ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា កម្លាំងចលករនយោបាយសំខាន់ៗទាំង៦ នៅកម្ពុជា អាចធ្វើឲ្យនយោបាយនៅស្រុកខ្មែរមានការប្រែប្រួល ទាល់តែកម្លាំងលើសពីពាក់កណ្តាលក្នុងចំណោមកម្លាំងទាំង៦នោះងើបឡើងព្រមគ្នាតែម្តង។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា កម្លាំងចលករដែលនាំឲ្យមានការប្រែប្រួលសភាពការណ៍នៅកម្ពុជានោះ គឺកម្លាំងអ្នកគាំទ្រគណបក្សប្រឆាំងដែលកំពុងតែគ្រប់គ្រងយ៉ាងណែន និងគាបសង្កត់យ៉ាងខ្លាំងពីសំណាក់គណបក្សកាន់អំណាច។
លោកអះអាងថា ក្រៅពីកម្លាំងប្រឆាំង នៅមានកម្លាំងមហាជនដែលជាកម្លាំងមួយចង់ឲ្យមានការផ្លាស់ប្ដូរពិតប្រាកដ ហើយក្រុមនេះក៏រងអយុត្តិធម៌ពីការរំលោភបំពាន ការជិះជាន់ក្នុងពេលនេះដែរ លើសពីនេះនៅមានកម្លាំងយុវជនផងដែរ។
បណ្ឌិត សេង សារី បញ្ជាក់ថា កម្លាំងធំមួយទៀត គឺកម្លាំងផ្ទៃក្នុងគណបក្សកាន់អំណាចតែម្តង។ កម្លាំងនេះ ក៏ជាចលករមួយដ៏ធំធ្វើឲ្យមានការប្រែប្រួលផងដែរ។ បន្ថែមពីនេះ នៅមានកម្លាំងប្រដាប់អាវុធដែលកំពុងរងភាពអយុត្តិធម៌ដោយការប្រកាន់បក្ខពួក និងចុងក្រោយ គឺកម្លាំងអន្តរជាតិដែលកំពុងតែដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ។
ការលើកឡើងរបស់បណ្ឌិត សេង សារី បែបនេះ នៅបន្ទាប់ពីអតីតមេបក្សប្រឆាំងអំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅកម្ពុជានាពេលខាងមុខ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅកម្ពុជា នៅពេលខាងមុខ ដូចរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅប្រទេសភូមា ដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២០ ខែកក្កដា ថា មេដឹកនាំអតីតបក្សប្រឆាំងលោក សម រង្ស៊ី គ្មានលក្ខខណ្ឌអំណោយផលណាមួយអាចបង្កើតរដ្ឋាភិបាលរួបរួមជាតិដូចនៅប្រទេសភូមា នោះទេ។
លោកអះអាងថា ការប្រកាសបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់អតីតមេបក្សប្រឆាំងមានលក្ខណៈដែលមិនអាចទៅរួចធំៗ៣ រួមមាន បក្សប្រឆាំងអស់អាជ្ញាយុកាលនៃអាណត្តិរដ្ឋសភារបស់ខ្លួនតាំងពីការបោះឆ្នោតជាតិ ឆ្នាំ២០១៨ មកម្ល៉េះ នោះគឺមានន័យថា គណបក្សសង្គ្រោះជាតិ អស់ប្រសិទ្ធភាពផ្លូវច្បាប់តាំងពីជាង ៣ឆ្នាំមុនមកម្ល៉េះ។
លើសពីនេះ មេដឹកនាំបក្សប្រឆាំងរូបនេះក៏មិនបានចេញតវ៉ាការពារយុត្តិធម៌ទាំងពេលគេចាប់មេបក្សរបស់ខ្លួន គឺលោក កឹម សុខា និងពេលគេរំលាយគណបក្សសង្គ្រោះជាតិ នោះទេ ដែលបញ្ហានេះធ្វើឲ្យសកម្មជន និងអ្នកគាំទ្របក្សប្រឆាំងបាក់ទឹកចិត្ត និងបាក់ស្មារតីប្រឆាំងជាមួយរដ្ឋាភិបាលផ្ដាច់ការយ៉ាងខ្លាំង។
លោក ម៉ែន ណាត បញ្ជាក់ថា លក្ខខណ្ឌដែលមិនអាចទៅរួចមួយទៀតនោះ មាតុភូមិនិវត្តន៍ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី បានរំលោភបទដ្ឋានអន្តរជាតិរួចទៅហើយ ស្ដីពីដំណោះស្រាយដោយសន្តិវិធី និងអហិង្សា។ ដូច្នេះ នេះគឺជាលេសមួយដែលផ្តល់ឱកាសឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន មានលេសគ្រប់គ្រាន់ដើម្បីចាត់ការលើក្រុមអ្នកប្រឆាំង។
លើសពីនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អ្នកស្រី Rhona Smith ក៏ធ្លាប់បានថ្កោលទោសលោក សម រង្ស៊ី នៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ អំពីផែនការផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា នោះផងដែរ។
លោកបញ្ជាក់ថា នៅប្រទេសភូមា ភាគីអ្នកស្រី អ៊ុងសាន ស៊ូជី មានលក្ខខណ្ឌស្របច្បាប់ក្នុងការប្រកាសបង្កើតរដ្ឋាភិបាលរួបរួមជាតិ ពីព្រោះអ្នកស្រី អ៊ុងសាន ស៊ូជី ជាភាគីឈ្នះការបោះឆ្នោតជាតិដោយស្របច្បាប់ ប៉ុន្តែស្ថានភាពបក្សប្រឆាំងនៅកម្ពុជា គឺមិនដូចគ្នានោះទេ។
ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ផែនការមេបក្សប្រឆាំងហាក់មិនមានភាពច្បាស់លាស់នោះទេ ហើយផែនការកន្លងមក គឺត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន តាមបង្ក្រាបជានិច្ច។ ជាងនេះទៀត សកម្មជនដែលនាំគ្នាចូលរួមផែនការទាំងនោះ ក៏ត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ ខណៈលោក សម រង្ស៊ី មិនទាន់មានដំណោះស្រាយណាមួយដើម្បីជួយរកយុត្តិធម៌ឲ្យពួកគេនៅឡើយទេ៕