយ ហេង​ អាយុ​៥០​ឆ្នាំ​ ដែល​ជា​អ្នក​​លក់​ស្បែក​ជើង​​នៅ​ទល់​មុខ​​ទីតាំង​នេះបាន​និយាយថា “វា​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​ប្រហែល​៣ ឬ៤។ កម្មករ​ប្រហែល​បួន​ទៅ​ប្រាំ​នាក់បាន​វាយកម្ទេច​សំណង់​ទាំង​នេះ ហើយ​ពួកគេបាន​ប្រើ​ប្រាស់​កម្មករ​បីទៅ​បួន​នាក់​ដើម្បី​រុះដំបូល​ចេញ”។

ក្លឹប​កម្សាន្ត​​ហ្គោឌឹន​ បូស ស៊ីធី (Golden Boss City) ដែល​មាន​ទីតាំង​នៅ​លើ​ដី​នេះ​​បាន​បិទ​​ទ្វារហើយ​ ប៉ុន្តែ​ក្លឹប​កម្សាន្ត​មួយ​ទៀត​​ឈ្មោះ​ ហ្គោឌឹន ស្ដា បារ (Golden Star Bar)  កំពុង​បើក​នៅ​ឡើយ​។ តែ​ទោះ​ជា​យ៉ាង​ណា​​នាយក​គ្រប់គ្រង​ក្លឹប​កម្សាន្ត​នេះ​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា លោក​​មិន​ប្រាកដ​ថា នឹង​បើក​​រកស៊ីបាន​យូរ​ប៉ុណ្ណា​ទៀត​​ទេ​។

លោក​ ជិន​ វណ្ណៈ អាយុ​៤៧​ឆ្នាំ​ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា គេ​ក៏​នឹង​វាយ​កម្ទេច​​ក្លឹប​នេះ​ដែរ​ ប៉ុន្តែ​យើង​កំពុង​ជាប់​កិច្ច​សន្យា​នៅឡើយ​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្លឹប​នេះ​បាន​បើក​ដំណើរ​ការ​​នៅ​ទីនោះ​អស់​រយៈ​ពេល​ប្រហែល​​ប្រាំ​មួយ​ឆ្នាំ​​មក​ហើយ​។

បុរស​ម្នាក់​ឈ្មោះ​ តែ យ៉ាត​ ជា​អ្នក​យាម​នៅ​​កន្លែង​ផ្ញើ​យានយន្ត​មួយ​កន្លែង​នៅ​លើ​ដី​នេះ​បាន​និយាយ​ថា កន្លែង​ធ្វើ​យានយន្ត​នេះ​នឹងត្រូវ​​រើ​ចេញ​​នៅ​ដំណាច់​ឆ្នាំ​នេះ​។ គាត់​បាន​និយាយ​ថា “យើង​ទើប​តែ​ទទួល​​បាន​ការ​ជូន​ដំណឹង​កាល​ពី​មួយ​សប្ដាហ៍​មុន​ប៉ុណ្ណោះ​។យើង​​ទទួល​បាន​ការ​ជូន​ដំណឹង​ឲ្យ​ត្រៀ​ម​រើ​ចេញ​ត្រឹម​ខែ​វិច្ឆិកា ឬ​ខែ​ធ្នូ​”។

លោក​ គឹម សុខរ័ត្ន​ ជា​ម្ចាស់​កន្លែង​ផ្ញើ​យានយន្ត​នេះ​បាន​មាន​ប្រសាសន៍​ថា លោក​​បាន​ជួល​ទីធ្លា​នៅ​លើ​​ដី​នេះ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ ហើយ​ទទួល​បាន​ការ​​ជូន​ដំណឹង​ប្រហែល​មួយ​ខែ​មុន​ថា លោក​នឹង​ត្រូវ​រើ​ចេញ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ក្រុម​ហ៊ុន​បាន​ជូន​ដំណឹង​ឲ្យ​ខ្ញុំ​រើ​ចេញ​ ហើយ​ពេល​នេះ​ខ្ញុំ​កំពុង​រង​់ចាំ​ទទួល​ព័ត៌មាន​ថ្មី​​ថា តើ​ម្ចាស់​ដី​មាន​គម្រោង​ធ្វើ​អ្វី​”។

ក្រុមហ៊ុន​សូគីម៉ិច​ គ្រុប​ មាន​អាជីវកម្ម​ជាច្រើន​​ក្នុង​ប្រទេស​កម្ពុជា​ រួម​មាន​​ស្ថានីយ​ប្រេង​សាំងជា​ច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេ​ស ​សណ្ឋាគារ​លំដាប់ខ្ពស់​មួយ​ចំនួន​ និង​រមណី​យ​ដ្ឋាន​ឋាន​សួគ៌បូកគោ​​។ ក្រុមហ៊ុន​នេះ​ទទួល​​បាន​សិទ្ធិ​ធ្វើ​ប្រតិបត្តិ​ការ​លក់​សំបុត្រ​​នៅ​ឧទ្យា​ន​បុរាណ​អង្គរ៕

ប្រែសម្រួលដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស